CamNews

តារា 

អ៉ឹម ជីវ៉ា បំ​ផុស​ស្មារតី​យុវ​វ័យ ឲ្យ​ចូល​រួម​ការ​ងារ​សង្គម​ឲ្យ​បាន​ច្រើន ប្រ​សើរ​ជាង​ខូច​ចិត្ត​រឿង

(ភ្នំពេញ)៖ ក្នុងន័យដាស់តឿនស្មារតី ដល់យុវវ័យ និងជាគំរូល្អសម្រាប់សង្គម តារាសម្តែងប្រុស​ចូលចិត្តកិច្ចការងារ ជួយសង្គម តាមរយៈការចែករំលែកក្តីស្រឡាញ់ ដល់កុមារកំព្រា ចា​ស់​ជរា គ្មានទីពឹង ជនក្រីក្រ និងពិសេសតារាចាស់ៗ ដែលធ្លាក់ខ្លួនឈឺបាត់បង់សមត្ថ​ភាព លោក អ៉ឹម ជីវ៉ា បានបង្ហាញសង្គមមនុស្សធម៌ជាថ្មី និងបានបំផុសស្មារតីយុវវ័យ ឲ្យចេញធ្វើអំពើ​ល្អឲ្យបានច្រើន ប្រ​សើរជាងយកពេលទំនេរ គិតពីរឿងអត់ប្រយោជន៍ ឬខូចចិត្តស្នេហាតិចតូច ទៅសម្លាប់ខ្លួន។

ជាការកត់សម្គាល់តារាសម្តែង លោក អ៉ឹម ជីវ៉ា មួយរយៈពេលចុងក្រោយនេះ ត្រូវបាន​ទស្ស​និក​ជនមើលឃើញថា តារារូបនេះ ហាក់មានភាពសស្រាក់សស្រាំខ្លាំង លើសកម្មភាពមនុស្សធម៌​ជួយសង្គម។ មិនតែប៉ុណ្ណោះ កាលពីព្រឹកមិញនេះ តារាប្រុសលោក អ៉ឹម ជីវ៉ា បានបង្ហោះភ្ជា​ប់ ជា​មួយរូបភាពចែកសម្ភារៈ ចំណីអាហារ ព្រមជាមួយថវិកាខ្លះៗ ដល់ក្រុមតន្រ្តីជនពិការ នៅតាមបណ្តាភ្លើងស្តុបមួយចំនួន រួចសរសេរថា «ខ្ញុំមិនមែនជាអ្នកមានទេ អ្វីដែលខ្ញុំធ្វើ គឺចេ​ញពីទឹកចិត្តចែករំលែក ក្នុងនាមជាអ្នកក្រដូចគ្នា​!»។

លោក អ៉ឹម ជីវ៉ា បានលើកឡើងទៀតថា «ខ្ញុំជូនរបស់របរ និងថវិកាតិចតួចដល់បងៗ ដែលជាជ​នពិការ ដែលច្រៀងតាមភ្លើងស្តុបនានា ក្នុងរាជធានីភ្នំពេញ ក្នុងន័យចង់ប្រាប់ដល់ប្អូនៗ យុវវ័យទាំងអស់ឲ្យចេះ គិតពិចារណាឲ្យបានខ្ពស់ កុំខូចចិត្តរឿងស្នេហា ឬបាត់បង់ការតិចតួច ខូចចិត្តទៅសម្លាប់ខ្លួន កុំគិតខ្លីក្នុងរូបភាព​ណាមួយ ដែលធ្វើឲ្យក្រុមគ្រួសារ ពិបាកចិត្ត និងប៉ះពាល់ដល់សង្គម ដោយសារយើងម្នាក់ឯង!»។

តារាសម្តែង មានប្រជាប្រិយភាព លោក អ៉ឹម ជីវ៉ា បានបញ្ជាក់ទៀតថា «ប្អូនៗពិចារណាមើល បង​ៗគាត់ជាជនពិការភ្នែក ទាំងគូពិការដៃ ពិការ​ជើង តែពួកគាត់ នៅតែតស៊ូ ដើម្បីជិវិត ចុះប្អូនៗមួ​យ​ចំនួនមានផ្ទះ នៅមានម៉ូតូ ឡានជិះ មានសម្ភារៈល្អៗប្រើ ហេតុអ្វីប្អូនៗត្រូវអាដៃ អាជើង ឬចង់ស​ម្លាប់ខ្លួន ដោយសារតែស្នេហាបោកប្រាស់ ឬខាតការងារប៉ុណ្ណឹងនោះ?»។

«បើប្អូនគិតខ្លី ហាក់បីដូចមិនស្រឡាញ់​ឪពុកម្តាយអ៉ីចឹង ប្អូនៗអត់ស្នេហា អាចរកស្នេហាមួយថ្មីបាន តែបើប្អូនៗអត់ឪពុកម្តាយ ប្អូនៗមិនអាចរកថ្មីបានឡើយ។ បើមានដង្ហើម កុំអស់សង្ឃឹម នេះគ្រា​ន់តែគំនិតមួយជ្រុងតូច របស់បងទេ តែបើធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្អូនៗ បងសុំទោសទុក​ជាមុន!»។ នេះជាពាក្យសម្តីថ្លែងផ្តាំផ្ញើ បន្ថែមពីសំណាក់តារាប្រុស លោក អ៉ឹម ជីវ៉ា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chiva