CamNews

តារា 

និរត្តន៍ គ្រាប់ពេជ្រថ្មីរបស់ «ថោន» ប្រឹងប្រែងតស៊ូព្យាយាម ទម្រាំមានថ្ងៃនេះ..!

ភ្នំពេញ៖ តារាចម្រៀងថ្មីរបស់ ផលិតកម្មថោន កញ្ញា និរត្តន៍ ដែលជាដៃគូថ្មី លោក ករុណា ពេជ្រ និងជាអតីត ជ័យលាភី ក្នុងកម្មវិធី «សំនៀងអាថ៌កំបាំង» របស់វិទ្យុថោន ត្រូវបានគេដឹងថា កំពុងតែមានភាពល្បីល្បាញ ទាំងនៅក្នុង វិទ្យុនេះផ្ទាល់ និងបទចម្រៀងរបស់នាង ដោយមានអ្នកស្ដាប់សំណូមពរជាហូរហែ ។ ជាក់ស្ដែង ដូចជាបទ «ទឹកភ្នែក និស្សិត ស្នេហ៍យាយតា និងបទ ចង់ស្គាល់សង្សារបង» ដែលច្រៀងឆ្លើយឆ្លងជាមួយ លោក ករុណា ពេជ្រ ជាដើម។ កញ្ញា និរត្តន៍ គឺជាតារាចម្រៀងស្រីម្នាក់ ធ្លាប់ឆ្លងកាត់ការសាកល្បងសមត្ថភាព ជាច្រើនដំណាក់កាល ទំរាំបានក្លាយ ជាតារាចម្រៀងពេញសិទ្ធ របស់ផលិតកម្មដ៏ល្បីមួយនេះ ព្រោះកាលពីប្រឡងចម្រៀង ក្នុងវិទ្យុមានការជំរុះជាច្រើនដង រហូតទទួលបានជ័យលាភី ។
 
ជួបជាមួយ LookingTODAY កញ្ញា និរត្តន៍ បានបញ្ជាក់ពីប្រវត្តិដ៏ជូរចត់របស់នាង មុននឹងមានថ្ងៃនេះថា នាងជាកូន កំព្រា គ្មានឪពុកនឹងគេ មានតែម្ដាយជាមេគ្រួសារ ហើយជាកូនទី១ និងមានប្អូនស្រីម្នាក់ ។ ដោយសារអាណិតម្ដាយ និងជីវភាពគ្រួសារមិនសូវធូរធា ធ្វើឲ្យនាងសំរេចចិត្តឈប់រៀន ដើម្បីមករកការងារធ្វើនៅទីក្រុង ជួយរំលែកភាពលំបាក ដល់គ្រួសារ ។ ដោយសារនាងមិនទាន់គ្រប់អាយុធ្វើការ ទើបរោងចក្រមិនទទួលនាងឲ្យធ្វើការ នាងក៏ស្នាក់នៅជាមួយ មីងម្នាក់ ដែលស្រលាញ់រាប់អាន គ្រួសារនាង តែមិនបានជាប់សាច់ញាតិអ្វីឡើយ ។

កញ្ញា និរត្តន៍ ដំណាលទៀតថា នាងស្នាក់នៅក្នុងគ្រួសារនោះ មិនមែនស្នាក់នៅទទេៗឡើយ នាងត្រូវជួយប្រេងលក់ សាំង និងធ្វើកិច្ចការក្នុងផ្ទះជាដើម តែក្រោយមកនាងសន្សំ បានលុយខ្លះ ក៏បើកជាកូនតូបលក់គ្រឿងបន្លាស់ទូរស័ព្ទដៃ នៅក្បែររោងចក្រមួយ ហើយក៏សន្សំបានប្រាក់បន្តិចបន្តួច ដើម្បីផ្ញើរជីវិតលើទីក្រុងភ្នំពេញ នឹងគេនឹងឯងដែរ ។

ប៉ុន្តែ និរត្តន៍ ជាមនុស្សស្រឡាញ់សិល្បៈ ព្រោះកាលនៅតូចៗ នាងធ្លាប់ឡើងប្រឡងចម្រៀងតាមភូមិ និងតាមស្រុក នានា ហើយបានជ័យលាភីហូរហែ តែមិនមែនប្រឡងដូចសម័យបច្ចុប្បន្នទេ ។ នាងមានក្ដីស្រមៃចង់ក្លាយ ជាតារា ចម្រៀង ស្លៀកពាក់ស្អាតៗ និង ច្រៀងលើឆាកតន្ត្រី តែក្ដីស្រមៃនេះ ហាក់ឆ្ងាយពីនាងពេកពន់ ។

ដើម្បីសម្រេចក្ដីប្រាថ្នានេះ នាងបានស្វះស្វែងរកឱកាសជាច្រើនទៀត ជាក់ស្ដែងពេលនាងជិះម៉ូតូទៅផ្សារ ឃើញគេ ដាក់ពាក្យប្រឡង «សំនៀងអាថ៌កំបាំង» របស់វិទ្យុថោន នាងក៏សាកល្បងផ្ញើវាសនា តាមការដាក់ពាក្យ ។ នាងចេះតែ ជាប់ហូរហែ ខណៈបេក្ខជន-បេក្ខនារីខ្លះ ក៏បោះបង់ការប្រកួត ព្រោះយល់ថា ការប្រឡងតាមវិទ្យុមិនឡូយឆាយ ។ កញ្ញា និរត្តន៍ មិនគិតថា វិទ្យុ ឬទូរទស្សន៍ទេ ឲ្យតែមានឱកាស នាងមិនព្រលែងវាឡើយ ។
 
ក្រោយពី កញ្ញា និរត្តន៍ ជាប់ចំណាត់ថ្នាក់ នាងត្រូវធ្វើការ នៅវិទ្យុថោនជិតពីរឆ្នាំ ដោយត្រូវច្រៀងជារៀងរាល់ថ្ងៃ ក្នុង កម្មវិធី «សំនៀងខារ៉ាអូខេ» ជាមួយប្រិយមិត្តខលចូលរួម  ឬបកស្រាយចម្រៀងតាមសំណូមពរ ។ ដោយឃើញនាង ច្រៀងមានការអភិវឌ្ឍន៍ខ្លួនបានល្អ ផលិតកម្មក៏ឲ្យឱកាសសាកល្បង ក្នុងបទចម្រៀងដំបូង គឺបទ «យើងលែងជាអ្វី នឹងគ្នាទៀតហើយ» ដែលជាបទនិពន្ធថ្មី ។ ពេលនោះ ខណៈដែលសំឡេងរបស់នាង មានលក្ខណៈពីរោះ ប្លែកពីគេ នាងក៏ ទទួលបានបទចម្រៀងបន្តបន្ទាប់ រហូតចេញជាអាល់ប៊ុម ជាមួយ លោក ករុណា ពេជ្រ ។
 
ជាការពិតផលិតកម្ម ថោន មិនត្រឹមជាផលិតកម្មមួយសម្បូរធនធានថវិកានោះទេ តារាចម្រៀងក្នុងផលិតកម្មនេះ ទៀតសោត សុទ្ធសឹងជាតារាចម្រៀងសម្បូរទ្រព្យ ហូរហែ ជិះរថយន្តទំនើបៗ ។ ប្លែកតែកញ្ញា និរត្តន៍ តារាចម្រៀងថ្មី រូបនេះ កើតចេញពីត្រកូលក្រីក្រ  និងបានតស៊ូ ព្យាយាមទំរាំក្លាយ ជាតារាចម្រៀង របស់ផលិតកម្ម ថោន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Nivoth Star news local news