ភ្នំពេញៈ តារាបង្ហាញម៉ូដ ប្រចាំក្រុម Cambodia Super Model កញ្ញា នៅ សូនីតា ថ្មីៗនេះ បានរំលេចសារមួយ ក្នុងន័យបង្ហាញ ពីការតាំងចិត្តរបស់នាង ដោយមិនប្រាថ្នា ភាពឡូយឆាយ ហ៊ឺហារ តាមរយៈការមានបានតាមផ្លូវ កាត់អ្វីឡើយ ដោយនាងសុខចិត្តរស់នៅ តាមបែបសាមញ្ញ រកបានប៉ុណ្ណា ចាយប៉ុណ្តឹង មិនចង់មានបាន តាមផ្លូវកាត់ដូចអ្នកដទៃឡើយ ។
តារាស្រីរាងខ្ពស់ស្រឡះ រូបស្អាត នៅ សូនីតា បានរំលេចសារខ្លីមួយ បង្ហោះនៅលើ បណ្តាញទំនាក់ទំនង Facebook ផ្ទាល់ខ្លួនរបស់នាង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នេះថា "ទោះបី ខ្ញុំមិនឡូយ មិនហ៊ឺហាដូចគេក៏ដោយ ប៉ុន្តែខ្ញុំពេញចិត្ត ការរស់នៅ សាមញ្ញ របស់ក្រុមគ្រួសារខ្ញុំ ។ ខ្ញុំមិនយកកិត្តិយស គ្រួសាររបស់ខ្ញុំ មកជាន់ឈ្លី ដោយប្រាក់ដុល្លារ ជីវិតខ្ញុំលំបាកតាំងតែពីតូច ហើយខ្ញុំក៏សុខចិត្ត អ៊ីចឹងតទៀត ក៏គ្មានបញ្ហាដែរ ហើយខ្ញុំពេញចិត្ត នឹងការងារសព្វថ្ងៃរបស់ខ្ញុំ អរគុណប៉ាម៉ាក់ ដែលបង្រៀន កូនឲ្យដើរតាមកន្លងធម៌ "។
តាមសម្តី ដែលនាងបង្ហោះនោះ បានធ្វើឲ្យទស្សនិកជន និងអ្នកដែលគាំទ្រនាង ជាច្រើន មានការងឿងឆ្ងល់ថា ហេតុអីនៅសុខៗ នាងបង្ហាញសារបែបនេះ ឬដោយសារតែមានបុរស សម្បូរទ្រព្យណាម្នាក់ តាមប្រម៉ាញ់ស្នេហ៍នាង? បានជាតារាស្រីវ័យក្មេងរូបនេះ ព្រលយសម្តី បែបនេះ ដើម្បីបង្ហាញ ជាសញ្ញាណអវិជ្ជមានមួយ ដល់បុរសដែលប៉ងប្រាថ្នា ចង់យកដុល្លារមកជះលើនាង ដើម្បីជាថ្នូរដូរយកខ្លួនប្រាណ របស់នាង ឬជាស្នេហាក្លែងក្លាយ ៕