CamNews

តារា 

ខេមរៈ ស្រីពៅ ត្រូវ​ប្រភព​ទម្លាយ​ថា កំពុង​មាន​ជំងឺ​ប្រតិកម្ម​ស្បែក​ធ្ងន់​ធ្ងរ ដេក​ព្យា​បាល​នៅ​ឯស្រុក

(ភ្នំពេញ)៖ ប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺស្រីស្រស់ខ្មៅស្រអែម ខេមរៈ ស្រីពៅ តារាចម្រៀងចូលតាមបងប្រុស ក្នុងផលិតកម្ម សាន់ដេ ត្រូវបានប្រពភព័ត៌មាន ទម្លាយឲ្យដឹងថា នាងកំពុងតែរងនូវជំងឺ ប្រតិកម្មស្បែក​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីនាងព្យាយាមប្រើថ្នាំកែសម្ផស្សជ្រុលពេក និងកំពុងតែសំងំព្យាបាល នៅឯផ្ទះ​ស្រុកកំណើត ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្នុងរយៈកាលប៉ុន្មានខែចុងក្រោយនេះ តារាចម្រៀង ខេមរៈ ស្រីពៅ មិនត្រូវបានទស្សនិកជន ឃើញវត្តមានឡើងច្រៀងលើឆាកតន្រ្តី ដែលជាឱកាសប្រមូលប្រាក់ពីការប្រគំតន្រ្តី តាមបណ្ដាខេត្ត ដូចសព្វមួយដងទៀតឡើយ ។ សូម្បីតែក្នុងផលិតកម្ម ក៏មិនឃើញចេញបទចម្រៀងថ្មី ដូចជាតារារួមទ្រនំផ្សេងទៀតនោះដែរ ហើយទស្សនិកជន ក៏ឆ្ងល់ដែរថា ហេតុអ្វី ខេមរៈ ស្រីពៅ បាត់ដំណឹងពីសិល្បៈសូន្យឈឹងបែបនេះ ?

បើតាមប្រភពព័ត៌មាន ពីអ្នករស់នៅក្បែរផ្ទះ ខេមរៈ ស្រីពៅ បានបង្ហើបថា នាងកំពុងតែរងនូវជំងឺប្រតិកម្មស្បែក យ៉ាងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលអស់ពេលជាច្រើនខែមកហើយ ពោលសភាពជំងឺរបស់នាង ហាក់បីដូចជាពិបាកក្នុងការរកថ្នាំមកព្យាបាលណាស់ ព្រោះតែមានស្ថានភាពរលួយដោយកន្លែង និងមើលទៅប្រែរូបរាងខ្មៅគួរឲ្យព្រឺព្រួច ។

ប្រភពដដែលបានបន្តថា កាលពីចុងខែធ្នូឆ្នាំ២០១៥ ថ្មីៗនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបចំពិធីមង្គលការ ជូនប្អូនស្រីរបស់ខ្លួនម្នាក់​ ឈ្មោះ ខេមរៈ ស្រីពេជ្រ ដោយបានអញ្ជើញតារាល្បីៗ និងចាងហ្វាងផលិតកម្ម សាន់ដេ ចូលរួមអបអរសាទរ ។ ក្នុងនោះគេបានឃើញ ខេមរៈ ស្រីពៅ ដេកនៅជាប់នឹងកន្ទេលក្នុងផ្ទះ ដោយមិនបានចេញមក ទទួលស្វាគមន៍ ភ្ញៀវកិត្តិយស ដែលជាអ្នករួមអាជីព និងក្រុមការងារក្នុងផលិតកម្ម ជាមួយគ្នាឡើយ ។

អ្វីដែល ខេមរៈ ស្រីពៅ មិនបានមកទទួលរាក់ទាក់ អ្នកសិល្បៈដូចគ្នា​ ដោយសារតែសភាពជំងឺ របស់នាងកំពុងធ្វើទុក្ខខ្លាំង និងស្បែកមានសភាពប្រែប្រួល ពេលត្រូវកម្ដៅថ្ងៃ ពេលនោះគេឃើញអ្នកសិល្បៈខ្លះ បានចូលទៅសួរសុខទុក្ខនាង និងជូនពរនាងឲ្យឆាប់ជាសះស្បើយពីជំងឺទៀតផង។

ជុំវិញព័ត៌មានដ៏រសើបនេះ Khmertalking នៅមិនទាន់ទាក់ទង សមាជិកគ្រួសាររបស់នាងណាម្នាក់ ដើម្បីស្រាយបំភ្លឺបាននៅឡើយទេ នៅរសៀលថ្ងៃទី០៦ ខែមករា នេះ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: khemarak srey Pov Star news local news