CamNews

តារា 

ម៉ាក សែនសូនីតា និង រតនៈ ពិសិដ្ឋ ចំណង​ស្នេហា​នៅ​តែ​បង្កប់​មាន​មន្ទិល

ភ្នំពេញ៖ រយៈពេលជិត៣ឆ្នាំមកហើយ ដែលចំណងស្នេហា រវាងតារាសម្តែងរូបស្រស់ បបូរមាត់សិចស៊ីកញ្ញា តូតា និងតារាសម្តែងបុរសសង្ហាលោក រតនៈ ពិសិដ្ឋ បានលេចឮដំណឹងស្នេហាលួចលាក់ ក្រៅឆាកជាមួយគ្នាយ៉ាងផ្អែមល្ហែម ។ ក្រោយពីមានព័ត៌មាន លេចឮបែបនេះភ្លាម តារាប្រុសស្រីមួយគូនេះ បានប្រញាប់ប្រញាល់ចេញមុខច្រាន ចោលភ្លាមៗដែរ ដោយចាត់ទុកថា ជារឿងមិនពិត ហើយជាចេតនាបំប៉ោងព័ត៌មាន ធ្វើឲ្យពួកគេបាត់បង់ប្រជាប្រិយភាព ។ ប៉ុន្តែថ្មីៗនេះ ត្រូវបានប្រភពទម្លាយថា ចំណងស្នេហាដដែលនេះ ស្រាប់តែចាប់ផ្តើមលេចចេញជារូបរាងឡើង វិញធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ជាងមុនទៅទៀត ក្រោយពីមានព័ត៌មានថា ពួកគេគ្រោងដឹកដៃគ្នាចូលរោងការនៅក្នុង ពេលឆាប់ៗខាងមុខនេះ ។

សម្រាប់ប្រភពព័ត៌មាន នាពេលកន្លងមក ធ្លាប់លេចឮថា តារាសម្តែងប្រុសលោក រតនៈ ពិសិដ្ឋ និងតារាសម្តែងស្រីកញ្ញា តូតា មានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយគ្នាដោយគ្រោង នឹងដឹកដៃគ្នាចូលរោងការថែមទៀតផង ប៉ុន្តែប្រភពព័ត៌មាននោះ ត្រូវបានស្ងប់ស្ងាត់ទៅវិញ ព្រោះពីម្ចាស់សាម៉ីខ្លួន ចេញមុខបកស្រាយ និងច្រានចោល ដោយអះអាងថា ភាពស្និទ្ធស្នាលរបស់ពួកគេ ត្រឹមតែជាមិត្ត គ្មានអ្វីលើសនេះឡើយ ហើយព័ត៌មានដែលលេចឮ កន្លងមកគ្រាន់តែជារឿង ក្លែងក្លាយតែប៉ុណ្ណោះ ។

បើតាមប្រភពពីអ្នកសិល្បៈ បានលួចបង្ហើបឲ្យដឹងថា បើទោះជាមួយរយៈពេលមុន តារាប្រុសស្រីមួយគូនេះ ហាក់មានគម្លាតឃ្លាត ឆ្ងាយពីគ្នាក៏ដោយ តែចំពោះស្នេហារបស់ពួកគេ នៅតែមានភាពផ្អែមល្ហែម ល្អូកល្អឺនដដែល គ្មានអ្វីប្រែប្រួលទេ ។ ពួកគេគ្រាន់តែចង់នៅឆ្ងាយពីគ្នា បញ្ចៀសព័ត៌មានសេ្នហា កុំឲ្យធ្លាក់កូដតែប៉ុណ្ណោះ ។ តែទោះជាយ៉ាងណា បើតាមការមើលនឹងភ្នែក ជាក់ស្តែង គេឃើញគូស្នេហ៍នេះ នៅតែយកចិត្តទុកដាក់ ជាមួយគ្នាទៅវិញទៅមក ខណៈរឿងនេះនៅតែជាចម្ងល់ និងជាដើមហេតុ ធ្វើឲ្យមហាជន នៅតែមានមន្ទិលសង្ស័យ ចំពោះចំណងស្នេហ៍របស់ពួកគេ ។

ប្រភពដដែលបានបង្ហើបទៀតថា ជាក់ស្តែងថ្មីៗនេះ ភ្លើងស្នេហារវាង ម៉ាក សែនសូនីតា និង រតនៈ ពិសិដ្ឋ ហាក់ដូចជាចាប់ផ្តើមឆាប ឆេះឡើងវិញម្តងទៀតហើយ ដោយពួកគេទាំងពីរនាក់ បានបញ្ចេញរូបភាព និងកាយវិការផ្អែមល្ហែមជាមួយគ្នា ។ មិនតែប៉ុណ្ណោះ ក៏មានព័ត៌មានលេចឮថា នៅពេលណាដែលពួកគេទាំងពីរនាក់ ដកឃ្លាសម្រាកពីការងារសិល្បៈបាន គឺពួកគេនឹងងាកមក រឹតចំណងស្នេហ៍ឡើងវិញ ។ អ្នកទាំងពីរអាចដឹកដៃគ្នា ចូលរោងការ ព្រោះថាចាស់ទុំទាំងសងខាង ក៏បានធ្លាប់បានជួប និយាយគ្នាពីរឿងនេះ គ្រាន់តែតារាមួយគូនេះ មានការមមាញឹកជាមួយការងាររៀងៗខ្លួន មិនទាន់ចង់គិតរឿងរៀបការតែប៉ុណ្ណោះ ។

ទាក់ទងទៅនឹងចំណងស្នេហា ដែលនៅជាប់ភាពមន្ទិលសង្ស័យ រវាងតារាប្រុសស្រីមួយគូនេះ គេហទំព័រកម្សាន្ត LookingTODAY មិនអាចទាក់ទងទៅពួកគេ ដើម្បីសាកសួរពីព័ត៌មានខាងលើនេះ ដើម្បីជម្រះការសង្ស័យរបស់មហាជនបានទេ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh