(ភ្នំពេញ)៖ ពិធីការិនីចាស់វស្សារបស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍ MyTV និងមានឈ្មោះជាស្រ្តីមេម៉ាយ អ្នកនាង ខៀវ សានសាណា បន្ទាប់ពីភ្ជាប់ទំនាក់ទំនងស្នេហា អស់រយៈជាង២ឆ្នាំ ជាមួយគូស្នេហ៍ទី២ ជាដែលត្រូវបានគេស្គាល់គ្រប់គ្នា ថាបុរសម្នាក់នោះ ជាអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Herbalife Cambodia គឺលោក Seraj Sutto ពេលនេះពួកគេ បានសម្រេចចិត្តរៀបចំ អាពាហ៍ពិពាហ៍ជាផ្លូវការហើយ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះ។
អាពាហ៍ពិពាហ៍ជាលើកទី២ របស់ពិធីការិនីស្រីសម្បូរវោហាស័ព្ទ អ្នកនាង ខៀវ សានសាណា ត្រូវបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយ៥ Le Royal ដែលត្រូវប្រភពបង្ហើបថាចំណាយលុយក្នុងការរៀបចំពិធីនេះអស់ខ្ទង់រាប់សែនដុល្លារឯណ្ណោះខណៈក៏មានការអញ្ជើញភ្ញៀវចូលរួមប្រមាណ២០ឬ៣០តុផងដែរ។
ទន្ទឹមគ្នា នៃការរៀបចំពិធីមង្គលការរបស់អ្នកនាង ខៀវ សានសាណា ជាមួយគូស្នេហ៍ថៅកែហាងនេះ ក៏មានភាពភ្ញាក់ផ្អើលមួយទៀត កើតឡើងផងដែរ ស្របពេលដែលវត្តមាន នៃក្រុ មកូនកំដររបស់នាង៣នាក់ សុទ្ធសឹងតែតារាល្បីៗដូចជា កញ្ញា ឌុច លីដា ,កញ្ញា នី មុន្នីនាថ និងកញ្ញា រីយ៉ា រួមនឹងវត្តមានភ្ញៀវកិត្តិយស ជាតារាជាច្រើនដួងទៀត។
កម្មវិធីមង្គលការ ខៀវ សានសាណា ដែលបានធ្វើឡើងយ៉ាងអធិកអធ័ម នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ឡឺរ៉ូយ៉ាល់ ត្រូវបានគេសង្កេតឃើញថា បានចូលរួមផ្ដល់កិត្តិយស ពីសំណាក់តារាល្បីៗ ជាច្រើនដួងក្នុងនោះ មានលោកស្រី ស្រីតូច ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង កំពូលអ្នកជំនួញ និងជាមហាសេដ្ឋីស្រុកខ្មែរ និងមន្រ្តីរាជការជាច្រើននាក់ទៀត។
សូមបញ្ជាក់ថា ពិធីការិនី ខៀវ សានសាណា ធ្លាប់បានរៀបការជាមួយនឹងបុរសជាតិកាណាដា បម្រើការជាមន្ត្រីអង្គការណាតូ ឈ្មោះ លោក ដូឡាល់ដ៍ បូវសឺរ (Donald Bowser) តាមបែបសាសនាគ្រិស្ត កាលពីឆ្នាំ២០០៩។ ចំណងអាពាហ៍ពិពាហ៍ស្រីខ្មែរបុរសកាណាដា រំលងប្រពៃណីខ្មែរនោះ បានផ្តល់កំណើតកូនប្រុសស្រី២នាក់ កូនទី១ ប្រុសឈ្មោះ សេមមី បូវសឺរ (Sammy Bowser ) អាយុបីឆ្នាំកន្លះ កូនទី២ស្រី ឈ្មោះ ដូនណា បូវសឺរ (Donna Bowser) អាយុ២ឆ្នាំ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង