CamNews

តារា 

ភិន សុដាលីស ៖ «ខ្ញុំនឹងត្រឡប់​ទៅផ្ទះវិញ ពេលមាន​ដំណោះ​ស្រាយល្អ»

ភ្នំពេញ៖ បន្ទាប់ពីឪពុករបស់នាង លោក អ៊ិន សុភិន បានប្រកាសក្តែងថា រៀបចំពាក្យបណ្តឹងប្តឹងទៅតុលាការរឿងដែលកូនស្រីរត់ចោលផ្ទះ ដោយជាប់មន្ទិលសង្ស័យថា មានអ្នកជាប់ពាក់ព័ន្ធពីក្រោយខ្នង បានត្រឹមតែមួយថ្ងៃ កូនស្រីរូបស្អាត ដែលអភ័ព្វស្នេហ៍ កញ្ញា ភិន សុដាលីស បានចេញមុខបកស្រាយថា នាងមិនបានរងសម្ពាធពីខាងណា ឬក៏ស្តាប់តាមការញុះញង់ ពីអ្នកណាឡើយ ហើយនាងក៏មិនបានរត់ចោលផ្ទះ ដូចការលើកឡើង របស់ឪពុកនាងដែរ ។

ក្រោយពីតារាសម្តែង ដែលគ្រងតំណែង ជាតួឯកបន្តកន្ទុយ កញ្ញា ភិន សុដាលីស ដោយអត់ទ្រាំនិងទង្វើឪពុកមិនបាននាងក៏សម្រេចចិត្ត ចេញមុខបកស្រាយ តាមបណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់ខ្លួននាងថា «អរគុណចំពោះការបារម្ភ របស់អ្នកទាំងអស់គ្នា ខ្ញុំមិនបានរត់ចេញពីផ្ទះនោះទេ ខ្ញុំមានការងារត្រូវធ្វើ ហើយក៏គិតថា ចេញមកក្រៅ ដើម្បីបន្ធូរអារម្មណ៏ និងអាចរកកន្លែងមួយស្ងប់ស្ងាត់ជាងនេះកុំបារម្ភពីខ្ញុំអី …»។

នៅក្នុងនោះ ដាលីស ក៏បានផ្ញើរសារ ទៅឪពុកនាងថា នាងអាចនឹងត្រឡប់មកផ្ទះ ដោយមិនចាំបាច់តាមរកឬ ដាក់ពាក្យប្តឹងទេដរាបណា មានដំណោះស្រាយ ហើយថែមទាំងបញ្ជាក់ថា គ្មានអ្នកជាប់ពាក់ព័ន្ធក្នុងរឿងនេះទេ ដោយនាងបាននិយាយថា «ខ្ញុំនឹងត្រលប់ទៅវិញ នៅពេលដែលរឿងនេះ មានដំណោះស្រាយរួចរាល់ ហើយខ្ញុំសូមបញ្ជាក់ថា ចំពោះការចាកចេញរបស់ខ្ញុំ មិនមានការពាក់ព័ន្ធនឹងអ្នកណាទាំងអស់នេះ ជាការសសម្រេចចិត្តរបស់ខ្ញុំ ដោយខ្លួនឯង សូមសំណូមពរ ដល់ប៉ាមេត្តាឈប់បង្ក បញ្ហាដល់អ្នកដទៃទៀតទៅ គ្មានអ្នកណាពាក់ព័ន្ធនឹងរឿងនេះទេ»។

សូមបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ ចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានទៅដាក់ពាក្យបណ្តឹងប្តឹង ទៅតុលាការ ក្រោយពីកូនស្រីបណ្តូលចិត្ត បានបាត់ចេញពីផ្ទះរយៈពេល៤ថ្ងៃ ដោយនៅក្នុងនោះ លោកបានដាក់ការសង្ស័យថា មានអ្នកនៅពីក្រោយខ្នង នៃការបាត់ខ្លួនកូនស្រី ហើយលោកក៏បានប្រកាសឲ្យដឹងផងដែរថា អ្នកដែលជាប់ពាក់ព័ន្ធ រឿងកូនស្រីបាត់ខ្លួននេះ និងត្រូវទទួលទោសតាមផ្លូវច្បាប់ ទៀតផង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh