CamNews

តារា 

កញ្ញាបេនី យ៉ាំងបង្ហាញពីរូបមន្តថែទាំសក់ឱ្យរឹងមាំ និងទន់រលើបរលោង

ភ្នំពេញ ៖ ឈានដល់វ័យ ២៧ឆ្នាំ ស្រស់ស្រីញញឹមស្រស់មានមន្ដស្នេហ៍ ទម្រង់មុខស្រស់ស្អាតបែបនារីអាស៊ី សក់វែងក្រាសស្មាទន់រលើបរលោង បបូរមាត់ក្រហមព្រឿងៗ ច្រមុះស្រួចដូចកូនកាត់ ចង្កាវែងស្អាត ចញ្ចើមកោងដូចឥន្ធនូ កែវភ្នែកខ្មៅស្រិលដូចនិលច្នៃពោរពេញដោយភាពទាក់ទាញ  កញ្ញាបេនី យ៉ាំង នៅតែរក្សាភាពក្មេងវ័យ និងសម្រស់លោមពណ៌ក្នុងក្រសែភ្នែកនៃកន្លុងស្រុកខ្មែរស្ទើរតែមិនចង់ដកភ្នែកចេញ ពីរូបឆោមដ៏ស្រស់សោភាដូចកិន្នរីនៃតារាសម្ដែងបែបស៊ីវិល័យរូបនេះ។

កញ្ញា បេនី យ៉ាំង មានកំណើតនៅក្នុងគ្រួសារមួយ នៅឯរាជធានីភ្នំពេញ ដែលកញ្ញា ជាកូនស្រីច្បងក្នុងចំណោមបងប្អូនបីនាក់។ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ តារាសាច់សខ្ចីរូបនេះបានក្រសោបយកប្រជាប្រិយភាពពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករ មិនចាញ់តារាសម្ដែងដទៃទៀតនោះទេ។ ប្រជាប្រិយភាពនេះសម្រេចបានពីសមត្ថភាពសម្ដែងដ៏លេចធ្លោរបស់នាង គួបផ្សំជាមួយនឹង រូបឆោមដ៏ស្រស់ស្អាត រាងខ្ពស់ស្រឡះ និងស្រឡូនរបស់នាង។


ចំពោះការថែទាំសុខភាពសក់វិញ កញ្ញាបានប្រាប់ថា ទោះបីនាងមានភាពមមាញឹកយ៉ាងណាក៏ដោយ ប៉ុន្ដែនាងក៏មិនភ្លេចពីសុខភាពសក់របស់ខ្លួនដែរ ព្រោះសក់ជាផ្នែកមួយដ៏សំខាន់នៃរូបសម្រស់របស់បុរសស្រ្ដី។ កញ្ញាបានណែនាំនូវរូបមន្ដថែទាំសក់ឱ្យរឹងមាំ និងទន់រលើបរលោងតាមបែបធម្មជាតិ ដោយមិនប្រើវិធីផ្សេងៗ ដែលនាំឱ្យខូចសក់នោះឡើយ។

រូបមន្ដពិសេសបែបធម្មជាតិ ដែលកញ្ញាប្រើដើម្បី ថែទាំសុខភាពសក់ គឺនាងជ្រើសរើសយកទឹកឃ្មុំមកម៉ាស្សាលើសក់ ដោយនាងប្រាប់ថា ទឹកឃ្មុំនេះនាងធ្លាប់បានប្រើរួចមកហើយ ឃើញថាវាគឺជាវិធីព្យាបាលសក់បែបធម្មជាតិ ដែលមានប្រសិទ្ធភាពធ្វើឱ្យសក់ទន់រលើបរលោង និងផ្ដល់សំណើមដល់សក់។ ចំពោះវិធីធ្វើគឺយើងគ្រាន់តែដួសទឹកឃ្មុំសុទ្ធពីរស្លាបព្រាបាយ យកទៅលាយជាមួយទឹកក្ដៅឧណ្ហៗពីរពែង បន្ទាប់មកយកទឹកដែលលាយបញ្ចូលគ្នានេះចាក់ចូលទៅក្នុងដប Spray។ បន្ទាប់ពីកក់សក់រួច យកទឹកក្នុងដប Spray នោះមកបាញ់លើសក់របស់យើង។ សូមធ្វើការម៉ាស្សាថ្នមៗ ឱ្យវាជ្រាបចូលស្បែកក្បាលរបស់យើង ហើយទុកវាចោលឱ្យបាន ១៥នាទី បន្ទាប់មកលាងជម្រះដោយទឹកក្ដៅឧណ្ហៗ ដោយប្រើរូបមន្ដព្យាបាលនេះឱ្យបានម្ដងក្នុងមួយសប្ដាហ៍។ ម្យ៉ាងទៀតបងប្អូននារីអាចលាយទឹកឃ្មុំ ជាមួយនឹងថ្នាំអប់សក់ធម្មតា និងប្រើឱ្យបានម្ដង ឬពីរដងក្នុងមួយសប្ដាហ៍។


ជាចុងក្រោយកញ្ញា បេនីយ៉ាំងបានផ្ដែផ្ដាំដល់មិត្ដនារីថា សុខភាពសក់គឺជារឿងសំខាន់ ដូច្នេះមិត្ដនារីគួរមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសផលិតផលមកប្រើប្រាស់ ព្រោះផលិតផលខ្លះមានលាយសារធាតុគីមីមិនល្អ ដែលអាចធ្វើឱ្យសក់ខូច។ សូមជ្រើសរើសយកផលិតផលណា ដែលផលិតឡើងប្រកបដោយស្ដង់ដាត្រឹមត្រូវ និងប្រើរូបមន្ដធម្មជាតិ។ ម្យ៉ាងទៀតមិត្ដនារីមិនគួរគៀប អ៊ុតសក់ត្រង់ ប្ដូរពណ៌សក់ ឬប្រើឧបករណ៍ក្ដៅៗទៅលើសក់ញឹកញាប់ពេកនោះទេ ពីព្រោះវាអាចធ្វើឱ្យសក់ដាច់ បែកចុង ជ្រុះ និងស្ងួត​ ៕ 



អត្ថបទ៖ សារ៉ាត


Tags: Benny Yangm Actress