CamNews

តារា 

ឌួង ហ្សូរីម៉ា កំ​ពុង​តែ​កាក់​ក​ប នឹង​មុខ​របរ​លក់​កាហ្វេ តាម​ចិញ្ចើម​ផ្លូវ

(ភ្នំពេញ)៖ បច្ចុប្បន្នអ្នកសិល្បៈម្នាក់ៗ បានក្លាយជាមនុស្ស​ ដែលមានជំនាញច្រើន ។ តារាសិល្បៈម្នាក់សុទ្ធសុទ្ធ តែអាចធ្វើជាតារាសម្ដែង ពិធីករ និងអាចច្រៀងបានផង ទោះមិនសូវពីរោះ ព្រោះសម័យនេះតារាៗ សុទ្ធតែប្រឹងប្រែង រកលុយគ្រប់គ្នា ទោះពេលខ្លះខុសពីជំនាញខ្លួនឯងក្ដី ។ ជាក់ស្ដែងតារាសម្ដែង ឌួង ហ្សូរីម៉ា ដែលត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់ នាង ឌួង ហ្សូរីដា ក្រៅពីមានអាជីព ជាតារាសម្ដែង និងជាពិធីការិនី បច្ចុប្បន្ននាងកំពុងតែកាក់កប នឹងមុខរបរថ្មីមួយទៀត គឺលក់កាហ្វេ តាមចិញ្ចើមផ្លូវ ហើយឃើញថា មានអតិថិជន ចូលទិញជាហូរហែ ធ្វើឲ្យនាងសើមមាត់មិនស្ទើរនោះទេ។

ជាការពិត តារាសម្ដែងជាច្រើនដួង បាននាំគ្នា​បន្ថែមអាជីព ច្រៀងតាមរោងការព្រោងព្រាត ព្រោះតម្លៃខ្ពស់ និងចំណាយពេលតិច ហើយសប្បាយទៀត ពិសេសពួកគេចំណេញអាហារ ពេលល្ងាចមួយពេលទៀត ។ ក្រៅពីធ្វើការខុសជំនាញ អ្នកសិល្បៈជាច្រើននាំគ្នា សង្វាតរកស៊ីសម្បើបណាស់ អ្នកសិល្បៈណា ក៏មានមុខរបរក្រៅសិល្បៈដែរ ព្រោះកេរ្តិ៍ឈ្មោះពួកគេ ធ្វើឲ្យគេមានប្រៀប ជាងមនុស្សធម្មតា ។

ជាក់ស្ដែងស្រីស្រស់មានវង់ភ័ក្ត្រ មូលក្រឡង់ កញ្ញា ឌួង ហ្សូរីម៉ា ប្អូនស្រី ពិធីការីនីដ៏ល្បីល្បាញ ឌួង ហ្សូរីដា ក៏បានបើកជាក៏កូនតូបកាហ្វេ នៅមុខហាង ដាម៉ាណា ដែលជាហាងរបស់ប​ង​ស្រីនាងផ្ទាល់តែម្ដង ដែលមានឈ្មោះថា «និត កាហ្វេ» ហើយកំពុងតែទទួលបាន ការចាប់អារម្មណ៍ពីសំណាក់ មិត្តអ្នកសិល្បៈយ៉ាងច្រើន ក្នុងនោះរួមមានអ្នកនាង ចន ច័ន្ទលក្ខិណា និង លោក ចន ចាន់តារា ពិសេសមេក្រុមចម្រៀងរបស់នាង គឺលោក ករុណា ពេជ្រ ក៏មកជួយទិញនាងដែរ។ ​

​ក្រៅពីការងារលក់កាហ្វេ នៅតាមចិញ្ចើមផ្លូវ និងកំពុងតែទទួលបានការគាំទ្រ ពីមិត្តភក្តិនៅពេលនេះ កញ្ញា ឌួង ហ្សូរីម៉ា ត្រូវបានគេស្គាល់ច្បាស់ថា នាងក៏ជាពិធីការីនីមួយរូប​ និងអាច​ចេះច្រៀង​ យ៉ាងពីរោះ មិនចាញ់អ្នកសិល្បៈ រៀមច្បងប៉ុន្មានឡើយ ។ ​ឆ្លៀតពីការសម្ដែង និងធ្វើជាពិធិការិនី ឌួង ហ្សូរីម៉ា ចេញច្រៀងតាមកម្មវិធីមង្គលការ ព្រោះ​មាន​សំឡេងអាចច្រៀងបាន ទោះបីមិនសូវពីរោះ ដូចតារាចម្រៀងអាជីពក៏ដោយ តែអាចទទួលយកបាន។

អ្នកសិល្បៈទាំងអស់ បាននាំគ្នាសរសើរស្រីតូចជំទើររូបនេះ ថា ក្មេងហើយឆ្លាត ពូកែរកស៊ី អាចនឹងមានអនាគតល្អ ព្រោះអ្នកសិល្បៈខ្លះ សប្បាយរកលុយ តែក៏សប្បាយចាយ​មិនចេះសន្សំសំចៃដែរ ពេលអស់ល្បីលុយក៏គ្មាន ហើយក៏តែលតោល ។ បើប្រិយមិត្តចង់សាកកាហ្វេ ឌួង ហ្សូរីម៉ា អាចរកទិញបាន នៅផ្លូវទេពផន ជិតស្តុបទេពផន ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Doung zorima