CamNews

តារា 

សុគន្ធ ថារ៉ាយុ ចេញបទ «Original Song» មួយ​អាល់ប៊ុមម្នាក់​ឯង ស្នើ​ដល់​អ្នក​គាំ​ទ្រ ជួយ​លើក​ស្ទួយ

(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្ម «ថោន» លោក សុគន្ធ ថារ៉ាយុ ត្រៀមចេញអាល់ប៊ុម ស្នាដៃកូនខ្មែ​រសុទ្ធមួយវ៉ុល (Solo Album) នៅពេលឆាប់ៗ​ខាងមុខនេះ ដែល​ជាការបើកទំព័រ ក្នុងការគាំទ្រស្នាដៃនិពន្ធបទចម្រៀង ប្រចាំផលិតកម្ម ថោន ប៉ុន្តែ​លោកក៏បានស្នើ​​ទៅដល់អ្នកគាំទ្រទាំងអស់ សូមជួយជាវ Dis Original ដូចគ្នា ដើម្បីបង្ហាញពីការគាំទ្រពិតប្រាកដ​។

ក្រោយពីបានបង្ហាញនូវឃ្លីបវិឌីអូខ្លីៗ បទចម្រៀងក្នុងអាល់ប៊ុមទោល​ របស់ លោក សុគន្ធ ថេរ៉ាយុ មានការគាំទ្រយ៉ាងច្រើន ពីសំណាក់មិត្តយុវវ័យ ពិសេសអ្នកគាំទ្រលោកផ្ទាល់តែម្ដងនេះ បើតាមការបញ្ជាក់ឲ្យដឹងពីតារាចម្រៀង វ័យក្មេងលោក សុគន្ធ ថារ៉ាយុ ប្រចាំផលិតកម្មថោន។ តារាវ័យក្មេងរូបនេះ បានឲ្យដឹងបន្តថា ការច្រៀងបទចម្រៀង ស្នាដៃនិពន្ធមិនចម្លងនេះ ពិតជាធ្វើឲ្យអារម្មណ៍របស់លោកល្អជាមុនច្រើន តាមពិតទៅនេះ មិនមែនជាលើកទីមួយនោះទេដែលលោកចៀងបទចម្រៀងមិនចំលង ប៉ុន្តែនេះជាលើកទី១សម្រាប់ក្នុងការចេញអាល់ប៊ុម​ទោល ស្នាដៃខ្មែរសុទ្ធមិនចម្លង ហើយជាការបើកបង្ហាញថា ទៅកាន់អ្នកគាំទ្រ និងអ្នករិះគន់ ផលិតកម្ម ថោន កន្លងមក ថាក្រុមការងារបានយកចិត្តទុកដាក់ ជាខ្លះចំពោះអារម្មណ៍របស់អ្នកគាំទ្រ​ជានិច្ច។

ជាមួយនឹងការខិតខំនឹងព្យាយាម បំពេញបំណងអ្នកគាំទ្រ លោក សុគន្ធ ថេរ៉ាយុ ក៏បានស្នើរទៅកាន់អ្នកគាំទ្រទាំងអស់ដែល ឲ្យជួយជាវនូវផលិតផលសុទ្ធ គឺ Dis Original និងការកាត់បន្ថយការទិញ Dis Copy។

លោកបន្តថា បាននិយាយថា«បាទត្រឹមត្រូវហើយ ខាងផលិតកម្មគឺព្យាយាមផលិតបទ Original song តាមទស្សនិកជន ដូចនេះ ទស្សនិកជន សូមជួយគាំទ្រនូវ Dis Original ដូចគ្នា ដើម្បីយើងជួយគ្នាទៅវិញទៅមក ព្រោះថា បើទស្សនិកជននៅតែបន្តទិញ Dis Copy នោះធ្វើឲ្យអ្នកក្រុមហ៊ុន ពិសេសអ្នកនិពន្ធ បាត់ទឹកចិត្តមិនបាន​បន្តការងារនេះ ទៅមុខទៀតបានល្អ នោះទេ»។

