CamNews

តារា 

គង់ ចាន់រដ្ឋា ធ្វើឲ្យ​មហាជន យល់ច្រឡំថាមានប្ដី និងកូន

ភ្នំពេញ៖ តារាសម្តែង និងចម្រៀងកំពុង មានប្រជាប្រិយភាព ទទួលបានការ គាំទ្រខ្លាំង ពីសំណាក់មហាជន កញ្ញា គង់ ចាន់រដ្ឋា ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជា Friend ក្នុងហ្វេសប៊ុក មានការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា ខណៈដែលពួកគេ ប្រទះឃើញតារាស្រីរូបនេះ សរសេរប្រយោគ រៀបរាប់បង្ហាញពីទុក្ខសោក និងភាពឈឺចាប់របស់ខ្លួន រួចបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុក ដោយប្រាប់ថា អ្នកដែលនាងស្រឡាញ់ រហូតរស់នៅជាមួយគ្នា បានកូនមួយហើយនោះ ស្រាប់តែក្បត់ចិត្តលួចមានស្រីថ្មី ទៅចោលនាង និងកូន។

តាមរយៈការបង្ហោះសារនេះ ត្រូវបានអ្នកគាំទ្រ និងមិត្តភក្តិក្នុងហ្វេសប៊ុក របស់តារាស្រី ស្រអែមស្រស់ កញ្ញា គង់ ចាន់រដ្ឋា បង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើល ស្រឡាំងកាំង ស្ទើរគ្រប់ៗគ្នា ព្រោះពេលកន្លងមក ពុំធ្លាប់មាននរណាម្នាក់ ដឹងថា តារាស្រីរូបនេះ មានប្តី តាំងតែពីពេលណាឡើយ ពោលសូម្បីតែ ការរៀបអាហ៍ពិពាហ៍ ក៏ពុំត្រូវបានមហាជន ដឹងជាសារធារណៈ ដែរ។

ដូច្នេះទើបមានការសង្ស័យថា ចំណងស្នេហ៍របស់តារាចម្រៀង គង់ ចាន់រដ្ឋា ទំនងអាចកើតចេញ ពីការស្រឡាញ់គ្នា ដោយលួចលាក់ ហើយបានរស់នៅក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នា ទើបឈានដល់ដំណាក់កាល មានកូនបែបនេះ។ ម្យ៉ាងទៀត គេសង្កេតឃើញថា ក្នុងមួយរយៈពេល ចុងក្រោយនេះ ហាក់បាត់មុខនាង ពីសិល្បៈស្ទើរតែទាំងស្រុង ក្រោយពេលត្រឡប់ពីច្រៀង និងសម្តែងនៅអាមេរិកវិញ ។

នៅក្នុងអត្ថន័យខ្លឹមសារសរសេរ ជាភាសារខ្មែរដែល រដ្ឋា បានបង្ហោះលើបណ្តាញ សង្គមហ្វេស ប៊ុកកាលពី១ថ្ងៃមុននេះ នាងបានដង្ហោយ ប្រាប់គេឯងថា «យើងបានស្រឡាញ់គ្នា នឹងរៀបការ ជាមួយគ្នារហូត មានកូនមួយហើយ....ម្តេចបង ហ៊ានក្បត់ពាក្យសន្យា ទៅលួចមានសង្សារទៀត ? បងកូនយើងនៅតូចណាស់ បងត្រូវគិតឲ្យច្បាស់ មុននឹងទៅចោលអូន..!» ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ ពីខេត្តសៀមរាប នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៥ តារាចម្រៀង ប្រចាំផលិតកម្ម ដាយម៉ិន កញ្ញា គង់ ចាប់រដ្ឋា បាននិយាយប្រាប់ថា នាងពិតជាបានបង្ហោះ សារនេះមែន ប៉ុន្តែវាពុំមែនជាសាច់រឿង ពិតផ្ទាល់ខ្លួន ដូចការសរសេរ នៅក្នុងអត្ថន័យនោះទេ ពោលគឺគ្រាន់តែបង្ហោះលេងប៉ុណ្ណោះ។

កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ថា «ពាក្យសម្តីដែលខ្ញុំបង្ហោះ រៀបរាប់ខាងលើនេះ គឺគ្រាន់តែជាអត្ថន័យ នៅក្នុងបទចម្រៀង ទើបនឹងថត ដែលមានចំណងថា "ប្រាកដចិត្តទេ ចោលប្រពន្ធយកសង្សារ?" បស់ផលិតកម្ម ដាយម៉ិន ។ ដូច្នេះសូមបងប្អូន មហាជន កុំមានការយល់ច្រឡំ បន្តទៀត ការពិតមិនមែន អ៊ីចឹងនោះទេ ព្រោះរាល់ថ្ងៃ បេះដូងរបស់ខ្ញុំ គឺនៅទំនេរ ពុំទាន់មានម្ចាស់ឡើយ..» ។

តារាចម្រៀង ដើមកំណើតចេញពី ខេត្តសៀមរាបអង្គរ កញ្ញា គង់ ចាន់រដ្ឋា បានបន្ថែមថា «ខ្ញុំទៅមានប្តី និង កូនមកពីណាបង..? បើមិនទាន់រៀបការ ផងនោះ ? សម្បីតែអ្នកស្រឡាញ់ ខ្ញុំក៏គ្មានផងហ្នឹង (សើច)! ហើយក៏មិនបាន ទៅលួចលាក់សាងសម្ព័ន្ធភាព ដោយស្ងាត់ៗ ជាមួយបុរសណាម្នាក់ដែរ កុំច្រឡំ អត់ទេបង..!» ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh