CamNews

តារា 

ឈិន សុធារី ទម្លាយ​សារ​ខូចចិត្ត សង្ស័យ​មាន​ជម្លោះ​​ក្នុង​គ្រួសារ ក្រោយ​សម្រាល​កូន​ភ្លោះ​បាន​ជិត​២ខែ

(ភ្នំពេញ)៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ រស់នៅសាងសុភមង្គលគ្រួសារ រហូតបានចំណងដៃកូនប្រុ​ស-ស្រីភ្លោះ ចំនួនពីរនាក់ រួចមក ភរិយា-ស្វាមីរបស់អតីតពិធីការិនី អ្នកនាង ឈិន សុធារី និងលោក សុវណ្ណ មករា កន្លងមកត្រូវបានទស្សនិកជន កត់សម្គាល់ថា សម្ព័ន្ធភាពស្នេហាជាប្តី-ប្រពន្ធរបស់អ្នកទាំងពីរ តែងបង្ហាញពីភាពល្អូកល្អឺន ស្អិតរល្មួត ប្រៀបដូចសត្វស្រមោច និងស្ករ រហូតមានការលើកសរសើរ មិនដាច់មាត់ពីមជ្ឈដ្ឋានមហាជនទូទៅ។

ដោយឡែក ផ្ទុយស្រឡះពីការលើកសរសើរនេះ ស្របពេលដែលភរិយា អ្នកនាង ឈិន សុធារី ទើបសម្រាលកូន​ខ្ចី​ បា​នរយៈពេលប្រហែល​ជិត​២​ខែប៉ុណ្ណោះ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារ​ម្មណ៍ខ្លាំង លើជីវិតសុភមង្គលស្នេហារវាងប្តី-ប្រពន្ធរបស់ពួកគេ ព្រោះនៅសុខៗស្រាប់តែ អ្នក​នា​ង ឈិត សុធារី បានបង្ហា​ញពីវិបត្តិផ្លូវចិត្ត ហាក់កំពុងកើតមានបញ្ហា នៅក្នុងរង្វង់គ្រួសា​រ ដោយ​ការរស់នៅគ្មានភាពយល់ចិត្ត ចុះសម្រុងគ្នា រវាងនាងជាមួយស្វាមី លោក សុវណ្ណ មករា។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីអ្នកនាង ឈិន សុធារី ថ្មីៗនេះ បានសរ​សេរជា​សាធារណៈថា «ចង់ប្រាប់ថា ហត់ខ្លាំងណាស់ហត់ទាំងចិត្ត និង កាយស៊ូរហត់តែកាយ តែកុំឲ្យហត់ចិត្ត។ បើនៅតែបែបនេះ តទៅទៀតប្រហែលជាមិនរស់ទេសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំនឹងបានជួបអ្នកដែលយល់ចិត្តខ្ញុំពិតប្រាកដ នៅក្នុងឆាកជីវិតមួយនេះ។ ហត់ណាស់...ទៅមុខលែងរួចហើយ..!»។

ជាមួយគ្នានេះ ឈិន ចាន់សុធារី នៅលើបណ្ដាញសង្គមរបស់នាងដដែលនេះ ត្រូវបានមិត្តភក្តិតែងតែប្រទះឃើញ បង្ហាញសារខូចចិត្ត ជាបន្តបន្ទាប់ ក្នុងមានសារខ្លះបញ្ជាក់ថា «ស្នេហាធ្វើឲ្យមនុស្សទោកទាប» និងមានសារខ្លះទៀត នាងសរសេរឡើង ចង់​មានចេតនាឲ្យពេលវេលាត្រឡប់ក្រោយ ដើម្បីសាងជីវិតជាថ្មី កុំឲ្យដូចជាតិនេះជាដើម ។

ទោះបីជាមានការបង្ហោះសារ ហាក់មានវិបត្តិផ្លូវចិត្តពីសំណាក់តារាស្រី អ្នកនាងឈិនសុធារី យ៉ា​​ងនេះក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទាន់មានប្រភពណាមួយបញ្ជាក់ នៅឡើយទេថា តើ​អ្នកនាង ឈិន សុធារី មានបញ្ហាគ្រួសារអ្វីមួយ ដែលធ្វើ​ឲ្យនាង​ដោះ​ស្រាយ មិនចេញនោះទេ។ ដោយឡែកលេខទូរស័ព្ទ របស់នាង ឈិន សុធារី ក៏មិនអាចភ្ជាប់​ការ​ទាក់ទង ដើម្បីសួរនាំបន្ថែមពីរឿងនេះបានដែរ នៅរសៀលថ្ងៃទី០៥ ខែមេសា នេះ៕

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី