អង់គ្លេស៖ តារាបាល់ទាត់ប្រចាំក្លឹប Real Madrid លោក Cristiano Ronaldo កំពុងស្វែងរកនារីម្នាក់មកធ្វើ ជាម្តាយកូនប្រុសរបស់ខ្លួនក្រោយពេលលោកបានសម្រេចចិត្ត បញ្ចប់មនោសញ្ចេតនា ជាមួយបវរកញ្ញាជនជាតិរុស្សីនាង Irina Shayk ដោយសារនាងបាន បដិសេធមិនចូលរួមក្នុង កម្មវិធីជប់លៀងខួបកំណើត ជូនម្តាយរបស់លោក គឺអ្នកស្រី Dolores ។
កំពូលតារាបាល់ទាត់វ័យ២៩ឆ្នាំរូបនេះ បានចំណាយពេលចូលរួមក្នុង ថ្ងៃបុណ្យចូលឆ្នាំសកលតែម្នាក់ឯងជាមួយ នឹងកូនប្រុសដោយសារតែនាង Irina Shayk បានសម្រេចចិត្តមិនចូលរួមក្នុងកម្មវិធី ជប់លៀងថ្ងៃខួបកំណើត ជូនម្តាយគម្រប់៦០ឆ្នាំ ។នេះបើតាមការបញ្ជាក់របស់លោក រ៉ូណាល់ដូ បា្រប់អ្នកសារព័ត៌មាន The Mirror នៅក្នុងថ្ងៃនេះ ។
បើយោងតាមសេចក្តីរាយការណ៍មួយនៅក្នុងប្រទេសព័រទុយហ្គាល់ បានលើកឡើងថា ចំណងមិត្តភាពរបស់នាង Irina ជាមួយនឹងម្តាយរបស់លោក រ៉ូណាល់ដូ គឺអ្នកស្រី Dolores Aveiro, ប្អូនស្រី Elma និង Katia គឺស្ថិតនៅក្នុងស្ថានភាពតានតឹង ។
ចំណែកឯនាង Irina Shayk វ័យ២៩ឆ្នាំដូចគ្នាបានធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់យ៉ាងខ្លាំង ក្រោយពេលនាងឈប់ Following តារារបស់ក្លឹប Real Madrid រូបនេះនៅលើគេហទំព័រ Twitter ។ នាងក៏បានជ្រើសរើស យកការមិនចូលរួម នៅក្នុងកម្មវិធីចែករង្វាន់បាល់មាស់ FIFA Ballon d’Or ប្រចាំឆ្នាំ២០១៤ផងដែរនៅក្នុងទីក្រុង Zurich ប្រទេសស្វីស កាលពីថ្ងៃច័ន្ទដើមសប្តាហ៍ នៅពេលលោក រ៉ូណាល់ដូ ត្រូវបានគេជ្រើសរើសផ្តល់ងារ ជាកីឡាករលេងល្អបំផុតរបស់ពិភពលោក ។
សូមជម្រាបថាលោក Cristiano Ronaldo និងនាង Irina Shayk ស្រឡាញ់គ្នាអស់រយៈពេល៥ឆ្នាំមកហើយ និងបង្កើតបានកូនប្រុសមួយ អាយុ៤ឆ្នាំឈ្មោះ Cristiano Jr ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល