CamNews

តារា 

ខេមរៈ សេរីមន្ត និងតារាល្បីៗនៅកម្ពុជា រួមគ្នាប្រគំតន្ត្រី អប់រំពីច្បាប់ចរាចរណ៍ នៅចុងឆ្នាំនេះ

ភ្នំពេញ៖ កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត លោក ខាន់ ជែមស៍ លោក ចាបចៀន និងកញ្ញា សូ ដានីតា  រួមនិងតារាល្បីៗជាច្រើនរូបនៅកម្ពុជា នឹងរួមគ្នាប្រគំតន្រ្តីមនុស្សធម៌មួយនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ  ដើម្បីផ្សព្វផ្សាយ និងអប់រំពីច្បាប់ចរាចរណ៍នៅចុងឆ្នាំ២០១៥នេះ។

ដោយសារសង្កេតឃើញកំណើនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនៅកម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ នោះ ក្រុមហ៊ុន Home Media បានចាប់ដៃសហការគ្នាជាមួយបណ្តាក្រសួងពាក់ព័ន្ធ និងក្រុមសិល្បករស្ម័គ្រចិត្ត  រៀបចំការប្រគំតន្ត្រីដ៏ធំមួយនៅចុងខែសីហា ឆ្នាំ២០១៥ខាងមុខនេះ ដើម្បីធ្វើការផ្សព្វផ្សាយស្តីពីគ្រោះថ្នាក់ចរាចរ នៅកម្ពុជា និងស្វែងរកនូវដំណោះស្រាយកាត់បន្ថយគ្រោះថ្នាក់ដ៏សាហាវនេះ។ នេះបើតាមការបញ្ជាក់របស់ លោក សាម៉ន បណ្ឌិត ប្រធានគម្រោងកម្មវិធីរបស់ Home Media នៅក្នុងសន្និសីទព័ត៌មានកាលពីរសៀលថ្ងៃ ចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០១៥។

សន្និសីទសារព័ត៌មានតន្ត្រីសប្បុរសធម៌តារាបៃតងកម្ពុជាឆ្នាំ២០១៥ ស្តីពី «រួមគ្នាគោរព និងអនុវត្តន៍ច្បាប់ចរាចរ ណ៍នៅកម្ពុជា» ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងព័ត៌មាន ដែលជាដៃគូសហការ ដោយមានការចូលរួមពី  បណ្តាក្រសួងពាក់ព័ន្ធ សិល្បករ សិល្បការិនី និងសិស្សនិស្សិតយ៉ាងច្រើនកុះករ។

លោក សាម៉ន បណ្ឌិត បានឲ្យដឹងថា ការប្រគំតន្ត្រីមនុស្សធម៌អប់រំពីច្បាប់ចរាចរណ៍ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី ២៨ សីហា ឆ្នាំ២០១៥ នៅសាលមហោស្រពកោះពេជ្រ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ផង ដែរ។ ជាពិសេសនៅមុនការប្រគំតន្ត្រីមួយថ្ងៃ នឹងមានយុទ្ធនាការផ្សព្វផ្សាយនៅតាមបណ្តាផ្លូវធំៗមួយចំនួននៅ ភ្នំពេញផងដែរ ដូចជាក្រុមសិល្បករជិះម៉ូតូលើកបដាផ្សព្វផ្សាយជាដើម។

អ្វីដែលពិសេសសម្រាប់ការប្រគំតន្ត្រីសប្បុរសធម៌មួយនេះ គឺកំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត លោក  ខាន់ ជែមស៍ លោក ចាបចៀន និងកញ្ញា សូ ដានីតា នឹងចូលរួមច្រៀង និងផ្សព្វផ្សាយព្រឹត្តិការណ៍មួយនេះ  ដោយមិនយកប្រាក់កម្រៃ។ ហើយកម្មវិធី ក៏ស្វាគមន៍ចំពោះវត្តមានសិល្បករដទៃទៀត សម្រាប់ការចូលរួមច្រៀង  និងសម្តែងនៅថ្ងៃទី២៨ សីហា ដើម្បីសកម្មភាពមនុស្សធម៌ផងដែរ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំមួយនេះ នឹងក្លាយ ជាវេទិកាផ្ញើសារដ៏មានសារសំខាន់ និងផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិសេសនោះជាឱកាស នៃ ការអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យចូលរួមគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍ទាំងអស់គ្នា ប្រយោជន៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ក៏បានសម្តែងការកោតសរសើរ ចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់តារាចម្រៀង ខេមរៈ  សេរីមន្ត ខាន់ ជែមស៍ ពិធីករ ចាប ចៀន និង កញ្ញា សូ ដានីតា ដែលបានចំណាយពេលវេលា និងថវិកាក្នុងការ ចូលរួមចំណែកជួយសង្គមផងដែរ។ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏សុំយកឱកាសនេះ ដើម្បីអំពាវនាវដល់ សិល្បករទាំងអស់ រួមចំណែកធ្វើការងារសង្គមផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh