(ភ្នំពេញ)៖ សំឡេងនៃបទស្មូត បានបន្លឺឡើងយ៉ាងរន្ធត់ចិត្ត ធ្វើឲ្យតារាចម្រៀងប្រុស ធ្លាប់តែមានស្នាមញញឹម មិនចេះរីងស្ងួត លោក ឈឿន ឧត្តម រួមនឹងក្រុមគ្រួសារ ហូរទឹកភ្នែកឥតឈប់ ខណៈដែលម្តាយជាទីស្រឡាញ់របស់លោក បានទទួលមរណភាព នៅព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៦នេះ ដោយរោគាពាធ។
បើតាមប្រភពពីមិត្តភក្តិ អ្នកសិល្បៈរួមអាជីព បានបង្ហោះភ្ជាប់ជាមួយសាររំលែកទុក្ខថា «សូមចូលរួមរំលែកទុក្ខម្តាយ លោក ឈឿន ឧត្តម ដែលបានមរណភាព នៅថ្ងៃនេះ(០១ ខែវិច្ឆិកា ឆ្នាំ២០១៦) »។ ប៉ុន្តែយ៉ាងណាមិញ មិនត្រូវបានប្រភពខាងលើនេះ បញ្ជាក់ឲ្យដឹងច្បាស់ទេថា ម្តាយតារាចម្រៀង លោក ឈឿន ឧត្តម ស្លាប់ដោយមូលហេតុជំងឺអ្វី និងមានអាយុប៉ុន្មាននោះទេ។
លោក ឈឿន ឧត្តម គេហទំព័រ Khmertalking នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មិនទាន់អាចទំនាក់ទំនងដើម្បីសួរនាំបាននៅឡើយទេ ខណៈមានមហាជនជាច្រើនបានផ្ញើសារសួរនាំ និងចូលរួមរំលែកទុក្ខនូវមហាទុក្ខ ដ៏ក្រៀមក្រំនេះផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង