CamNews

តារា 

ប៉ែន ចំរ៉ុង សារភាព ភិន សុដាលីស មុខតុលាការ

ភ្នំពេញ៖ អ្វីដែលជាការពិត ត្រូវបានលាងត្រដាង ក្នុងចំណងស្នេហា ដ៏ប្រទាញប្រទង់គ្នា រវាងតារាសម្ដែង លោក ប៉ែន ចំរ៉ុង និង កញ្ញា ភិន សុដាលីស ដែលស្នេហាមួយនេះ ធ្លាប់បានប្រឈមមុខយ៉ាងតឹងតែង ជាមួយនឹងឪពុករបស់ខ្លួន។ ការពិតត្រូវបង្ហាញឡើង នៅពេលនេះ គឺតារាសម្ដែង ប៉ែន ចំរ៉ុង បានចូលខ្លួនទៅបំភ្លឺ នៅក្នុងតុលាការ ក្រុងភ្នំពេញ កាលពីម្សិលមិញនេះ តាមបណ្ដឹងរបស់លោក អ៊ិន សុភិន ឪពុករបស់កញ្ញា ភិន សុដាលីស ។ ក្នុងពេលឆ្លើយបំភ្លឺ ប៉ែន ចំរ៉ុង បានសារភាពថា រូបគេពិតជាបានស្រឡាញ់ ភិន សុដាលីស ប្រាកដមែន ហើយស្នេហានេះ មិនមែនជាស្នេហាលេងសើចឡើយ ។

យោងតាមប្រភពព័ត៌មាន មន្រ្តីតុលាការ បានបង្ហើបឲ្យដឹងថា បន្ទាប់ពីវត្តមាន ប៉ែន ចំរ៉ុង ចូលបំភ្លឺក្នុងតុលាការ ពេលនោះ គេក៏បានឃើញ កញ្ញា ភិន សុដាលីស ចូលបំភ្លឺជាមួយគ្នាដែរ ប៉ុន្តែចម្លើយរបស់ ដាលីស បានឆ្លើយការពារ ប៉ែន ចំរ៉ុង ដោយនាងអះអាងថា ការចាកចេញពីផ្ទះរបស់នាង គឺមិនពាក់ព័ន្ធនឹង ប៉ែន ចំរ៉ុង នោះទេ ពោលគឺនាងចុះចេញដោយខ្លួនឯង ព្រោះមិនចង់ប្រឈមមុខ នឹងបញ្ហាជាច្រើន ដែលកំពុងកើតឡើង ជាមួយឪពុកនាង។

បន្ទាប់ពីការបំភ្លឺ របស់អ្នកទាំងពីរ នៅចំពោះមុខតុលាការ កាលពីម្សិលមិញនេះ រួចមក គេបានសង្កេតឃើញ ថាលោក អ៊ិន សុភិន បានបន្ទន់ឥរិយាបទ ទទួលយកគ្រប់យ៉ាង តាមអ្វីដែលកូនស្រីសារភាព និងតាមអ្វីដែលតុលាការបានប្រាប់ ក៏ដូចជាតាមអ្វីដែល ប៉ែន ចំរ៉ុង បានទទួលខុសត្រូវនៅចំពោះមុខ ក្រុមគ្រួសារទាំងសងខាង។ ម្យ៉ាងវិញទៀត យោងទៅតាមចម្លើយសារភាព របស់ភាគី ពាក់ព័ន្ធទាំងពីរនាក់ តុលាការនឹងអាចទម្លាក់ ការចោទប្រកាន់ក្នុងសំណុំរឿងខាងលើនេះចោល។

LookingTODAY មិនទាន់អាចសុំការ បញ្ជាក់បន្ថែម ពីសំណាក់លោក អ៊ិន សុភិន បានទេ នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ ខណៈដែលលេខទូរស័ព្ទ របស់លោកត្រូវបានបិទ។ យ៉ាងណាក្ដីលោក ប៉ែន រស់ បងប្រុសបង្កើតរបស់លោក ប៉ែន ចំរ៉ុង បានថ្លែងពីខេត្តកំពង់ស្ពឺ ឲ្យបានដឹងថា គ្រួសារទាំងសងខាង បានយល់ព្រម ពន្លត់ភ្លើងហិង្សាទាំងអស់ ដែលបានកើតឡើង និងពេញចិត្តផ្សំផ្គុំពួកគេ ទាំងពីរសមតាមបំណង ហើយអ្វីៗត្រូវបានបញ្ចប់ ពោលគឺរង់ចាំតែថ្ងៃពួកគេទាំងពីរចូលរោងការតាមប្រពៃណី តែប៉ុណ្ណោះ។

លោក ប៉ែន រស់ និយាយថា« ខ្ញុំអត់ចង់និយាយច្រើនទេ ព្រោះអ្វីៗយើងបានស្រុះស្រួលគ្នាអស់ហើយ ចំរ៉ុង សារភាពចេញពីចិត្តថា ស្រឡាញ់ ដាលីស ចំណែកដាលីស ក៏ស្រឡាញ់ចំរ៉ុង ពួកគេស្រឡាញ់គ្នាចិត្តនិងចិត្ត គ្មាននរណាបង្ខំឡើយ ។ ខ្ញុំមានតែជូនពរ ឲ្យពួកគេទាំងអស់ស្រឡាញ់គ្នា ចេះថែរក្សាគ្នាដល់ចាស់ មានកូន ពូនជាចៅទៅ.. ខ្ញុំសប្បាយចិត្តណាស់ហើយ ..!»។

ជាមួយគ្នានេះ លោក ប៉ែន រស់ ក៏បានបង្ហើបទៀតថា បន្ទាប់ពីសម្រុះសម្រួលគ្នារួចមក គឺទៅថ្ងៃខាងមុខនេះ ពួកគេនឹងចូលរោងការជាមួយគ្នា ដោយការផ្សំផ្គុំពីគ្រួសារទាំងសងខាង ពេលនោះលោកនឹងអញ្ជើញ អ្នកកាសែតឲ្យចូលរួមអបអរសាទរ ទាំងតែម្ដង..!៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh