CamNews

តារា 

គ្រោះថ្នាក់,​ ប៉ុបពី​ បើករថយន្ត​បោះពួយបុករបាំង​ថ្មចែក​ទ្រូងផ្លូវ​ មួយទំហឹង ខ្ទាតជាច្រើនម៉ែត្រ

(ភ្នំពេញ)៖ តារាសម្តែងភេទទី៣ នាង ប៉ុបពី បានបើករថយន្ដទាំងស្រវឹងក្នុងល្បឿនលឿន ហើយក៏ជ្រុលទៅបុករបាំងថ្មីពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់អស់មួយចំនួន ខណៈរថយន្ដដាច់កង់ខាងមុខ ទៅមុខលែងរួច។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៣៖២០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៥ កែងនឹងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្ដដែល ប៉ុបពី ជិះម៉ាក Camry បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-5841 ដែលបើកបរដោយនាង ប៉ុបពី ផ្ទាល់ហើយស្ថិតក្នុងស្ថានភាពស្រវឹងស្រា។

អ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្ដបង្កបើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មចំនួនមួយកង់ខ្ទាតចេញពីគ្នាជិត២០ម៉ែត្រចំណែករថយន្ដដាច់កង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច ក្នុងហេតុនេះដែរគឺមិនបណ្ដាលឲ្យមានអ្នករបួសនោះទេ។

ក្រោយពីបង្កហេតុតារាសំដែង ប៉ុប ពី បានចុះពីរថយន្ដ បានត្រឹមឈរសើច និងចុចទូរស័ព្ទប៉ុណ្ណោះ ដោយមិនបាននិយាយអ្វីទាំងអស់ បន្ទាប់មកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅ ដល់កន្លែងកើតហេតុ និងបានសហការណ៍ ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែង ស្ទួចយករថយន្ដបង្ក ព្រមទាំងនាំអ្នកបើករថយន្ដ ទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង