CamNews

តារា 

សារ៉ា ឆួលចុងច្រមុះ នឹងព័ត៌មានថា ជំពាក់​លុយ​គេ​មិន​សង

ភ្នំពេញៈ បន្ទាប់ពីមាន បណ្ដាញសារព័ត៌មាន ចុះផ្សាយថា ប្រធានក្រុមតារាបង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា ជំពាក់លុយគេ និងព្យាយាមគេចវេស មិនព្រមសង មិនទាន់បានប៉ុន្មានផង ស្រាប់តែតារាស្រីរូបនេះ ប្រញាប់ប្រញាល់បញ្ចេញប្រតិកម្ម ទៅនឹងព័ត៌មាន ដោយនាងបាន ច្រានចោល ព័ត៌មាននោះថា ជាការបំភ្លៃព័ត៌មានជាន់ឈ្លី កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាង ។

តារាសម្តែង និងជាប្រធានក្រុមតារាម៉ូដែល Pop Model កញ្ញា សារ៉ា បានទូរស័ព្ទមក បកស្រាយប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា គ្រាន់តែនាងបានឃើញព័ត៌មានចុះផ្សាយថា នាងជំពាក់លុយគេមិនសងភ្លាម នាងពិតជាមានអារម្មណ៍ មិនសប្បាយចិត្ត ហើយក៏ប្រញាប់ប្រញាល់ ចេញមុខបកស្រាយភ្លាម តាមការចុះផ្សាយនោះ គេបានសរសេរថា នាងជំពាក់លុយគេ ហើយបានដកខ្លួនចេញពីសិល្បៈ ព្រោះតែគ្មានសមត្ថភាព រកលុយសងគេ ហេតុដូច្នេះនាងចង់បញ្ជាក់ថា នាងមិនបានជំពាក់លុយគេ ឬក៏ដកខ្លួនចេញពីសិល្បៈ ដូចការចុះផ្សាយព័ត៌មាននោះឡើយ ។

តារាសម្តែងធ្លាប់មាន ឈ្មោះបោះសំឡេង តាមរយៈការគ្រងតំណែង ជាតួម៉ែយ៉ែមក្នុងរឿង “កូនឥតខាន់ស្លា” រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ ខ្ញុំចង់និយាយថា ខ្ញុំមិនបានគេចខ្លួន ឬក៏ឈប់ពីសិល្បៈ ដូចការចោទប្រកាន់នោះទេ ជាក់ស្តែងពេលនេះខ្ញុំទើប តែថតរឿងថ្មីចប់ ។ ចុះផ្សាយបែបនោះ ខ្ញុំចង់សួរថា ខ្ញុំជំពាក់លុយអ្នកណា ខ្ញុំហ៊ានប្រឈមមុខ និងការពិតគ្រប់យ៉ាង ហើយបើថាខ្ញុំជំពាក់លុយ អ្នកណាហៅគេ មកតទល់ជាមួយខ្ញុំ នៅចំពោះមុខគ្នា កុំធ្វើការចុះផ្សាយ ព័ត៌មានមិនពិត នាំឲ្យខ្ញុំខាតបង់…” ។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា នាងនៅតែបន្ត ការងារសិល្បៈដដែល មិនមានបំណងផ្តាច់ខ្លួន ពីអាជីពមួយនេះឡើយ ដរាបណាទស្សនិកជន នៅតែគាំទ្រការសម្តែង និងក្រុមម៉ូដែល របស់នាង គឺនាងនៅតែបន្ត ។ “ ខ្ញុំចាត់ទុកថាការចុះផ្សាយបែបនេះ ជាការជាន់ឈ្លីកេរ្តិ៍ឈ្មោះខ្ញុំ ទាំងដែលរឿងនេះ មិនមែនជាការពិតទាល់តែសោះ ហើយមួយរយៈ ក្រោយពីខ្ញុំថតរឿងចប់ ខ្ញុំឧស្សាហ៍ឈឺច្រើន ទើបមិនសូវបាន ចេញមុខចេញមាត់ តាមកញ្ចក់ទូរទស្សន៍ ទើបធ្វើ ឲ្យទស្សនិកជន មានការយល់ច្រឡបែបនេះ” ។ កញ្ញា សារ៉ាបន្ថែម ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh