(ភ្នំពេញ)៖ ពិធីការិនីប្រចាំទូរទស្សន៍ អាស៊ីអាគ្នេយ៍,ប៉ុស្តិ៍លេខ៥ និងជាប្រធានក្រុមបង្ហាញម៉ូដ «ខេមបូឌា ស៊ូបភើម៉ូឌែល» នាង ដួង ហ្សូរីដា ថ្មីៗនេះ បានទទួលរង់នូវការរិះគន់ យ៉ាងចាស់ដៃថ្មីមួយទៀត ពីសំណាក់អ្នកលេង បណ្ដាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រ បន្ទាប់ពីនាងបានបញ្ចេញសារមួយ ត្រូវបានមហាជន គិតថា ជាសារចំអកឡកឡឺយ ឲ្យតារាសម្ដែង ភិន សុដាលីស ក្រោយពីនាងសំរាលកូនរួច នាល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ។
ចំពោះពាក្យសម្ដី ដែល ដួង ហ្សូរីដា បាននិយាយក្រោយពី សុភិន ដាលីស សំរាលកូនរួច ត្រូវបានគេគិតថា ហាក់ដូចជា មិនឲ្យតម្លៃលើស្រីដូចគ្នា ទាល់តែសោះ។
ដួង ហ្សូរីដា បាននិយាយថា «មានអីខាត ចំណេញបានកូនស្រីដ៏ស្អាត ហើយឃ្យូត(ស្អាត)ទៀតពី ប៉ែន ចំរ៉ុង»។ ពាក្យសម្ដីតែមួយឃ្លានេះ មានអ្នក Like ដល់ទៅជាង២ពាន់នាក់ និង Share ចំនួនជាង១០០នាក់។ អ្នករិះគន់ក្នុងបណ្ដាញសង្គមគិតថា ពាក្យសម្ដីនេះស្ដាប់ទៅ គួរឲ្យទើសត្រចៀកខ្លាំងណាស់ ព្រោះ ភិន សុដាលីស ហាក់ទទួលអំរែកមួយម្នាក់ឯង យ៉ាងលំបាកទាំងការពពោះ គ្មានប្ដីមើលថែ រហូតដល់ក្នុងបន្ទប់សម្រាល ឈានទៅរកការវះកាត់ទៀត គឺគ្មានវត្តមានប្ដីទេ នេះឬជាផលចំណេញ?
ប្រិយមិត្តជាច្រើន បានប្រតិកម្មនឹងសម្ដី ដួង ហ្សូរីដា មួយឃ្លានេះ ព្រោះនាង បានរៀនសូត្រច្រើន ចេះភាសាក៏ច្រើន តែគួររៀននិយាយឲ្យបានសមរម្យជាងនេះ។ យ៉ាងណាមិញ ដួង ហ្សូរីដា បានតបតនឹងអ្នករិះគន់វិញថា «នេះជាពាក្យតែងតែនិយាយលេង ជាមួយគាត់(ដាលីស) និងប៉ា (អ៉ិន សុភិន)គាត់ ហើយសូមជំរាបថា កុំអគតិហើយគិតតែរឿងផ្លូវអវិជ្ជមាន ច្រើនពេក។ កន្លែងណាជាពាក្យថា ចំអកនោះ? នេះជាការលើកទឹកចិត្ត ក្នុងនាមជាម្តាយដ៏ក្មេងខ្ចីមួយរូប ដែលប្រឹងរក្សាកូនមួយនេះ រហូតកើតចេញមក។
ដួង ហ្សូរីដា បន្តទៀតថា «ដាលីស ជាម្តាយដ៏ទាន់សម័យ ឆ្លាត និងពូកែ គាត់មិនដែលយកខួរក្បាលគាត់ មកគិតវិភាគដូចអ្វី ដែលមនុស្សអគតិ ចូលចិត្តបញ្ចេញទស្សនៈ ខុសប្រធានបទនោះទេ សូមជ្រាប ហើយពាក្យទាំងនេះ គឺយើងឧស្សាហ៍ នាំគ្នាចំអន់គ្នាលេងឲ្យតែជួបគ្នា!។ សូមមេត្តាស្វែងយល់ សូមមេត្តាជ្រាបផងណា!»។
កញ្ញា ដួង ហ្សូរីដា មិនអាចសុំការបំភ្លឺបន្ថែមបានទេ នៅពេលនេះ ព្រោះនាងបានឡើងយន្តហោះ ទៅកាន់ប្រទេសថៃ នាពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ បាត់ទៅហើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង