CamNews

តន្រ្តី 

ផលិតកម្ម Diamond Music ដាក់លក្ខខណ្ឌ តឹងរ៉ឹងលើ​ តារាចម្រៀង ចំពោះបណ្ដាញ ព័ត៌មាន

ភ្នំពេញ៖ ផលិតកម្ម Diamond Music ក្រោយពីបានដំណើរការ ផលិត និងចេញលក់អាល់ប៊ុម បទចម្រៀង របស់ខ្លួន លើទីផ្សាបានប៉ុន្មានឆ្នាំ មកនេះ ត្រូវបានគេមើលឃើញថា ក្នុងអំឡុងរយៈពេលជាងមួយឆ្នាំ ចុងក្រោយនេះហាក់មានភាពរីកម្រើន និង មានការគាំទ្រគួរសម ។ ខណៈដែលបច្ចុប្បន្ន ផលិតកម្មមួយនេះ ត្រូវបានជ្រើសរើស បញ្ចូលតារាចម្រៀង ប្រុស-ស្រី ល្បីឈ្មោះមួយចំនួន ចូលក្នុងដំបូលខ្លួន ដូចជាអតីតតារាម្រៀង ធ្លាប់មានឈ្មោះល្បី នៅសាន់ដេ លោក ជុំ លីណូ ជាដើម ។

ទន្ទឹមនឹងការជ្រើសតារាចម្រៀងស្រី-ប្រុស ឱ្យចូលជ្រកក្រោម ដំបួលផលិតកម្ម របស់ខ្លួន ដើម្បីវាយបំបែកដណ្តើម យកចំណែកទីផ្សារ គាំទ្រពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុងនិងក្រៅស្រុកនេះ ផលិតកម្ម Diamond Music ស្រាប់តែដាក់លក្ខខណ្ឌថ្មី គឺការរឹតបន្តឹងតារាចម្រៀង ក្នុងផលិតកម្មខ្លួន មិនឱ្យមានទំនាក់ទំនង ឬផ្តល់សម្ភាសន៍ណាមួយ ជាមួយអ្នកសារព័ត៌មានឡើយ។

ប្រភពបានបង្ហើបប្រាប់ថា បច្ចុប្បន្នអ្នកគ្រប់គ្រង នៅក្នុងផលិតកម្ម Diamond Music បានដាក់លក្ខខណ្ឌតឹងរ៉ឹង ដល់តារាចម្រៀង មុននឹងផ្តល់សម្ភាសន៍ ឱ្យអ្នកកាសែត ត្រូវសុំការអនុញ្ញាតពីខាង ផលិតកម្មជាមុនសិន ។ បើអ្នកសារព័ត៌មាន ចង់ជួបសម្ភាសន៍ តារាចម្រៀងណាមួយ នៅក្នុងផលិតកម្ម មួយនេះ គឺ ត្រូវទូរស័ព្ទទៅខាងផលិតកម្ម ឬអាចសួរព័ត៌មាន ពីអ្នកគ្រប់គ្រង ផលិត កម្មនេះ ដោយផ្ទាល់ជុំវិញរឿងរ៉ាវ តារាចម្រៀងរបស់ខ្លួន មិនថាការងារសិល្បៈ ឬ ជីវិតឯជនផ្ទាល់ខ្លួននោះទេ។

ចំពោះការកម្រិតដាក់លក្ខខណ្ឌ ពីសំណាក់ផលិតកម្ម Diamond Musicបែបនេះ ក៏មានមតិខ្លះ បានរិះគន់ថា ហាក់កំពុងតែបិទសិទ្ធិ សេរីភាព ក្នុងការបញ្ចេញមតិ និង ផ្តាច់ទំនាក់ទំនង រវាងតារាចម្រៀង ជាមួយបណ្ដាញព័ត៌មាន ដែលពូកគេគិតថា រវាងអ្នកកាសែត និងតារាម្រៀង-សម្តែង គឺមិនអាចខ្វះអ្នកណាម្នាក់ បាននោះឡើយ ។

យ៉ាងណាមិញ បើតាមការកត់សម្គាល់ ក្នុងអំឡុងពេលចុងក្រោយនេះ តារាចម្រៀងស្រី-ប្រុសមួយចំ នួននៅក្នុងដំបូលផលិតកម្ម Diamond Music ហាក់មានភាពខុសប្លែក ដូចអ្វីដែលប្រភពខាងលើ បានលើកឡើង ព្រោះរាល់ពេលដែលអ្នកសារព័ត៌ មានទាក់ទង ដើម្បីសុំការសាកសួរព័ត៌មាន ណាមួយ ពីតារាចម្រៀងក្នុងផលិតកម្មនេះ ពួកគេតែងបដិសេធន៍ មិនឆ្លើយ និងបានបង្វែ ជម្រុញឱ្យទាក់ទង ទៅខាងអ្នកគ្រប់គ្រង ក្នុងផលិតកម្មវិញ មិនថា សំណួរនោះ ពាក់ព័ន្ធរឿងផ្ទាល់ខ្លួន ឬការងារសិល្បៈនោះទេ គឺខាងផលិតជាអ្នកផ្តល់ប្រាប់ពីចម្លើយ ទាំងអស់។

ជុំវិញការលើកឡើង ខាងលើនេះ លោក មុំ មុន្នីរិទ្ធិ អ្នកគ្រប់គ្រងតួ នៅផលិតកម្ម Diamond Music និង ជាអ្នកនិពន្ធទំនុកចម្រៀង បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទនៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤នេះ ថា ការដែល Diamond ធ្វើបែបនេះ ក៏ព្រោះតែមួយរយៈកន្លងមក មានសារព័ត៌មានមួយចំនួយ បានផ្សាយរឿងមិនល្អ ជាហេតុនាំឱ្យប៉ះពាល់ ដល់ក្រុមហ៊ុន។ ម្យ៉ាងក៏មានតារាខ្លះ និយាយផ្តល់សម្ភាសន៍ទៅ គឺ មានកន្លែងខ្លះ អាចលើស និងផ្ទុយពីគោលការ របស់ផលិតកម្ម។

លោក មុំ មុន្នីរិទ្ធិ បានបន្តថា ជាក់ស្តែងដូចជាព័ត៌មាន របស់តារាចម្រៀង ចំណូលថ្មីក្នុងផលិតកម្មនេះ មួយរូប គឺមុននេះ មានកាសែតក្នុងស្រុកមួយ បានសម្ភាសន៍ រួចបានដកស្រង់ សម្តីតារារូបនេះ យកទៅសរសេរចុះផ្សាយ ពាក់ព័ន្ធនឹងរឿងតារារូបនេះ បាននិយាយបង្អាប់ ពីផលិតកម្ម ចាស់ខ្លួនមុន ហើយបែលើកសរសើរ ពីផលិតកម្ម Diamond Music។ លោកថា បញ្ហានេះ គឺវាជារឿងមួយ ដែលមិនល្អសម្រាប់ ផលិតកម្មទៅហើយ ដូច្នេះដើម្បីកុំឱ្យព័ត៌មាន មិនល្អបែននេះ មានតទៀត ផលិតកម្មមានតែធ្វើបែបនេះ។

យ៉ាងណាមិញ អ្នកគ្រប់គ្រងតួ រូបនេះ បានបញ្ជាក់ថា ខាងផលិតកម្មមិនបាន បិទសិទ្ធិ ឬ ផ្តាច់ទំនាក់ទំនង រវាងតារាចម្រៀង ក្នុងផលិតកម្ម Diamond Music ជាមួយអ្នកកាសែត ទាំងស្រុងនោះទេ គឺគ្រាន់តែធ្វើបែបនេះ មួយរយៈពេលខ្លីសិនតែប៉ុណ្ណោះ តែបើអ្នកកាសែត និង តារាចម្រៀងខ្លួន បានជួបគ្នា តាមការប្រគំតន្រី្ត ដោយផ្ទាល់នោះ គឺអាចសួរនាំព័ត៌មានបាន។

លោក មុំ មុន្នីរិទ្ធ បានបន្ថែមថា ដោយឡែក បើសិនជាអ្នកសារព័ត៌មាន ចង់សម្ភាសន៍ ឬ ចង់ដឹងសួរនាំ ពីព័ត៌មានណាមួយ ជុំវិញរឿងរ៉ាការងារ និង ជីវិតឯកជន របស់តារាចម្រៀងណាម្នាក់ នៅក្នុងផលិតកម្ម Diamond ក្នុងអំឡុងពេលនេះ គឺ អាចទាក់ទងទៅខាងក្រុមហ៊ុន ព្រោះរឿងអ្វីក៏ក្រុ មហ៊ុនអាចក្តាប់បានដែរ មិនថាតែរឿងជីវិតឯជនផ្ទាល់ខ្លួន ឬការងារសិល្បៈនោះទេ គឺអ្នកកាសែតអាចសួរបាន ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh