រឿងតុក្កតា Frozen នឹងត្រឡប់មកវិញជាមួយឈុតឆាកថ្មីសម្រាប់រដូវកាលវិស្សមកាលខាងមុខនេះ ប៉ុន្តែលើកនេះ វានឹងផ្តោតសំខាន់លើតួអង្គ Olaf ជាជាងតួអង្គព្រះនាង Anna និង Elsa។ រឿងតុក្កតានេះត្រូវបានគេដាក់ចំណងជើងថា «Olaf's Frozen Adventure» ដែលមានរយៈពេល 21 នាទី ដែលនឹងត្រូវចាក់បញ្ជាំងមុនពេលបញ្ជាំងរឿង Coco របស់ Disney និង Pixar។
Olaf គឺជាតួអង្គមួយដែលទទួលបានការចាប់អារម្មណ៍ច្រើន មិនថាចំពោះកូនក្មេង ឬមនុស្សពេញវ័យ ព្រោះវាមានចិត្តល្អ រួសរាយ កំប្លែង និងគួរឲ្យស្រឡាញ់។ យោងតាមឈុតឆាកខ្លីៗ យើងឃើញថា Olaf មានបំណងចង់ជួយព្រះនាង Anna និង Elsa ក្នុងការបង្កើតពិធីជប់លៀងសម្រាប់ក្រុមគ្រួសារក្នុងថ្ងៃបុណ្យណូអែល។ Olaf បានចេញដំណើរជាមួយសំលាញ់ Sven ទៅកាន់ផ្ទះអ្នកភូមិដើម្បីរៀនពីប្រពៃណីខុសៗគ្នា ដែលវាបានស្តែងឲ្យឃើញពីទំនៀមទម្លាប់ខុសៗនៃការអបអរថ្ងៃឈប់សម្រាករបស់គ្រួសារនីមួយៗ។
ទោះបីរឿង «Olaf's Frozen Adventure» ជារឿងភាគខ្លីក៏ដោយ ក៏នឹងមានចម្រៀងថ្មីគួរឲ្យទាក់ទាញផងដែរ។ ចង់ដឹងថាឈុតឆាកខ្លីៗនៃរឿង «Olaf's Frozen Adventure» ល្អមើលយ៉ាងណា ទស្សនាទាំងអស់គ្នា៕
ប្រភព៖ Refinery 29
ប្រែសម្រួល៖ High