CamNews

ភាពយន្ត 

ថៃចាប់ផ្តើមផ្សព្វផ្សាយ ឧស្សាហកម្មភាពយន្ត របស់ខ្លួនឡើងវិញ ក្រោយខកខានអស់១១ឆ្នាំ

ភ្នំពេញ៖ប្រទេសថៃចាប់ផ្តើមផ្សព្វផ្សាយឧស្សាហកម្ម ភាពយន្តរបស់ខ្លួនជាលើក ដំបូងឡើងវិញ បន្ទាប់ពីខ្សែភាពយន្តថៃ ត្រូវបានខកខាន អស់រយៈពេល១១ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៣មក។

សន្និសីទព័ត៌មានស្តីពីផ្សព្វផ្សាយភាពយន្តថៃ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នាផ្សារទំនើប AEON Mall ។ មន្ត្រីកម្ពុជា-ថៃ និយាយថា ការផ្សព្វផ្សាយនេះ គឺបង្ហាញពីចំណងមិត្តភាពកម្ពុជា -ថៃកាន់តែស្អិតរមួតឡើងថែមទៀត តាមរយៈជាប្រទេសភូមិផង របងតែមួយ។

ការផ្សព្វផ្សាយភាពយន្តថៃនេះ គឺជាការផ្តួចផ្តើមឡើងដោយ នាយកដ្ឋានជំរុញពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្មថៃ និង សមាគមន៍ភាពយន្តកម្ពុជា រួមទាំងក្រុមហ៊ុនរោងភាពយន្ត Major Cineplex ដោយមានរៀបចំការ ចាក់បញ្ចាំងភាពយន្តថៃ ៥រឿងជាប់គ្នា ចាប់ពីថ្ងៃទី១៨ ដល់ ២២ ខែកញ្ញា ឆ្នាំ២០១៤ នៅរោងភាពយន្ត Major Cineplex  ផ្តល់ឱកាសឲ្យពលរដ្ឋកម្ពុជា ចូលទស្សនាដោយសេរី។

អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំទូតថៃនៅកម្ពុជា លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានមានប្រសាសន៍ថា នេះជាពេលវេលា ល្អដែលប្រទេសថៃ ចាប់ផ្តើមផ្សព្វផ្សាយ ឧស្សាហកម្មភាពយន្ត របស់ខ្លួនក្នុងប្រទេសកម្ពុជា ឡើងវិញ នៅពេលរោងភាពយន្ត លំដាប់អន្តរជាតិ ដែលជាការវិនិយោគ របស់ថៃបានបើកនៅកម្ពុជា។ លោកស្រីបន្តថា «នេះជាលើកទី១ ដែលយើងចាប់ផ្តើម ផ្សព្វផ្សាយភាពយន្តថៃ ឡើងវិញ បន្ទាប់ពីបាត់ខ្លួន អស់រយៈពេលជាង១០ឆ្នាំ»។

មុនឆ្នាំ២០០៣ ខ្សែភាពយន្តថៃ ពេញនិយមយ៉ាងខ្លាំងនៅកម្ពុជា តែដោយសារសម្តី ប៉ុន្មានម៉ាត់របស់តារាភាពយន្តថៃនាង ឃីងខុង ដែលប្រជាជនកម្ពុជា ស្គាល់ថា «នាងផ្កាយព្រឹក»និយាយថា បើសិនជាចង់ឲ្យនាងមកថតភាពយន្តនៅកម្ពុជា ទាល់តែឲ្យអង្គរវត្តទៅថៃ។ សម្តីនេះហើយដែលធ្វើឲ្យ ប្រជាជនកម្ពុជា ខឹងសម្បា ឈានដល់ផ្ទុះហិង្សាដុតស្ថានទូតថៃនៅកម្ពុជា បង់អស់ប្រាក់ជាង ៥០លានដុល្លារអាម៉េរិក។

ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ិន ចាន់ឆាយ៉ា បានសម្តែងនូវការ ស្វាគមន៍ចំពោះប្រទេសថៃ ក្នុងការចូលមកផ្សព្វ ផ្សាយឧស្សាហកម្ម ភាពយន្តរបស់ខ្លួនឡើងវិញ។ លោកថា ប្រទេសកម្ពុជា ប្រកាន់យកទីផ្សារសេរី ហើយកម្ពុជាត្រូវការ បទពិសោធន៍ច្រើនទៀត ពីវិស័យភាពយន្តរបស់ថៃ។

លោកបញ្ជាក់ថា«វិស័យភាពយន្តនៅមានកម្រិតនៅឡើយ ដូច្នេះយើងត្រូវការដៃគូ ដែលមានបទពិសោធន៍ ពីការផលិតភាពយន្ត ពិសេសពីមិត្តថៃ របស់យើងតែម្តង»។

លោក ស៊ិន ចាន់ឆាយ៉ា ទទួលស្គាល់ថា វិស័យភាពយន្តនៅកម្ពុជា ពិតជាមានការហូរ ចូលភាពយន្តបរទេស យ៉ាងច្រើនសន្ធឹកមែន តែថាបើទោះជាមានភាពយន្ត បរទេសច្រើនក្តី ក៏ប្រជាជនខ្មែរ នៅតែគាំទ្រភាពយន្តក្នុងស្រុក ខ្លាំងជាងភាពយន្ត បរទេស បើទោះភាពយន្តហូលីវូដ ដែលល្បីពេញពិភពលោក និងចំណាយលុយរាប់ រយលានដុល្លារយ៉ាងណាក្តី។

គួរបញ្ចាក់ថា ភាពយន្តថៃចាប់ផ្តើមចាក់បញ្ចាំង លើកញ្ចក់ទូរទស្សន៍ កងយោទពលខេមរភូមិន្ទប៉ុស្តិ៍ លេខ៥ នៅពាក់កណ្តាលឆ្នាំ២០១៤នេះ ។ មន្ត្រីថៃនិយាយថា នាពេលខាងមុខប៉ុស្តិ៍ ទូរទស្សន៍ផ្សេង ទៀតក៏នឹងចាក់ផ្សាយ ភាពយន្តថៃផងដែរ ។ ភាពយន្តថៃត្រូវបាន គេមើលឃើញថា ស្ថិតក្នុងចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីប្រជាពល រដ្ឋខ្មែរ ពិសេសបងប្អូនស្រី ។ ពួកគាត់ចូលចិត្តមើល តាមរយៈទូរទស្សន៍ VCD និងតាម Youtube ជាដើម៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh