CamNews

តារា 

ខ្មោច​​ចិត្ត​​ណាស់! តារាកំប្លែង នាយ​ចេក ប្រពន្ធ​ធ្លាក់​ខ្លួន​ឈឺ​​​ធ្ងន់ គ្មានលទ្ធភាព​​បញ្ជូន​ មក​...

(ភ្នំពេញ)៖ តារាកំប្លែងនាយ ចេក ពេលនេះបានកំពុងតែជួបរឿង មិនសប្បាយចិត្ត ខណៈដែលភរិយារបស់គាត់ ត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យមួយកន្លែងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ មិនតែប៉ុណ្ណោះ អ្វីកាន់តែខ្លោចចិត្ត អាណិតគាត់ជាងនេះទៅទៀតនោះ គឺតាចេក ពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបញ្ជូនប្រពន្ធ មកធ្វើការព្យាបាលបន្តនៅភ្នំពេញ តាមការណែនាំរបស់ក្រុមគ្រូពេទ្យឡើយ។

ផ្អែកតាមការជូនដំណឹង របស់ Page សិល្បករកម្ពុជា លោក អ៉ឹម ជីវ៉ា បានបញ្ជាក់ថា ប្រពន្ធតារាកំប្លែងនាយ ចេក បច្ចុប្បន្នកំពុងសង្រោ្គះបន្ទាន់ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ដោយសារជំងឺ បេះដូងរីក លើសឈាម និងឈឺក្រពះតែគ្មានលុយ មកព្យាបាលនៅក្រុងភ្នំពេញ។ នាយ ចេក ដែលមានជីវភាពក្រីក្រលំបាក ពេលនេះប្រពន្ធរបស់គាត់ត្រូវសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្រុងតាខ្មៅ ហើយគ្រូពេទ្យបានប្រាប់ថា ជំងឺប្រពន្ធនាយ ចេក ធ្ងន់ធ្ងរ និងបានណែនាំឲ្យបន្តយកមកព្យាបាល នៅទីក្រុងភ្នំពេញ តែដោយគ្មានលុយទើបគាត់សុំគ្រូពេទ្យ ព្យាបាលត្រឹមនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅសិនបានហើយ។

នាយ ចេក បាននិយាយត្អួញត្អែរថា «ទោះបីជាលំបាកយ៉ាងណា ក៏មិនដូចថ្ងៃនេះដែរ លេងភ្លេងបាន៥០ដុល្លារ មកដល់ផ្ទះយក​ប្រពន្ធមកពេទ្យ ជ័យជំនះ ហើយក្រុមគ្រូពេទ្យប្រាប់ថា ត្រូវវះកាត់ មិនទាន់បានរួចរាល់ គេប្រាប់ថា ម្ដាយខ្សោយកម្លាំងខ្លាំង ហើយយកមកពេទ្យ​ខេត្តទៀត មកដល់សង្គ្រោះបន្ទាន់ គេប្រាប់ថា គាត់បេះដូងរីកលើសឈាម និងឈឺក្រពះត្រូវបញ្ជូនមកភ្នំពេញទៀត!»

នៅលើ Page សិល្បករកម្ពុជា របស់តារាសម្តែង លោក អ៉ឹម ជីវ៉ា បានបន្ថែមទៀតថា «ដោយសារគ្មានលទ្ធភាពគ្រប់គ្រាន់នាយ ចេក ក៏សុំពេទ្យនៅត្រឹមពេទ្យខេត្ត ក្រែងប្រពន្ធខ្លួនបានធូរយកទៅផ្ទះវិញសិន ចាំគិតបន្តទៀត ហើយក៏មិនដឹងគិតយ៉ាងណាដែរ បើគ្មានអីទីពីងសោះ មានតែដោះស្រាយរបស់របរអីមួយសិន (លក់របស់របរ) ចុះឲ្យតែបានរស់ជួបជុំគ្នា ក៏ខ្ញុំសប្បយចិត្តដែរ!»

យ៉ាងណាមិញ ប្រសិនបើមានសប្បុរសជនណា ចង់ជួយចែករំលែកទុក្ខលំបាក ជាមួយក្រុមគ្រួសារ តារាកំប្លែង នាយចេក ដែលកំពុងជួបទុក្ខធំ ប្រពន្ធ​ឈឺធ្ងន់ នៅពេលនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ របស់នាយចេក​ផ្ទាល់ គឺលេខ ០១២ ៧០៤ ៣៧២ ឬអញ្ជើញទៅផ្ទាល់ក៏បាន ​នៅក្នុងមន្ទីរពេទ្យ ជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Neay jek