ប្រធានគ្រប់គ្រងទូទៅ ផលិតកម្មទីក្រុងភាពយន្តថោន លោក អ៊ា វឌ្ឍនា បានមានប្រសាសន៍ឲ្យដឹងថា ចំពោះអាល់ប៊ុមបទចម្រៀង Original song របស់លោក សុគន្ធ ថារ៉ាយុ នៅពេលនេះ ជាការបង្ហាញពីការនិពន្ធ​បទចម្រៀងមិនចម្លង ក្នុងការបើកទំព័រនូវការត្រៀមផលិត​ បទចម្រៀង Original song ឲ្យបានច្រើន ដើម្បីបំពេញតំរូវការរបស់ទស្សនិកជន លោបន្តថា តាមពិតទៅនេះមិនមែន​ជាការច្រៀង និងនិពន្ធបទចម្រៀងមិនចម្លង លើកដំបូងរបស់ផលិតកម្មទីក្រុងភាពយន្ត​នោះទេ ប៉ុន្តែកន្លងមកដោយសារតែ ខ្វះការផ្សព្វផ្សាយ ទើបអ្នកគាំទ្រគិតថា បទចម្រៀងទាំងអស់ សុទ្ធតែចម្លង។

លោកបញ្ជាក់ថា «ផលិតកម្មថោន បានផលិតបទ Original song ជាច្រើន ដែលអ្នកស្ដាប់ និងអ្នកគាំទ្រគាត់មិនដឹងថាបទនេះ ជាបទនិពន្ធខ្លួនឯង ឬចំលង ប៉ន្តែដោយសារតែមួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរគាត់ហាក់ចាប់អារម្មណ៍ និងបទចម្រៀងមិនចម្លងគេ ទើបកាលពីពេលថ្មីៗនេះ យើងបានបង្ហាញស្នាដៃបទចម្រៀង របស់ផលិតកម្មជាច្រើនបទ ដែលផ្សព្វផ្សាយនាពេលកន្លងទៅ ផលិតកម្មថោន បាននិពន្ធបទចម្រៀងស្នាដៃកូនខ្មែរ បានជាច្រើនរយបទផងដែរ»។

ដោយសារតែភាពមិនច្បាស់​របស់អ្នកគាំទ្រ ទើបផលិតកម្មថោន សម្រេចចេញបទចម្រៀងស្នាដៃ​និពន្ធខ្មែរមិនចម្លង របស់លោក សុគន្ធ ថារ៉ាយុ ជាការបង្ហាញប្រាប់​ទៅគាំទ្រ នេះបើតាមការបញ្ជាក់បន្ថែម​​របស់លោក អ៊ា វឌ្ឍនា។

ប្រធានគ្រប់គ្រងទូទៅ ផលិតកម្ម​ថោន ក៏បានអំពាវនាវទៅកាន់អ្នកគាំទ្រ នាពេលកន្លងមក និងបន្តគាំទ្របន្ថែមទៀត នូវបទចម្រៀងជាផលិផល​របស់ផលិកម្មថោន ក្នុងនោះលោក​ក៏បានសំណូមពរទៅកាន់ អ្នករិះគន់សូមធ្វើការរិះគន់ក្នុងន័យស្ថាបនា កុំរិះគន់ដោយប្រើពាក្យមិនគួរគប្បី ព្រោះការរិះគន់ក្នុងន័យស្ថាបនា ក្រុមការងារ និងព្យាយាមកែសម្រួល បំពេញបន្ថែមនូវចំនុចខ្វះខាត តែបើរិះគន់ក្នុងលក្ខណៈ​អសីលធម៌ អាចធ្វើឲ្យទាំងអ្នកនិពន្ធ អ្នកចម្រៀង និងអ្នកពាក់ព័ន្ធទាំងអស់ បាក់ទឹកចិត្តក្នុងអភិវឌ្ឍន៍ វិស័យសិល្បៈចម្រៀងមួយនេះ៕

~


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Sokun thearayuth