CamNews

តារា 

តារាចម្រៀង សរ ស៊ុនណារី មានវាសនា បានជាន់ទឹកដី អូស្រ្តាលីលើកដំបូង

ភ្នំពេញៈ តារាចម្រៀងពន្លកថ្មី ដែលទើបតែរះ និងជ្រកនៅក្រោម ដំបូលផលិតកម្ម Big Man កញ្ញា សរ ស៊ុនណារី ហៅ ការ៉ា បានបង្ហើបឲ្យដឹងថា ដំណើរដែលនាងចេញទៅសម្តែង នៅក្រៅប្រទេស គឺជាលើកដំបូងហើយ សម្រាប់ឆាកជីវិតរបស់នាង ក្នុងអំឡុងពេល ដែលនាងប្រឡូកសិល្បៈ រយៈពេលប្រមាណជា៤ឆ្នាំនេះ។

តារាចម្រៀងច្រមុះស្រួច កញ្ញា សរ ស៊ុនណារី បានថ្លែងប្រាប់ឲ្យដឹង នៅមុនពេលឡើងយន្តហោះ បោះពួយចេញទៅសម្តែង នៅអូស្ត្រាលី នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញថា នេះជាលើកទីមួយហើយ ដែលនាងមានភ័ព្វសំណាង បានចេញទៅសម្តែង នៅក្រៅប្រទេស ដោយកន្លងមកនាងមិនធ្លាប់និងស្រមៃថាការចេញទៅសម្តែង នៅក្រៅប្រទេសឡើយ។

តារាចម្រៀងដែលទើបតែរះ នៅផលិតកម្ម Big Man ប្រមាណជិត១ឆ្នាំរូបនេះ បានប្រាប់ឲ្យដឹងថា “ ខ្ញុំរំពឹងថាការចេញទៅសម្តែង នៅលើទឹកដីអូស្ត្រាលីនេះ គឺខ្ញុំជឿជាក់ថា អាចទទួលបាន ជោគជ័យព្រោះថាសមត្ថភាពដែលខ្ញុំ មាននឹងត្រូវបញ្ចេញឲ្យអស់ ធ្វើយ៉ាងណាឲ្យបងប្អូនខ្មែរ រស់នៅទីនោះបានសប្បាយរីករាយ …..”។

ម្ចាស់បទ “កុំបន្ទោសថា អូនស្រលាញ់បង” បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ទោះជានាងជាតារាថ្មីក៏ដោយ តែសម្រាប់ការចេញ ទៅសម្តែងនៅក្រៅប្រទេសលើកនេះ នាងមិនមានការព្រួយបារម្ភថាប៉ះពាល់ជាមួយ ប្រជាប្រិយភាពនាងឡើយ ហើយម្យ៉ាងវិញទៀត ក្រោយពីនាងត្រឡប់មកវិញ នាងក៏មានត្រៀម ចេញបទចម្រៀងបន្តបន្ទាប់ នៅលើទីផ្សារដូចដើម មិនឲ្យទស្សនិកជន និងមិត្តៗយុវវ័យខកចិត្តឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh