CamNews

តារា 

ឱក សុគន្ធកញ្ញា ត្រូវ​ទស្សនិកជន រិះគន់​លើ​កាយវិការ​មិន​សមរម្យ ក្នុង​កម្មវិធី "The Voice"

ភ្នំពេញៈ កំពូលតារាចម្រៀងស្រី លេចធ្លោក្នុងផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានទស្សនិកជនរិះគន់ចំៗ ដោយមិនសំចៃដៃ ខណៈដែលនាងបានដើរតួជា គ្រួបង្វឹក (Coach) ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia ហើយបានបញ្ចេញកាយវិការ និងការបញ្ចូលអារម្មណ៍ ទៅលើបេក្ខជន-បេក្ខនារី ប្រកួតប្រជែង ជ្រួលហួសហេតុពេក មើលទៅកាយវិការនោះ ហាក់ដូចមិនសមថា នាងជាតារាស្រីមួយដួង ដែលមានឈ្មោះបោះសំឡេងទាល់តែសោះ។

ជាទូទៅទស្សនិកជនធ្លាប់ តែបានឃើញវត្តមានរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតាមការប្រគំតន្ត្រី និងកញ្ចក់ទូរទស្សន៍នានាគឺ នាងរមែងតែងតែបង្ហាញពីអត្តចរិកសុភាព ស្រគត់ស្រគំ ធម្មតាៗ ដោយនាងមិនដែលបាន បង្ហាញពីកាយវិការរំភើប ជ្រុលហួសហេតុ នោះទេ ។ ដោយឡែក នៅក្នុងកម្មវិធី “The Voice Cambodia” គេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់ដូចជាបង្ហាញពី ភាពសប្បាយរីករាយ រំភើបចិត្តខ្លាំង និងដាក់អារម្មណ៍ហួសហេតុ ខុសពីចរិករបស់នាងពីមុន។

តាមរយៈការបង្ហាញកាយវិការបែបនេះ ត្រូវបានទស្សនិកជន និងអ្នកគាំទ្រនាង មួយចំនួន លើកឡើងថា ប្រសិនបើនាងនៅតែបន្ត បញ្ចេញកាយវិការបែបនោះទៀតនោះ នាងអាចបាត់បង់ប្រជាប្រិយភាព ជាពិសេសមិនត្រូវធ្វើអ្វី ដែលប៉ះពាល់ភ្នែកមហាជន ត្រូវតែគិត មុននឹងបញ្ចេញវាមកក្រៅ ព្រោះថារាល់ទង្វើរបស់នាង ត្រូវបានមហាជន តាមដាន ហេតុដូច្នេះនាងគួរតែ កាត់បន្ថយកាយវិការ មួយចំនួនដែលគិតថា មិនសមរម្យ ម្យ៉ាងទៀត ប្រសិនបើអាច កុំចម្លងយកស្ទីល ឬវប្បធម៌បរទេសខ្លាំងពេក។

ទាក់ទងនឹងការបញ្ចេញ មតិរិះគន់ពីទស្សនិកជននេះ គេហទំព័រ Looking TODAY មិនអាចទាក់ទងទៅ តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ ដើម្បីសាកសួរនាងជុំវិញ ការលើកឡើងបានទេ នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh