CamNews

តារា 

ហេង ស្រីពេជ្រ ទទួលបានតំណែងជា «លោកជំទាវ»

ភ្នំពេញ៖ តារាសម្ដែង ហេង ស្រីពេជ្រ ដែលទស្សនិកជន តែងតែហៅ នាងថា ជាជំទាវៗ ខណៈមានរឿងជាច្រើន ដែលនាងសម្ដែង គឺទទួលបានតំណែង ជាជំទាវ ទោះបីរឿងនោះ ជាប្រភេទរឿងសម័យ ឬបុរាណក្ដី ត្រូវបានប្រភព ក្រៅផ្លូវការមួយ បង្ហើបថា ឥឡូវនេះ នាងបានតំណែងជាជំទាវ ពិតប្រាកដហើយ។

តារាសម្ដែង ហេង ស្រីពេជ្រ ត្រូវបានទស្សនិកជនមើលឃើញថា ឈានចូលមកដល់ដើម ឆ្នាំ២០១៥ នេះ ការងារសិល្បៈរបស់នាង មានស្ថានភាពកាក់កប គួរឲ្យកត់សម្គាល់ ដោយត្រូវបានផលិតកម្មតូចធំ និងស្ថានីយទូរទស្សន៍ ហៅសម្ដែងរឿងជាហូរហែ ពោលស្ទើរតែរកពេលសម្រាកគ្មាន ។ ជាពិសេស ទោះបីឈានចូលមកដល់រដូវវស្សា ដែលជារដូវធ្លាក់ភ្លៀង មានតារាខ្លះដេកស្ងាបនៅផ្ទះ ក៏ ហេង ស្រីពេជ្រ នៅតែមានការងារសម្ដែងស្អេកស្កះ ចេញថតរាល់ថ្ងៃដដែល។

តារាសម្ដែងស័ក្តិសម នឹងតួម្ដាយ ហេង ស្រីពេជ្រ ទទួលស្គាល់ថា ការងារសិល្បៈរបស់នាង នៅតែមានលំនឹង មានគេទំនាក់ទំនងថត ជាប់រដឹក ទាំងរឿងភាគ រឿងដុំ និងរឿងបញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ ។ ជាក់ស្ដែងក្នុងដំណាក់កាលតែមួយ ក្នុងខែនេះ ហេង ស្រីពេជ្រ កំពុងតែលេចវត្តមាន ក្នុងរឿងពីរព្រមគ្នា សុទ្ធតែជារឿងកំពុងពេញនិយម ទទួលបានការគាំទ្រច្រើន មានដូចជារឿង «កំឡោះក្ដាមប្រៃ ក្រមុំស្ពៃជ្រក់» បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ ETV និងរឿង«កំពូលអ្នកលេង» បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ ខ្មែរប៉ុស្ដិ៍លេខ៩ ។

លើសពីនេះ ហេង ស្រីពេជ្រ ក៏កំពុងតែសម្ដែង ក្នុងរឿងថ្មី ដែលត្រៀមបញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ MyTV មានចំណងជើងថា«ចិត្តស្អប់បង្កប់ស្នេហ៍» ដើរតួជាម្ដាយតួឯកស្រី ដែលជារឿងភាគ បង្កប់ដោយមនោសញ្ចេតនា ស្នេហាកាច់កុងគ្នា ។ ហេង ស្រីពេជ្រ និយាយថា « ចាស.! បង ខ្ញុំមានការរវល់ច្រើន សម្ដែងជាប់រហូតហ្នឹង..ថ្ងៃណាក៏ដូចថ្ងៃណាដែរ មានទាំងចេញតាមខេត្តទៀតផង.។ ខ្ញុំមិនប្រកាន់ទេបង..! គេឲ្យសម្ដែងតួអ្វីក៏បាន ព្រោះខ្ញុំចូលចិត្តវិស័យនេះ សំខាន់ឲ្យតែទស្សនិកជនគាំទ្រ គឺខ្ញុំសប្បាយចិត្តណាស់ ទៅហើយ..!»។

ពេលមានសំណួរថា ទស្សនិកជនភាគច្រើន ទាំងអ្នករស់នៅក្នុងសិល្បៈ និងក្រៅសិល្បៈ តែងតែហៅ ហេង ស្រីពេជ្រ ថា លោកជំទាវៗ ហើយថ្មីៗនេះមានព័ត៌មានថា នាងក្លាយជាជំទាវជាផ្លូវការ តើជាការពិត ឬជាជំទាវក្នុងន័យអ្វីមួយផ្សេង? ហេង ស្រីពេជ្រ បានតបវិញក្នុងសំណើចកក្អឹកថា« អត់ទេបង..!(សើច) គ្មានជំទាវចំតិតអីទេ..គេហៅខ្ញុំអ៊ីចឹង ដោយសារក្នុងរឿង ដែលខ្ញុំសម្ដែង គឺមួយណា ក៏គេឲ្យខ្ញុំសម្ដែងជាជំទាវដែរ..! គឺស្ទើរតែគ្រប់រឿង ម្ល៉ោះហើយពេលគេឃើញខ្ញុំខាងក្រៅ គេតែងហៅជំទាវៗ តាមពិតខ្ញុំគ្មានក្លាយជាជំទាវឯណាបង..! អត់មានទេ កុំឲ្យខូចដល់លោកជំទាវគេពិតប្រាកដ ខ្ញុំគ្រាន់តែជំទាវ ក្នុងរឿងទេ..!»។

ហេង ស្រីពេជ្រ បានលើកហេតុផលបញ្ជាក់ថា រឿងដែលនាងសម្ដែង ហើយបានតំណែងជាជំទាវ មានច្រើនដូចជា រឿង«កំឡោះក្ដាមប្រៃ ក្រមុំស្ពៃជ្រក់» កំពុងដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ ETV គឺសម្ដែងជាតួជំទាវ ជាអ្នកមាន ប៉ុន្តែមានកូនប្រុសប្រព្រឹត្តិទង្វើមិនល្អ ធ្វើឲ្យជំទាវម្នាក់នេះ ត្រូវទទួលកំហុស ជំនួសកូនគ្រប់បែបយ៉ាង។ ក្នុងរឿង«កំពូលអ្នកលេង» ដែលកំពុងបញ្ចាំងក្នុងស្ថានីយទូរទស្សន៍ ខ្មែរប៉ុស្ដិ៍លេច៩ ក៏នាងបានតំណែង ជាជំទាវដែរ និងមានហាងគុយទាវផ្ទាល់ខ្លួនទៀតផង។ ដោយឡែក ក្នុងរឿងថ្មី ដែលកំពុងតែថត ត្រៀមបញ្ចាំងក្នុងស្ថានីយទូរទស្សន៍ MyTV មា

នចំណងជើងថា«ចិត្តស្អប់បង្កប់ស្នេហ៍» ក៏ ហេង ស្រីពេជ្រ បានតំណែងជា ជំទាវដែរ ពោលនាងសម្ដែង ជាតួម្ដាយតួឯងស្រី ជាជំទាវមានលុយចាយពេញៗដៃ ប៉ុន្តែបើនៅក្រៅសាច់រឿងវិញ ហេង ស្រីពេជ្រ មិនមែនជា «លោកជំទាវ» នោះទេ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh