CamNews

តារា 

តូច ម៉ារីលីន ម្ដាយដាក់​បម្រាម ហាម​ថត​ឈុត​ ស៊ីអារម្មណ៍ ឱប​រឹត

ភ្នំពេញ៖ តារាស្រីដែលចូលប្រឡូកសិល្បៈ ប្រមាណ៣ឆ្នាំកញ្ញា តូច ម៉ារីលីន បានបង្ហើបឲ្យដឹងថា នាងមិនចង់ល្បី ល្បាញក្នុងសិល្បៈតាមរយៈ ការសម្ដែងឈុតឱបរឹត ស្រើបស្រាល ឬក៏ដោយសារតែ យកភាពសិចស៊ី ដើម្បីឈានទៅ រកភាពល្បីក្នុងពិភពសិល្បៈតារាល្បីៗដទៃនោះទេ ព្រោះគ្រួសារនាងបានហាមដាច់ខាតមុននឹងសម្រេចចិត្ត ប្រឡូកក្នុងសិល្បៈ ។

ថ្លែងប្រាប់គេហទំព័រកម្សាន្ត LookingTODAY នៅក្នុងកម្មវិធីសម្ពោធរឿង “ល្បុក្តតោចម្លែក” របស់ផលតិកម្ម Z Entertainment នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ នាងបានឲ្យដឹងថា ក្នុងរយៈពេលដែលនាងប្រឡូកសិល្បៈនេះ នាងមិនធ្លាប់បានទទួលថតរឿងឡើយណាកន្លងមក ដោយសារតែនាងបដិសេធ នឹងការសម្តែង ដែលមានការប៉ះដៃប៉ះជើង កៀកកើយ ជាមួយតួប្រុស ។

តារាស្រីវ័យក្មេងសាច់សរ រាងខ្ពស់ស្រឡះរូបនេះ បានប្រាប់ឲ្យដឹងទៀតថា "កន្លងមកធ្លាប់មានខាងអ្នកដឹក នាំរឿងច្រើនបាន ទាក់ទងហៅខ្ញុំថតរឿង ប៉ុន្តែខ្ញុំបានសួរទៅពួកគាត់ បើក្នុងរឿងមានលាយឡំជាមួយឈុត សិចស៊ីកៀកកើយឱបរឹត ស្រើបស្រាល ជាមួយតួប្រុសនោះ គឺខ្ញុំមិនទទួលថតឡើយ ។ ម្យ៉ាងទៀតគ្រួសារខ្ញុំ ក៏ដាក់បម្រាមហាមមិនឲ្យថតឈុតឆាកបែបនេះដែរ" ។

កញ្ញា តូច ម៉ារីលីន ប្រាប់ឲ្យដឹងទៀតថា ជាការពិតឲ្យតែអ្នកចូលប្រឡូកសិល្បៈ គឺគេតែងតែប្រាថ្នាចង់បានភាពល្បីល្បាញ ប៉ុន្តែទន្ទឹមនឹងភាពល្បីនោះ នាងក៏មិនចង់យកភាពសិចស៊ី ស្លៀកពាក់បញ្ចេញសាច់លើក្រោម ឬក៏ថតឈុតមិនល្អ (កៀកកើយជាមួយតួប្រុស) ដើម្បីជាស្ពានឈាន ទៅរកភាពល្បីល្បាញឡើយ ។

តារាសម្តែង និងជាតារាបង្ហាញម៉ូដ វ័យ២២ឆ្នាំកញ្ញា តូច ម៉ារីលីន គឺជាតារាស្រីដែលដុះពន្លក នៅលើថ្នាលសិល្បៈកាលពីឆ្នាំ២០១២ ដោយនាងបានចូលរួមប្រឡងក្នុងកម្មវិធី “ពេជ្រកំពុងច្នៃ” ជាប់ជ័យលាភីលេខ១ ហើយបន្ទាប់ពីនាងបានបោះជំហានចូលសិល្បៈ នាងក៏ត្រូវបានខាងបណ្តាក្រុមហ៊ុនជាច្រើន ហៅឲ្យថតស្ពតពាណិជ្ជកម្មជាច្រើនផងដែរ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh