CamNews

ព័ត៌មានអន្តរជាតិ 

បារ៉ាក់ អូបាម៉ា ទាត់​ចោល​សំណើ​កូរ៉េ​ខាង​ជើង ដែល​យក​ការ​ធ្វើ​តេស្ត​នុយ​ក្លេ​អ៊ែ​រ​ជា​ថ្នូរ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានធ្វើការច្រានចោលភ្លាមៗនូវ ការចរចារបស់កូរ៉េខាងជើង ដែលចង់ឲ្យអាមេរិកឈប់ធ្វើសមយុទ្ធ យោធាប្រចាំឆ្នាំ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង ជាថ្នូរនឹងការបញ្ឈប់ ធ្វើតេស្តអាវុធនុយក្លេអ៊ែរ ពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។


លោក អូបាម៉ា បានថ្លែងចំពោះមុខអ្នកសារព័ត៌មាននានា នៅរដ្ឋធានីវ៉ាស៊ីនតោនដូច្នេះថា «អាមេរិកមិនដែលគិតថា សំណើរបស់កូរ៉េខាងជើងនេះ ជារឿងដែលលំបាកនោះទេ ប៉ុន្តែយើងចង់ឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ចាត់វិធានការអ្វីឲ្យប្រសើរខ្លាំងជាងនេះ»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Su-yong បានផ្តល់នូវកិច្ចសម្ភាសន៍ដ៏កម្រ បំផុតមួយដល់អ្នកសារព័ត៌មាន ស្តីអំពីសមយុទ្ធយោធាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងអាមេរិក ដោយថាជា ការដុតភាពតានតឹងឲ្យកាន់តែកញ្ជ្រោលឡើង នៅឧបទ្វីបកូរ៉េ។ ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពី កូរ៉េខាងជើងខ្លួនឯង បានធ្វើតេស្តក្បាលគ្រាប់មីស៊ីល បាញ់ចេញពីនាវាមុជទឹក ដែលនាំឲ្យអន្តរជាតិថ្កោលទោសប្រទេសនេះ ក្នុងកម្រិតធ្ងន់ធ្ងរបន្ថែមទៀត៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង




Tags: Obama US Japan Tokyo Hiroshima