CamNews

តារា 

សោម ម៉ាល័ក្ខ ត្រៀមខ្លួន​ចូល​រោងការ​លើក​ទី២ ជាមួយ​អាណិកជន​ខ្មែរ រស់​នៅ​អាមេរិក

ភ្នំពេញៈ បន្ទាប់ពីអ្នកមេម៉ាយចាយសម្រស់ អ្នកនាង សោម ម៉ាល័ក្ខ បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ តាមបណ្តឹង នៅតុលាការជាមួយ កូនប្រុសរបស់អ្នកស្រី ពាន់ ភួងបុប្ផា គឺ លោក ទូច ភួងវីរៈ កាលពី ពាក់កណ្តាល ឆ្នាំ២០១៣ ហើយកាលពីអំឡុងចុង ឆ្នាំ នោះអតីតស្វាមីរបស់នាង ក៏បានរៀបការ ប្រពន្ធថ្មី ។ ដោយឡែកតារាស្រីរូបនេះ ហាក់មិនបានបង្ហាញសញ្ញាណ ស្នេហាថ្មីជាមួយបុរស ណាមួយបើកចំហរ នៅឡើយទេ ទើបតែពេលនេះនៅសុខៗ នាងស្រាប់តែ ចេញមុខអះអាងថា នាងកំពុងតែត្រៀមខ្លួន ក្លាយ ជាកូនក្រមុំនៅក្នុងពេលដ៏ខ្លី ខាងមុខនេះ ។

ជួបជាមួយ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤នេះ តារា សម្តែងស្រីរូប ស្រស់ អ្នកនាង សោម ម៉ាល័ក្ខ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នការងារ សិល្បៈ នាងបានផ្អាកមិនសូវ ទទួលថតដូចមុន ព្រោះថា ពេលនេះនាង មានការងាររវល់ ទៅលើការងាររកស៊ីក្រៅសិល្បៈ ម្យ៉ាងទៀតនាងក៏រវល់ រៀបចំពិធីមង្គលការដែរ ។

ស្រីស្អាតរាងតូចច្រឡឹង អ្នកនាង ម៉ាល័ក្ខ បានប្រាប់ឲ្យដឹងថា “ខ្ញុំនិងអនាគតស្វាមី មុននឹងសម្រេច ចិត្ត ដឹកដៃគ្នាចូលរោងការ គឺពួកខ្ញុំបានចំណាយពេល ប្រហែលជា ជិត១ ឆ្នាំ ក្នុងការស្វែងយល់ ចិត្តគ្នា ទៅវិញទៅមក ទម្រាំតែខ្ញុំសម្រេចយកគាត់ជា គូជីវិតខ្ញុំ បានមើលចិត្តគាត់ខ្ញុំគិតថា គាត់ជា មនុស្សល្អស្រលាញ់ខ្ញុំ ដោយស្មោះហើយ ខ្ញុំក៏ស្រលាញ់គាត់ដូចគ្នា ហើយខ្ញុំរំពឹងថា ការរៀបការ លើកនេះ ប្រហែលជាមិនខុស ដូចលើកមុនទេ ព្រោះថាការរៀបការលើកទី១នោះ ខ្ញុំនិងអតីតស្វាមី មើលចិត្តគ្នា រយៈពេលខ្លីពេកទើបពួកខ្ញុំ ជួបបញ្ហាបែបនេះ ” ។

តារាស្រីដែលធ្លាប់មាន ឈ្មោះបោះសំឡេងនៅក្នុងរឿង “បេះដូងអ្នកការពារ” រូបនេះបានប្រាប់ទៀត ថា នាងត្រៀមខ្លួនចូលរោងការ នៅថ្ងៃទី៩ ខែមេសា ដោយអញ្ជើញភ្ញៀវទាំងសិល្បៈ និងក្រៅ សិល្បៈ  ប្រមាណ៦០តុ រៀបចំពិសាភោជនាហារ នៅមជ្ឈមណ្ឌលមហាសន្និបាត កោះពេជ្រ អគារ L ដោយនៅក្នុងពិធីមង្គលការនោះ ប្រហែលជាមិនសូវ មានវត្តមានភ្ញៀវ ខាងប្រុសច្រើនទេ ដោយ សារតែ អនាគតស្វាមីរបស់នាង គឺជាអាណិកជនខ្មែរ រស់នៅអាម៉េរិក ។

បើទោះជាអ្នកនាង សោម ម៉ាល័ក្ខ បានរៀបការ ជាមួយស្វាមីរស់នៅក្រៅប្រទេស ក៏ដោយក៏នាង ហាក់ដូចជា មិនសូវអើពើក្នុងការចេញទៅ រស់នៅក្រៅប្រទេស ដូចតារាស្រីដទៃ ទេ ដោយនាងបាន ប្រាប់ថា ក្រោយពីរៀបការនាងគ្មាន គម្រោងចេញទៅ រស់នៅក្បែស្វាមី ភ្លាមៗទេ គឺនាងនៅបន្តរស់ នៅក្នុងស្រុក រយៈពេល២ឆ្នាំ ទើបនាងចេញទៅរស់នៅក្រៅ ប្រទេសជាមួយស្វាមី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sorm maleak Entertainment khmer super star actress សោម ម៉ាល័ក្ខ