CamNews

តារា 

មន្រ្តីតុលាការ​​មិន​​​​ច្បាស់​​ថា សា​សា នឹង​​ចូល​​បំ​ភ្លឺ​ក្នុង​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​ថ្ងៃស្អែក

ភ្នំពេញ៖ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបាត់ដំបង លោកតូច សុភក្តី បានថ្លែងប្រាប់ LookingTODAY នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥នេះថា លោកនៅមិនទាន់ដឹងច្បាស់ទេថា កញ្ញា ឯក សុជាតា ហៅសាសា នឹងចូលបំភ្លឺនៅតុលាការ ខេត្តបាត់ដំបង នៅថ្ងៃស្អែកនេះទេ ព្រោះរហូតមកទល់ព្រឹកថ្ងៃទី២៦ នេះ លោកពុំទាន់បានទទួលចុងកន្ទុយសន្លឹកដីកា ពីអយ្យការអមសាលា ដំបូងរាជធានី ភ្នំពេញនៅឡើយទេ។

លោកតូច សុភក្ដី ថ្លែងថា«ខ្ញុំមិនទាន់ដឹងច្បាស់ទេថា កញ្ញា សាសា នឹងចូលបំភ្លឺនៅតុលាការ ក្នុងថ្ងៃស្អែក តាមដីការកោះហៅ ឬយ៉ាណាទេ ព្រោះខាងខ្ញុំ ពុំទាន់ទទួលបានចុងកន្ទុយដីកា ពីកញ្ញា សាសា ក៏ដូចជាពីអយ្យការអមសាលា ដំបូងរាជធានី ភ្នំពេញនៅឡើយទេ ។ ប៉ុន្តែបើកញ្ញា សាសា មិនចូលបំភ្លឺទេ យើងនឹងមាននិតិវិធីផ្សេងទៀត តាមច្បាប់»។

សូមបញ្ជាក់ថា កញ្ញា សាសា ត្រូវបានតុលាការ ខេត្តបាត់ដំបង ចេញដីកាកោះហៅកញ្ញា ឯក សុជាតា ហៅ សាសា អតីតពិធីការិនីទូរទស្សន៍ CTN ឲ្យចូលតុលាការ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នេះ ដើម្បីសាកសួរ ក្នុងសំណុំរឿងបើកបរបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ រងរបួសដោយអចេតនា។

ប្រភពបន្តថា ដីកាកោះនេះ បានបញ្ជូនមកដល់ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ រួចបញ្ជូនបន្ត ទៅឲ្យ កញ្ញា សាសា តាមរយៈសមត្ថកិច្ចនគរបាលមូលដ្ឋាន តាំងពីថ្ងៃទី២០ ខែសីហា មកម្ល៉េះ ប៉ុន្តែ រហូតមកទល់ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ នេះ ចុងកន្ទុយសន្លឹកដីកា ពីអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ មិនទាន់ទៅដល់ដៃមន្រ្តីតុលាការខេត្តបាត់ដំបង នៅឡើយទេ។

គួររំឭកថា កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ កញ្ញា សាសានិងមិត្តភក្តិ២នាក់ទៀត បានផឹកស៊ីក្នុងហាង«តោពីរ» ក្នុងក្រុងបាត់ដំបង រួចបើករថយន្តម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 ក្នុងស្ថានភាពស្រវឹង ទៅបុកអ្នកជិះម៉ូតូសណ្ដោង រ៉ឺម៉កដឹកទឹកកក បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួស៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh