CamNews

តន្រ្តី 

សុខ​ ពិសី ប្រតិ​កម្ម​​តាមរលកធាតុ​អាកាស

រាជធានីភ្នំពេញ ៖ តារា​ចំរៀង​​ប្រចាំ​​ផលិត​កម្ម​​សាន់ដេ ​កញ្ញា​សុខ ពិសី កាល​ពីពេលថ្មីៗ​នេះ បាន​​បញ្ចេញ​ប្រតិ​កម្ម​​​នឹង​ការ​ចុះ​ផ្សាយ​តាម​រយៈ​សារ​ព័ត៌​មាន​​​​ថា រូបនាង​មានទំនាក់​ទំនង​​ស្នេហា​​ជាមួយ​តារាចំរៀង​​​ស៊ឹម ​សុរ៉ា​មភូមិ ។ ​​និយាយ​ផ្ទាល់តា​ម​វិទ្យុ​​​​ FM 98 កញ្ញា​សុខ ពិសី ​បាន​​​បក​ស្រាយ​តប​ទៅ​ទស្សនា​វដ្តី​​ក្នុងស្រុក​មួយ​ ដែលចុះ​ផ្សាយ​​ថា នាង​មានទំនាក់ទំនង​ស្នេហា​​​ជាមួយ​សុរ៉ាមភូមិ ថា ​ជា​​​ព័ត៌មាន​មិនពិត​ទាល់តែ​សោះ ។ នាង​បញ្ជាក់​ថា រវាង​នាង​​ និងសុរ៉ាមភូមិ ​រាប់​អាន​គ្នា​ដូចបង​ប្អូន ដោយ​​លោក​ចាត់ទុក​​នាង​ដូចជា​ប្អូន ឯ​រូប​នាង​​ក៏ចាត់ទុក​​លោក​ជា​បង​ផង​ដែរ ។ ដូច្នេះ​​​គ្មានទំនាក់ទំនង​​​​​​​ស្នេហា​ដូចការ​ចុះ​ផ្សាយ​​​​ឡើយ ។​ ជួបជាមួយ​កោះសន្តិភាព​ កញ្ញា​សុខ ពិសី ​បាន​​សុំ​ឱ្យ​​ជួយចុះ​ផ្សាយ​​បំភ្លឺ​​សាធារណជន​ កុំ​ឱ្យ​មាន​​ការយល់ច្រឡំ​​ចំពោះ​រូប​នាង​​ ព្រោះនាង​​​បាន​ដឹង​ថា ​សារព័ត៌មាន​កោះសន្តិភាព​​​​ចុះផ្សាយ​តែ​​​ព័ត៌មាន​ពិតៗ​ប៉ុណ្ណោះ ។​នាង​បញ្ជាក់​ថា សុរ៉ាម​ភូមិ ​គឺជា​ម្ចាស់​​​ហាង​​ថត​រូប​មួយ​ ហើយគេ​បាន​ពឹង​ពាក់​នាង​​ឱ្យ​ជួយ​​ថត​រូប​ផ្សព្វ​ផ្សាយ​​​នៅ​ហាង​ថត​រូប​នោះ ។ ​ទន្ទឹម​នោះ​​ ដោយ​មាន​ការ​រាប់អានគ្នាជិតស្និទ្ធ​​​ដូច​បង​ប្អូន​​​ រួមទាំង​ស្ថិតក្នុង​​អាជីព​​ និង​ឧស្សាហ៍​​សំដែង​រួមគ្នា​ផង ការ​ទាក់ទង ​និង​ការ​ជួប​គ្នា​រវាង​​​នាង និង​​សុរ៉ាម​ភូមិ ​គឺមាន​ប្រាកដ​មែន ។​កញ្ញា​សុខ ពិសី ​​និយាយ​​ទាំង​ឆ្ងល់​ថា បើ​នាង​មិនដែលមានទំនាក់ទំនង​ស្នេហា​​ សូម្បីតែ​​បន្តិច​​​ជាមួយ​សុរ៉ាម​ភូមិ ​ដូច្នេះ​តើ​ទស្សនា​វដ្តី​​​នោះ​បាន​ព័ត៌មាន​ពី​ណា​មក​ចុះផ្សាយ ហើយ​​តើ​គេ​​​យល់​ទេ​ថា ​ការចុះផ្សាយ​​នោះធ្វើ​ឱ្យប៉ះពាល់​​​ដល់​កិត្តិយស​​​​នាង​ជា​ស្ត្រី​ខ្មែរ​ ។ ​នាងមិន​បាន​​​បកស្រាយ​​វែង​ឆ្ងាយ​​ចំពោះបញ្ហា​​នេះ​ទេ ដោយ​គ្រាន់តែ​​​បញ្ជាក់​ជា​ចុង​ក្រោយ​​​ថា ​ប្រសិនបើ​​​អ្នក​​​សារ​ព័ត៌មាន​​​ចង់​ដឹង​​​ព័ត៌​មាន​​​ពីនាង​ គឺនាង​​ស្វាគមន៍​​ទទួល​ និង​ឆ្លើយ​​​​គ្រប់​ពេល ។ពាក់ព័ន្ធ​នឹង​ការ​ងារ​សិល្បៈ​វិញ កញ្ញា​​សុខ ពិសី ​​ប្រាប់​​កោះសន្តិភាព​ថា ​នាង​​មមា​ញឹក​​ច្រើន ។ ​ក្រៅពី​​​ថត​បទ​ចំរៀង​​នាង​កំពុងតែ​​​ថត​​ឈុតខ្លះ​​ឡើងវិញ នៃ​ខ្សែ​ភាព​យន្ត​​​របស់​ផលិត​កម្ម​សាន់​ដេ ​ដែលនាង​ដើរ​តួ​ជាមួយ​លោក​​ខេម​រៈ សិរីមន្ត ។ នាង​ប្រាប់​ថា ខ្សែ​ភាព​យន្ត​នេះ​បាន​ថត​ស្ទើរ​​តែ​ចប់​សព្វ​គ្រប់​ហើយ ​ប៉ុន្តែ​​ដោយ​​ឈុត​ខ្លះ​មិនបាន​​ធ្វើ​ឱ្យ​​ម្ចាស់​ផលិត​កម្ម​ពេញ​ចិត្ត​​ ក៏​តំរូវ​​​ឱ្យថត​ឡើង​វិញ ។ នាង​មិនទាន់​​ឱ្យ​​ដឹង​​​ថា តើ​​ភាព​យន្ត​ដែលនាង​កំពុងថត​នោះ​គឺ​ជា​រឿង​អ្វី​​ទេ ​ដោយគ្រាន់តែ​​បង្ហើប​​ថា ​​​វា​​និយាយ​​ពីជីវិត​យុវ​ជន​​​សម័យ​ថ្មី​​ដែលកំពុង​វង្វេង​​នឹងសំភារ​​និយម​​​ ហើយ​ក៏លាយឡំ​​ឈុត​ឆាក​​​​ខ្មោច​ខ្លះៗដែរ ។ នាងសង្ឃឹម​​ថា ​ខ្សែ​ភាពយន្ត​ដែលផលិត​​ដោយ​ផលិត​កម្ម​សាន់ដេ ហើយ​មានការ​ចូល​រួម​​សំដែង​​ពីតារា​ភាព​ចំរៀង​ល្បីៗ​​នៅផលិត​កម្ម​សាន់​ដេនេះ នឹង​ទទួលបាន​​ជោគជ័យ​​មិនខាន ៕

Tags: