CamNews

ភាពយន្ត 

លៀក លីដា ស្នើឲ្យ​ក្រសួងពាក់ព័ន្ធ បញ្ចុះ​តម្លៃ​ពន្ធភាពយន្ត

ភ្នំពេញៈ ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា ថ្មីៗនេះបានធ្វើការត្អូញត្អែរ និង ទទូចចង់ឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងទៀត ធ្វើការបញ្ចុះ តម្លៃលើពន្ធភាពយន្ត និងយោគយល់លើការលំបាក របស់ផលិតករផង ។

នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយគេហទំព័រ Looking TODAY នៅក្នុងកម្មវិធីសម្ពោធរឿង “2 Brother” កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅរោងភាពយន្តលុច្ស ដោយចាងហ្វាង ផលិតកម្ម LD Picture លោក លៀក លីដា បានប្រាប់ឲ្យដឹង ពីការលំបាករបស់ខ្លួន ក៏ដូចជា ផលិតករដទៃថា សម្រាប់ផលិតករនីមួយៗ មុនបញ្ចប់រឿងមួយៗ យកមកចាក់បញ្ចាំង គឺមាន ការលំបាក និងចំណាយទុនច្រើនណាស់ ហើយនៅពេលដែលរឿងចាក់បញ្ចាំង គឺផលិតករ ត្រូវមានការព្រួយបារម្មណ៍ ទៅលើចំណូលថាអាច បានចំណេញឫខាត ដោយសារតែការ ចំណាយលើពន្ធ និងចំណាយផ្សេងៗមានច្រើន។

លោក លៀក លីដា បានប្រាប់ឲ្យដឹងបន្តទៀតថា “ សម្រាប់ចំណូលដែលបាន មកពីការដាក់ បញ្ចាំងរឿង គឺត្រូវដក១០ភាគរយ បង់ពន្ធឲ្យខាងក្រសួងវប្បធម៌ ហើយនៅសល់៩០ភាគរយ ទៀត គឺត្រូវចែកជាពីររវាងផលិតករ និងខាងរោងកុន ហេតុដូច្នេះទើបខ្ញុំសម្រេចចិត្ត ធ្វើការ ទទូចស្នើឲ្យ ក្រសួងក៏ដូចជាស្ថាប័ន ពាក់ព័ន្ធមេត្តាបញ្ចុះតម្លៃ និងយោគយល់លើផលិតករ ហើយមួយទៀត ក៏ចង់ស្នើឲ្យក្រសួងជួបពិភាក្សា ជាមួយភាគីខាងម្ចាស់រោងកុន ផ្តល់អាទិភាព ឲ្យអ្នកផលិត បានចំណេញខ្លះផង ព្រោះចំណូលបានមិនដល់៥០ភាគរយ ហើយនៅក្នុងនោះ ត្រូវចំណាយឲ្យតួសម្តែង អ្នកថត និងផ្សេងៗទៀត អ្នកផលិត ពិបាកចំណេញណាស់ ” ។

ចាងហ្វាងផលិតកម្ម LD Picture បានប្រាប់ឲ្យដឹងបន្ថែមទៀតថា កន្លងមកមានផលិតកម្មច្រើន ហើយដែលត្រូវបិទទ្វារ ដោយសារតែមិនអាចទ្រាំទ្រ លើការចំណាយថតតែ១ឫ២រឿង ក៏ផ្អាក ទៅវិញ ហេតុដូច្នេះ ទើបលោកមានគម្រោង ពិភាក្សាជាមួយម្ចាស់ផលិតកម្មធំៗ ដាក់សំណើ ទៅខាងក្រសួងឲ្យពិចារណាលើបញ្ហានេះ ដើម្បីចូលរួមលើកកម្ពស់ភាពយន្តខ្មែរ ឲ្យកាន់តែ មានភាពរីកចម្រើន លុះត្រាតែយើងចូលរួមលើក ស្ទួយជ្រោមជ្រែងទាំងអស់គ្នា មិនអាចខ្វះ ភាគីណាមួយបានឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh