CamNews

តារា 

គៀត សុវណ្ណាឡាង ប៉ះជាមួយ ណាំ ប៊ុណ្ណារ័ត្ន ជាលើកដំបូង ពេលបង្ហាញសញ្ញា ចូលពិភពសម្ដែងវិញ

ភ្នំពេញ៖ ស្រីស្រស់ចង្កេះអង្ក្រង រាងរាវតូចស្ដើង មានសម្រស់ផូរផង់ កញ្ញា គៀត សុវណ្ណាឡាង បន្ទាប់ពីខំប្រឹងប្រែង សាងប្រជាប្រិយភាព ក្នុងពិភពចម្រៀង អស់រយៈពេល ជាច្រើនឆ្នាំ ប៉ុន្តែមិនបាន ទទួលផ្លែផ្កាអ្វីសោះនោះមក ថ្មីៗនេះ នាងបានបង្ហាញ សញ្ញាច្បាស់ថា វិលចូលក្នុងពិភពសម្ដែងវិញ ខណៈការងារច្រៀង អាចត្រូវរយាលជាងមុន។

គ្រាន់តែនាង ដេកគិតមួយស្របក់ ហើយសម្រេចចិត្ត ចូលសម្ដែងរឿងវិញភ្លាម គៀត សុវណ្ណាឡាង ត្រូវបានផលិតកម្ម ក្នុងស្រុក នានាទាក់ទងនាងជាប់រដឹក ដើម្បីសម្ដែងក្នុងរឿងថ្មី ។ ជាក់ស្ដែង កាលពីថ្ងៃទី២១ ខែកញ្ញា នេះ នាងឆក់ បានឱកាសសម្ដែងជាតួឯក ក្នុងរឿងថ្មី របស់ផលិតកម្ម Z-Entertianment មានចំណងជើងថា«អមតៈ» ដែលតម្រូវ ឲ្យចាប់ដៃគូ ដំបូងជាមួយ តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន ។

អ្វីដែលជារឿងប្លែកថ្មី សម្រាប់តារាចម្រៀង គៀត សុវណ្ណាឡាង វិលមកអុកឡុក ពិភពសម្ដែងវិញនេះ គឺនាងហាក់មាន ភាពស្រស់ស្រាយ សប្បាយចិត្តជាមុន ព្រោះបានឱកាសចាប់ដៃគ្នា ជាលើកទី១ ជាមួយកំលោះសង្ហា ណាំ ប៊ុណ្ណារ័ត្ន ដែលទើបតែហក់ចូល ក្នុងពិភពសម្ដែងក្ដៅៗថ្មីៗដូចគ្នា។ គៀត សុវណ្ណាឡាង ទទួលស្គាល់ថា ក្នុងពេលអំឡុង នាងចាប់អាជីព ជាតារាចម្រៀង គឺកេរ្តិ៍ឈ្មោះរបស់នាង មិនងើបស្ទុះឡើង ដូចសម្ដែងនោះទេ ពោលមានតែស្ងាត់ឈឹង ធ្វើអ្នកគាំទ្រ និងអ្នកធ្លាប់ស្គាល់នាងខ្លះ ស្ទើរតែភ្លេចមុខនាង បាត់ទៅហើយ ។

គៀត សុវណ្ណាឡាង និយាយថា« ចា៎..បង.! មានអ្នកស្គាល់ខ្លះ គាត់សួរខ្ញុំថា បាត់ទៅណាយូរម្ល៉េះ អត់ឃើញសម្ដែង ? ពួកគាត់ចង់ឃើញខ្ញុំសម្ដែងឡើងវិញ ទើបខ្ញុំសម្រេចចិត្តថា នឹងឈានជើងចូលមក ក្នុងការងារសម្ដែងវិញ ហើយខ្ញុំ គិតថា អត់ពិបាកទេ ព្រោះខ្ញុំធ្លាប់ឆ្លងកាត់ហើយ កន្លងមក..» ។

ងាកមកតារាចម្រៀង ប្រចាំក្នុងផលិតកម្ម M លោក ណាំ ប៊ុណ្ណារ័ត្ន វិញ ក៏បានអះអាងថា ដូចគ្នាថា ទោះបីជាលោក មិនធ្លាប់សម្ដែងរឿង ហើយនេះជាលើកទី១ក្ដី ក៏លោកចាត់ទុកថា គ្មានឧបសគ្គអ្វីធំដុំ ដែលលោកធ្វើមិនបាននោះ ឡើយ ព្រោះការងារសិល្បៈ លោកធ្លាប់ឆ្លងកាត់ច្រើន ដូច្នេះបទពិសោធ ក្នុងការងារសិល្បៈរបស់លោក គឺមាន គ្រប់គ្រាន់។

ណាំ ប៊ុណ្ណារ័ត្ន និយាយថា« ខ្ញុំគិតថា ការងារសម្ដែង ដូចជាអត់ពិបាកទេ សម្រាប់ខ្ញុំ ព្រោះខ្ញុំធ្លាប់ឆ្លងកាត់ ច្រើនមក ហើយ ទោះការសម្ដែងរបស់ខ្ញុំ មិនមែនជារឿងក្ដី ។ ខ្ញុំធ្លាប់ដឹកនាំគេសម្ដែង តែពេលមកសម្ដែងរឿងខ្លួនឯង ខ្ញុំនឹង សម្របតាមហ្នឹង.! ខ្ញុំយល់ថា អត់មានអ្វីជាឧបសគ្គទេ...!»។

ទោះបីជាយ៉ាងណា ការវិលត្រឡប់មកកាន់ សង្វៀនសម្ដែងវិញ ពីសំណាក់ កញ្ញា គៀត សុវណ្ណាឡាង នៅពេលនេះ ត្រូវបានទស្សនិកជនរំពឹងថា នឹងអាចកសាងប្រជាប្រិយភាព ឲ្យងើបឡើងវិញ តាមអ្វីដែលនាងកំពុងតែទន្ទឹងចង់បាន ។ តាមប្រភពព័ត៌មានទម្លាយមក ឲ្យដឹងថា ពេលដែលនាង ចប់កិច្ចសន្យា ជាមួយផលិតកម្ម ភ្លេងរីខដ ក្នុងពេល ខាងមុខនេះ នាងអាចនឹងពិចារណា ចំពោះកិច្ចសន្យាថ្មី ថាត្រូវបន្ត ឬត្រូវបញ្ចប់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Nam bunnaroth Star news Local news