CamNews

ព័ត៌មានអន្តរជាតិ 

Facebook Error បញ្ជាក់ថា ម្ចាស់ Accounts ច្រើនរូបស្លាប់ ក្នុងនោះ ថៅកែ Facebook ក៏ស្លាប់ដែរ

(អាមេរិក)៖ បញ្ហាបច្ចេកទេសដ៏ធ្ងន់ធ្ងរមួយដែលទើបតែបានកើតឡើងនៅថ្ងៃសៅរ៍នេះ បានបណ្តាលឲ្យបណ្តាញទំនាក់ទំនងសង្គមដ៏ធំ Facebook ជាងគេបំផុតនៅលើពិភពលោក បង្ហាញនៅលើគណនីរបស់អ្នកប្រើប្រាស់មួយចំនួនថា​ «បានទទួលមរណភាពបាត់ទៅហើយ»ដោយក្នុងចំណោម នោះក៏រួមមានគណនីរបស់បិតាស្ថានិករបស់បណ្តាញសង្គមនេះផងដែរគឺ មហាសេដ្ឋីវ័យក្មេងលោក Mark Zackerberge ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។




អ្នកនាំពាក្យ Facebook បានចេញមុខ សូមអភ័យទោសពីសំណាក់អ្នកប្រើប្រាស់ដែលមានចំនួនក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ជិត២ពាន់លាននាក់នោះថា «នេះគឺបញ្ហា Error ដ៏អាក្រក់បំផុត ប៉ុន្តែយើងបានកែតម្រូវវារួចរាល់ហើយ ហើយពួកយើងសូមទោសជាខ្លាំងចំពោះបញ្ហាបែបនេះបានកើតឡើង»។ នៅក្រោយពេលកើតមានបញ្ហា Error នេះ អ្នកប្រើប្រាស់ជាច្រើនបានបង្ហោះ Status ដើម្បីផ្តល់ជាដំណឹងទៅកាន់មិត្តភក្តិក៏ដូចជាក្រុមគ្រួសាររបស់ពួកគេថា ខ្លួនមិនទាន់បាត់បង់ជីវិតដូចតាមតែ Facebook បានបង្ហាញនោះឡើយ។

គួរបញ្ជាក់ថា បដាដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដើម្បីបង្ហាញពីការចងចាំនៅក្នុងគណនីរបស់អ្នកប្រើប្រាស់ ដែលបានទទួលមរណភាពទៅនោះ នៅសុខៗស្រាប់តែបានបង្ហាញខ្លួននៅក្នុងគណនីរបស់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ជាច្រើន ដោយរួមបញ្ចូលទាំង នាយកប្រតិបត្តិរបស់វាគឺលោក Mark Zuckerberg ថែមទៀតផង៕


ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Facebook Int news Unt news