CamNews

ទូរស័ព្ទ 

iPhone 8 នឹងមានសំបកប្រភេទថ្មី ធ្វើពីដែកថែបភ្លឺរលោង និងអាចមានម៉ូដែលអេក្រង់ ៥,៨អ៊ីន

របាយការណ៍ពី KGI បានឲ្យដឹងថា Apple នឹងធ្វើការផ្លាស់ប្តូរសារធាតុថ្មី សម្រាប់ស៊ុមសំបក និង​អេក្រង់​របស់គំរូស្មាតហ្វូន ដែលនឹងបង្ហាញខ្លួន​ នៅឆ្នាំ២០១៧។ ស្មាតហ្វូនអាចត្រូវបានគេហៅឈ្មោះថា​ iPhone 8 ជំនួសឲ្យ iPhone 7s ដូចទម្លាប់របស់ Apple ។

ក្រុមហ៊ុន KGI Securities ទើបតែបានប្រកាសនូវរបាយការណ៍របស់ អ្នកជំនាញវិភាគជនជាតិតៃវ៉ាន់ម្នាក់​គឺលោក​ Ming-Chi Kuo ស្តីពី iPhone ជំនាន់បន្ទាប់របស់ Apple។ ប្រភពព័ត៌មាននេះបានឲ្យដឹងថា មាន​ការ​កុម្មង់​ទិញ iPhone 7 និង iPhone 7 Plus ដល់ទៅ ៣៥% ទូួ​ទាំងពិភពលោក ដែលជាម៉ូដែលពណ៌ Jet Black។ ក្នុងនោះមានប្រហែល ៤៥% - ៥០% ការកុម្មង់ទិញពីទីផ្សារប្រទេសចិន ដែលធ្វើឲ្យគំរូ iPhone សំបកពណ៌ខ្មៅរលោង ចាប់ផ្តើមខ្វះទំនិញផ្គត់ផ្គង់។

iPhone 7/7 Plus ពណ៌ Jet Black កំពុងទទួលបានការគាំទ្រចូលចិត្តច្រើន ពីសំណាក់អ្នកប្រើប្រាស់

ពីចំនួនតួរលេខខាងលើ លោក Ming-Chi Kuo កំណត់បញ្ជាក់ថា គំរូស្មាតហ្វូនសំបកពណ៌ខ្មៅរលោង​ ប្លែកភ្នែករបស់ Apple កំពុងតែត្រូវបានអ្នកប្រើប្រាស់ស្រឡាញ់ចូលចិត្តខ្លាំង។ ជាក់ស្តែង iPhone 7/7 Plus ពណ៌​ Jet Black ជាមួយនឹងសំបកស្រោបសារធាតុអាលុយមីញ៉ូម ងាយនឹងឆ្កូតស្នាម។

ទន្ទឹមនឹងនោះ បច្ចេកទេសផលិតសំបកពណ៌ សម្រាប់ម៉ូដែល Jet Black រាងស្មុគស្មាញ ហើយបណ្តា​ដៃគូរផ្គត់ផ្គង់ នៅមិនទាន់ផ្គត់ផ្គង់បានតាមតម្រូវការ ក្នុងការផលិតឲ្យបានគ្រប់ចំនួនដែល Apple ចង់បាន​នៅឡើយទេ។​

ដូច្នេះ Apple អាចនឹងប្រើប្រាស់ការរចនាម៉ូត ដែលមានផ្ទៃតួស្មាតហ្វូនទាំងខាងមុខខាងក្រោយ ដូចទៅ​នឹង iPhone 4/4S សម្រាប់ស្មាតហ្វូនស៊េរីបន្ទាប់។ ជំនួសឲ្យផ្ទៃអេក្រង់ជាកញ្ចក់ សារធាតុដែលត្រូវបាន​ជ្រើសរើសធ្វើជាសំបក iPhone ថ្មី អាចជាដែកថែបអ៊ីណុក។ ដែកថែបរឹងមាំជាង អាលុយមីញ៉ូម និង កញ្ចក់ ហើយងាយស្រួលធ្វើឲ្យភ្លឺរលោង។

Concept iPhone 8 ជាមួយនឹងអេក្រង់កោងគែមសងខាង (រូបភាព៖ Veinamin Geskin)

ក្រៅពីនេះ របាយការណ៍ពី KGI នៅថែមទាំងបញ្ចេញឲ្យដឹងនូវ ការប៉ាន់ស្មានថ្មីមួយស្តីពីអេក្រង់របស់​ iPhone 8។ ដំបូងគេ Apple នឹងធ្វើការបោះបង់ចោលនូវប្រភេទអេក្រង់កោង 2,5D ហើយជំនួសដោយ​សារ​ធាតុដែលត្រូវបានហៅជាបណ្តោះអាសន្នថា “កញ្ចក់ 3D”។ អេក្រង់នេះត្រូវបានធ្វើឲ្យប្រសើរឡើង ជាមួយនឹងភាពរឹងមាំខ្លាំងជាង ផលិតផលប្រើប្រាស់បច្ចេកវិទ្យាបច្ចុប្បន្ននេះ។ 

ទន្ទឹមនឹងនោះ លទ្ធភាពច្រើនដែល Apple អាចនឹងបន្តពង្រីកទំហំអេក្រង់ស្មាតហ្វូនរបស់ខ្លួន ឡើងដល់​ទំហំ ៥,៨ អ៊ីន៕

- បន្ទាប់ពី Galaxy Note 7 ឥឡូវដល់វេន iPhone 7 ផ្ទុះម្តង
- CEO Apple លោក Tim Cook បាននិយាយអ្វីខ្លះ ស្តីពីការដែល BlackBerry រត់ចោលសរមភូមិ ទូរស័ព្ទ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ KGI Securities, Zing


Tags: iPhone 8 Apple Smartphone Headphone port Hightech