CamNews

តារា 

តារាថៃ នាង Kwan អរស្ទើរហោះ ពេលជួប អ្នកគាំទ្រ នៅកម្ពុជា លើកដំបូង

ភ្នំពេញៈ តារាសម្តែង និងជាតារាម៉ូដែល ជនជាតិថៃ មានឈ្មោះល្បី កញ្ញា Usamanee Vaithayanon (យូសាម៉ានី វ៉ៃថាយ៉ាកន) ហៅក្រៅថា kwan បន្ទាប់ពីនាង បានមកដល់ ប្រទេសកម្ពុជាភ្លាម នាងបានបង្ហាញពី អារម្មណ៍ផ្ទាល់ខ្លួនថា នាងពិតជាមានអារម្មណ៍ សប្បាយរីករាយ និងរំភើបចិត្ត ខ្លាំងណាស់ ដែលបានមកស្គាល់ ទឹកដីកម្ពុជា និងបានជួបអ្នកគាំទ្រ ជាលើកដំបូង ។

កញ្ញា Kwan គឺជាតារាមួយដួង ដែលទស្សនិកជនភាគច្រើន បានស្គាល់នាង តាមរយៈការសម្តែងរឿងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ ។ គ្រាន់តែចុះពីលើយន្តហោះ ជាន់ទឹកដីកម្ពុជាភ្លាម តារាស្រីរូបនេះ បានប្រញាប់ប្រញាល់ យកអំណោយទៅចែក ជូនកុមារកំព្រា នៅមណ្ឌល “កុមារកំព្រាសំរោង” ភ្លែតតែម្ដង ដោយអំណោយដែលនាង យកទៅចែកជូនកុមារ កំព្រានោះ មានសម្ភារៈសិក្សា រួមជាមួយថវិកាមួយចំនួនផងដែរ ។ នៅពេលរាត្រីតារាស្រី រូបនេះ ក៏បានបង្ហាញវត្តមាន ចូលរួមអបអរ ខួបគម្រប់១ឆ្នាំ របស់ក្លឹប RCA ដោយក្លឹបកម្សាន្តមួយនេះ បានរៀបចំកម្មវិធីសប្បាយ និងខនសឺតមួយសម្រាប់នាង ឡើងសម្តែង ជូនដល់អ្នកគាំទ្រ។

តារាស្រីថៃ រូបស្រស់ កញ្ញា Kwan បានប្រាប់ឲ្យដឹង ពីអារម្មណ៍ផ្ទាល់ខ្លួន ថា “ខ្ញុំពិតជាសប្បាយ ចិត្តខ្លាំងណាស់ ដែលបានមកដល់ប្រទេសកម្ពុជា ។ នេះជាលើកទី១ហើយ ដែលខ្ញុំមកទីនេះ ហើយបានចូលរួម កម្មវិធីសប្បាយៗ ជួបអ្នកគាំទ្រជាច្រើន ក្នុងក្លឹប RCA ខ្ញុំមិននឹកស្មានទេថា ខ្ញុំអាចបានជួបទស្សនិកជនច្រើន នៅទីនេះទេ .." ។

តារាថៃ មានសម្រស់ស្រស់ស្អាត ដូចកូនកាត់បារាំងរូបនេះ បានប្រាប់ឲ្យដឹង ពីចំណាប់អារម្មណ៍នាងទៀតថា នាងមកកម្ពុជានេះ គឺជាការ រៀបចំផ្ទាល់ របស់ថៅកែក្លឹប RCA ហើយនាង រំភើបចិត្តណាស់ ពេលបានសួរសុខទុក្ខ ដល់កុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រា ។ "អ្វីដែលធ្វើឲ្យ ខ្ញុំមិននឹកស្មាន ដល់នោះ គឺនៅពេលរាត្រីមាន ភ្ញៀវជាច្រើន រង់ចាំការសម្តែង និងច្រៀងរបស់ខ្ញុំ នៅក្នុងបរិវេណក្លឹប RCA ដូច្នេះហើយខ្ញុំក៏ឆ្លៀត ក្នុងឱកាសនេះអរគុណ ដល់ថៅកែក្លឹប RCA ដែលបានរៀបចំ ខួបគម្រប់១ឆ្នាំ នៃការកកើត កន្លែងកម្សាន្តនេះ ហើយអញ្ជើញខ្ញុំ ឲ្យមកជួប ទស្សនិកជនកម្ពុជា ជាលើកទី១ ។ លើសពីនេះ ខ្ញុំបានជួបផ្ទាល់ តារាសម្តែងកម្ពុជា មួយចំនួនដែលមាន សម្រស់ស្អាតៗ ខ្លាំងណាស់" ។ នេះបើតាម នាង Kwan បានបញ្ជាក់បន្ថែម ។

នៅក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានបង្ហើបឲ្យដឹង ពីអារម្មណ៍ផ្ទាល់ខ្លួនថា នាងចង់ស្ទង់មើលដែរថា អ្នកគាំទ្រនិងស្គាល់ នាងមានកម្រិតណា តែដល់ពេលជាក់ស្តែង គឺមានទស្សនិកជន ជាពិសេសយុវវ័យ គឺបានចូលរួមលើកទឹកចិត្ត និងស្គាល់នាងច្រើនហើយ នាងរំពឹងថា ឱកាសក្រោយ នាងអាចនឹង ត្រឡប់មកកម្ពុជាជាថ្មីម្តងទៀត នៅក្នុងពេលណាមួយ ជាក់ជាមិនខាន ។

បន្ទាប់ពីការសម្តែង របស់តារាស្រីនាង Kwan នៅពេលក្រោយ បន្ទាប់ពីកម្មវិធីនេះ ក្លឹប RCA ក៏មានត្រៀមរៀបចំ កម្មវិធីពិសេសៗ ដោយអញ្ជើញ តារាប្រុសស្រីល្បី ឈ្មោះ ដូចជា តារាកូរ៉េ ហ្វីលីពីន និងតារាមួយចំនួនទៀត មកសម្តែង នៅក្នុងក្លឹបកម្សាន្ត ដ៏ពេញនិយមមួយនេះ ជាបន្តបន្ទាប់ទៀត ដើម្បីបំពេញបំណង ទស្សនិកជន និងមិត្តៗយុវវ័យ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh