CamNews

កំសាន្ត 

ស្នេហាប្រៀបដូចជា....

បើទោះបីជាអ្នកមិនទាន់បានស្រលាញ់ ,កំពុងស្រលាញ់ រឺក៏នឹងចាប់ផ្តើមស្រលាញ់ ក៏ដោយ
ប្រាកដណាស់ថាយ៉ាងហោចណាស់ក៏មានម្តងដែរដែលអ្នកនឹងចោទសួរខ្លួនឯងថា "ស្នេហា
ជាអ្វី? ស្នេហាប្រៀបដូចជា...,រឺក៏ស្រលាញ់តើមានអារម្មណ៍បែបណា? "

ចំពោះអ្នកដែលធ្លាប់ស្រលាញ់ ,កំពុងស្រលាញ់ រឺក៏មិនទាន់ស្រលាញ់ សុទ្ធតែមានអារម្មណ៍
ផ្សេងៗគ្នា ហើយចំលើយរបស់សំនួរខាងលើក៏នឹងមានច្រើនផ្សេងៗគ្នាផងដែរ ។ ចុះចំពោះ
អ្នកវិញតើស្នេហាជាអ្វីដែរ ?

មានចំលើយជាច្រើនដែលត្រូវបានលើកឡើងយោងទៅតាមការយល់ឃើញរបស់មនុស្ស
ម្នាក់ៗ ៖

-ស្នេហាប្រៀបបាននឹងការញ៉ាំបាយ ,ញ៉ាំម្នាក់ឯងមានអារម្មណ៍ថាធុញទ្រាន់,មិនប្តូរមុខម្ហូប
ក៏មានអារម្មណ៍ថាធុញទ្រាន់ ប៉ុន្តែប្រសិនបើខ្វះវាគឺមិនអាចរស់បាន ។
-ស្នេហាប្រៀបបានទៅនឹងកាហ្វេទឹកដោះគោទឹកកកមួយកែវ ដែលមានរសជាតិផ្អែមរបស់
ទឹកដោះគោ និង រសជាតិល្វីងរបស់កាហេ្វ តែបើទុកយូរទឹកកកក្នុងកែវនឹងរលាយដែលធ្វើ
អោយយើងមិនអាចផឹកបាន ។
-ស្នេហាប្រៀបបានទៅនឹងតំណក់ទឹកសន្សើម នៅពេលដែលយើងនៅជិត វាគឺជាគ្រាប់ពេជ្រ
មួយគ្រាប់ តែពេលដែលយកដៃទៅចាប់ វាគឺជាតំណក់ទឹកភ្នែក ។
-ស្នេហាប្រៀបដូចជាទូរស័ព្ទដៃ ដែលមានអ្នកខ្លះត្រូវការបែបសាមញ្ញបំផុតគឺត្រឹមតែអាច
មើលបាន និងមានគ្រប់ (មុខងារមូលដ្ឋាន) អាចធ្វើការហៅចេញបាន ទទួលបាន និយាយគ្នា
លឺ គឺគ្រប់គ្រាន់ទៅហើយ តែមានអ្នកខ្លះត្រូវការលើរូបរាង មុខងារ ពណ៌ អាចមានមុខងារធ្វើ
អ្វីបានផ្សេងទៀតដូចជាសា្តប់ចំរៀង លេងហ្គេមបាន ដូចជា Smart Phone ជាដើម ។

ទូរស័ព្ទបែបសាមញ្ញៗមានតំលៃថោកតែវារឹងមាំ ចំពោះ Smart Phone ស្អាតទំនើប តែមាន
តំលៃថ្លៃ និងពិបាកក្នុងការថែរក្សាផងដែរ ។ ប៉ុន្តែបញ្ញាចំបងគឺ ទូរស័ព្ទគឺជាមិត្តភក្តិដ៏ស្និទ្ធ
ស្នាល និងតែងតែនៅក្បែរខ្លួនយើងជានិច្ច វាបានភ្ជាប់យើងទៅក្នុងពិភពដ៏ស្រស់ស្អាតខាង
ក្រៅ ។ តើអ្នកណាមួយដែលមិនចាត់ទុកទូរស័ព្ទរបស់ខ្លួនថាជាវត្ថុជាទីស្រលាញ់នោះ ។
-ស្នេហាប្រៀបបាននឹងនណារម្នាក់កំពុងតែរង់ចាំរថយន្តក្រុងដូច្នោះ ។ នៅពេលដែលរថយន្ត
នោះបានមកដល់ អ្នកនោះមើលទៅក្នុងរថយន្តរួចគិតថា" រថយន្តពេញហើយ មិនមានកន្លែង
ទំនេរទេ ចឹងចាំរថយន្តបន្ទាប់ទៀតចុះ "។ លុះរថយន្តទីពីរនោះបានមកដល់ក៏ស្រាប់តែមិនជិះ
ទៀតដោយសារតែរថយន្តចាស់ពេក ក៏បន្តធ្វើការរង់ចាំរថយន្តទីបី ។ មិនយូរប៉ុន្មានរថយន្តទី
បីនោះក៏បានមកដល់ លើកនេះរថយន្តមិនចាស់ពេក ហើយក៏មិនមានអ្នកដំណើរច្រើនដែរ តែ
គេនៅតែមិនឡើងជិះទៀត ដោយសារតែរថយន្តនោះគ្មានម៉ាស៊ីនត្រជាក់ ។ រួចក៏បានធ្វើការ
រង់ចាំនូវរថយន្តបន្ទាប់ទៀត ។ ដូច្នេះឱកាសរបស់គេបានបោះបង់ចោលជាច្រើនដង ។ ពេល
វេលាចេះតែដើរទៅមុខ មេឃក៏កាន់តែងងឹតទៅបណ្តើរៗ បុគ្គលម្នាក់នោះគិតថាខ្លួនគេយឺត
ម៉ោងហើយ ស្រាប់តែមានរថយន្តមួយផ្សេងទៀតមកដល់ គេក៏បានឡើងជិះទាំងប្រញ៉ាប់
ប្រញ៉ាល់បំផុត តែស្រាប់តែរថយន្តបានចេញដំណើរទៅឆ្ងាយទៅហើយទើបដឹងថាខ្លួនឡើង
ជិះរថយន្តខុស...។
-ស្នេហាប្រៀបបាននឹងល្បែងលេងប្រដេញគ្នា ដែលអ្នកលេងល្បែងនោះជក់ចិត្តយ៉ាងខ្លាំង
ក្នុងការដេញស្រមោលនៅផ្នែកខាងមុខ តែគេមិនដែលងាកមកក្រោយដើម្បីសំឡឺងមើលស្រ
មោលពិតបា្រកដមួយនៅក្បែរប្រាណរបស់គេ និងត្រៀមខ្លួនរួចជាស្រេចក្នុងការលើករូបគេ
នៅពេលដែលគេនោះដួលឡើយ ។

ដូច្នេះចំពោះប្រិយមិត្តវិញ តើយល់យ៉ាងណាដែរចំពោះសំនួរដែលបានចោទសួរខាងលើ
នោះ?ចូរស្វែងរកនិយមន័យមួយពិតប្រាកដសំរាប់ខ្លួនឯងអំពីស្នេហា ពីព្រោះមានបុគ្គលច្រើន
ណាស់ដែលមិនអាចអោយនិយមន័យមួយសំរាប់រូបគេអំពីស្នេហានេះបានឡើយ ក៏ព្រោះតែ
គេយល់ថាវាមិនមានអ្វីជាសំខាន់ណាស់ណានោះទេ ជាពិសេសគឺគិតថាស្នេហា គឺអោយតែ
យើងស្រលាញ់គេ គេស្រលាញ់យើងគឺគ្រប់គ្រាន់ហើយ ។ តែអ្វីទាំងនេះវាគឺចំនុចមិនគប្បី
មួយដែលមិនគួរប្រព្រឹត្តឡើយ បើសូម្បីតែការយល់ឃើញពិតប្រាកដមួយសំរាប់ខ្លួនឯងក៏
គ្មាននោះ ៕
ដោយ៖ រដ្ឋា

Tags: