CamNews

តារា 

តារាល្បីៗសម្រុកចូលផលិតកម្ម ហង្ស មាស ស្របពេល ម៉ាណិត សម្រេចចិត្តដើរចេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី​ ០៣ ខែមីនា កន្លងទៅនេះ តារាចម្រៀងល្បីឈ្មោះ លោក ម៉ាណិត បានប្រកាសចាកចេញពីផលិតកម្ម រស្មី ហង្ស មាស ខណៈពេលដែលតារាល្បីចូលមកបម្រើការនៅក្នុងផលិតមួយនេះ ។ 

ក្នុងនោះផងដែរ ម្ចាស់បទ "Bad Person" រូបនេះបានលើកឡើងនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួនថា "ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់ខ្ញុំ នៃការបម្រើការងារនៅក្រុមហ៊ុនហង្សមាស។
ខ្ញុំបាទសូមប្រកាសជាផ្លូវការណ៍ថា ខ្ញុំបាទ ម៉ានិត នឹងមិនបន្តបម្រើការងារក្នុងក្រុមហ៊ុនហង្សមាសទៀតឡើយ បន្ទាប់ពីកិច្ចសន្យាបម្រើការងាររយៈពេលប្រាំឆ្នាំ បានចប់ជាស្ថាពរ។ ខ្ញុំពិតជាគិតដល់កន្លែងការងារ ដែលខ្ញុំធ្វើ មិត្តរួមការងារ និងពេលវេលាល្អៗកន្លងមក។ រយៈពេលប្រាំឆ្នាំកន្លងមកនេះ មានមនុស្សជាច្រើនបាននិយាយពីចំណុចអវិជ្ជមាននៃការដែលខ្ញុំចូលធ្វើជាតារាចម្រៀងនៅផលិតកម្មមួយនេះ គេនិយាយថា ធ្វើបែបនេះទើបត្រូវ ធ្វើបែបនោះខុសហើយ ខ្ញុំមិនគួរបែបនេះ ខ្ញុំមិនគួរបែបនោះ តែជាក់ស្ដែងខ្ញុំមិនដែលស្ដាយក្រោយក្នុងបម្រើការងារនៅទីនោះឡើយ។ កាលដែលខ្ញុំចុះកិច្ចសន្យាធ្វើជាតារាចម្រៀងដំបូង ខ្ញុំមានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ ខ្ញុំពិតជាត្រូវរត់ឲ្យទាន់អ្នកដទៃដែលឈានជើងដើរធម្មតា មានរឿងជាច្រើន ដែលខ្ញុំបានរៀនពីកន្លែងមួយនេះ វាធ្វើឲ្យខ្ញុំចេះគិត ចេះប្រឈមមុខ ចេះទំនាក់ទំនង រៀនស្គាល់ពីខ្លួនឯង និងចេះវិនិច្ឆ័យចំណុចតូចលម្អិតកាន់តែច្បាស់។ ខ្ញុំគ្រាន់តែចង់ឲ្យគ្រប់គ្នាបញ្ឈប់ការកាត់សេចក្ដីថា ការដែលខ្ញុំចូលហង្សមាសគឺជាកំហុស" ។ 

លោកបានបន្ថែមទៀតថា " វាមិនមែនជាកំហុសឡើយ ព្រោះវាជាការសម្រេចចិត្តរបស់ខ្ញុំ ហើយខ្ញុំក៏មិនស្ដាយក្រោយនឹងការសម្រេចចិត្តរបស់ខ្ញុំដែរ។ ការចាកចេញនេះមិនមែនជាការចុះចាញ់ ឬបរាជ័យ តែវាជាការចាកចេញដើម្បីបន្តដំណើរទៅមុខ ស្វែងរកគោលដៅ និងក្ដីស្រមៃថ្មីមួយ។ ខ្ញុំសូមអរគុណដល់លោកនាយក អ្នកគ្រប់គ្រង ក្រុមការងារនៃក្រុមហ៊ុនហង្សមាសទាំងអស់ ដែលបានសហការយ៉ាងល្អ។ ខ្ញុំសង្ឃឹមថា នឹងបានធ្វើការជាមួយអ្នកទាំងអស់គ្នាម្ដងទៀត" ៕



ដោយ ៖ គន្ធា