CamNews

ក្រសួង​មហា​ផ្ទៃ​ស្នើ​ឲ្យ​តៃ​វ៉ាន់ ​ស្ទាក់​ចាប់​ក្រុម​ជនល្មើស​ នាំគ្រឿងញៀនឆ្លងកាត់ពីកម្ពុជា

បន្ទាប់​ពីបាន​ដឹង​ប្រភព​សារព័ត៌​មាន​បាន​ចុះ​ផ្សាយ​ថា មាន​គ្រឿង​ញៀន​ប្រមាណ​៨០​គីឡូ​ក្រាម
បាន​នាំ​ចេញ​ពី​កម្ពុជា តាម​ផ្លូវ​ទឹក​នាំ​ចូល​ទៅ​កោះ​តៃវ៉ាន់ កាល​ពីពេល​ថ្មីៗ ក្រសួង​មហា​ផ្ទៃ​នៃ
​ព្រះ​រាជាណា​ចក្រ​កម្ពុជា បាន​ស្នើ​ឲ្យ​កំលាំង​នគរបាល​នៅ​កោះ​តៃ​វ៉ាន់ ជួយ​សហការ​តាម​ស្ទាក់​
ចាប់​ក្រុម​ជនល្មើស​ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​នីតិ​ វិធី​ច្បាប់​។

គួរ​បញ្ជាក់​ថា តាម​ប្រភព​ពី​សមត្ថកិច្ច​កោះ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីនេះ​ថា គ្រឿង​ញៀន​
៨០​គ.ក ដែល​បាន​នាំចូល​ទៅ​តៃ​វ៉ាន់ ត្រូវ​បាន​នគរបាល​តៃ​វ៉ាន់​សន្និដ្ឋាន​មាន​តំលៃ​ប្រមាណ​៨០​
លាន​ដុល្លា​អាមេរិច ហើយ​វាជា​ប្រភេទ ហេ​រូអ៊ីន​។

គេហទំព័ររបស់នគរបាលជាតិ បានអោយដឹងថា ពាក់​ព័ន្ធ​បញ្ហា​គ្រឿង​ញៀន​នេះ ឯក​ឧត្តម ស
ខេង ឧបនាយ​ក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី ក្រសួង​មហា​ផ្ទៃ បាន​ថ្លែងនៅ​ក្នុង​ឱកាស​បិទ​វគ្គ​បណ្តុះ​បណ្តល​
បឋម​ប៉ុស្តិ​នគរបាល​មូល​ ដ្ឋាន នៅចុង​ខែ​សីហា​នេះ នៅ​បណ្ឌិតសភា​នគរបាល​កម្ពុជា​ថា មក​
ដល់​ពេល​នេះ កម្ពុជា​នៅ​មិន​ទាន់​ច្បាស់​ថា គ្រឿង​ញៀន​ទាំង​នោះ វា​បាននាំ​ចេញ​ទៅ ដោយ​
មធ្យោ​បាយ​ណា​នោះ ប៉ុន្តែ​បើតាម​ការ​សន្និដ្ឋាន ភាគ​ច្រើ​ននៃ​គ្រឿង​ញៀន​នេះ គឺ​ពួកជន​ល្មើស​
បាន​លួច​ចំលង​ផ្ទេរ​គ្នា​នៅ​ក្នុង​ព្រំដែន​ទឹក ដើម្បី​នាំ​ចេញ​យក​ទៅកោះ​តៃ​វ៉ាន់ ។

ឯក​ឧត្តម ស ខេង បាន​បញ្ជាក់​​ថា កម្ពុជា មិន​មែន​ជា​កន្លែង​ផលិត​គ្រឿង​ញៀន ក៏ប៉ុន្តែ​ករណី
គ្រឿង​ញៀន​នេះ កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​រង​គ្រោះ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ pg


Tags: Cambodia Taiwan drug smugglers