CamNews

តារា 

វ៉ាត លីម៉េង ប្រកាសចង់ជួប វណ្ណ ម៉ូនីកា ដោះស្រាយ បញ្ចប់ជម្លោះ ហែកកេរ្តិ៍គ្នា

ភ្នំពេញៈ បន្ទាប់ពីគេហទំព័រ LookingTODAY បានធ្វើការចុះផ្សាយ អត្ថបទមួយ មានចំណងជើងថា «សមត្ថកិច្ចកោះអញ្ជើញ លោក វ៉ាត លីម៉េង ឲ្យចូលបំភ្លឺ តាមបណ្តឹងរបស់ វណ្ណ ម៉ូនីកា ពីបទគំរាមទម្លាយរូបស្រាត » កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅរួចមក ម្ចាស់សាម៉ីខ្លួន លោក វ៉ាត លីម៉េង ជាអ្នកដឹកនាំសម្ដែង បានចេញ មុខបកស្រាយច្រានចោលព័ត៌មាននោះថា ជារឿងបំភ្លៃគ្មានការពិត ។ មិនតែប៉ុណ្ណោះ លោកក៏ចង់ជួបផ្ទាល់ជាមួយ វណ្ណ ម៉ូនីកា ដើម្បីធ្វើការដោះស្រាយបញ្ចប់រឿង ។

អ្នកដឹកនាំសម្ដែង បទចម្រៀងក្នុងផលិតកម្មដ៏ល្បីមួយ លោក វ៉ាត លីម៉េង បានទូរស័ព្ទមកបកស្រាយ ប្រាប់គេហទំព័រកម្សាន្ត LookingTODAY កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ ម្សិលមិញនេះថា លោកមិនសប្បាយចិត្តទេ នៅពេលដែល វណ្ណ ម៉ូនីកា បន្តចុះផ្សាយ វាយប្រហារលោក ដើម្បីទាមទារការចាប់អារម្មណ៍ ពីទស្សនិកជននោះ ។ ហេតុដូច្នេះប្រសិនបើនាង មានឆន្ទៈចង់ធ្វើការដោះស្រាយ រឿងទាំងអស់នេះ ឲ្យបញ្ចប់ទៅ គឺគួរណាស់ តែមកជួបលោកដោះស្រាយ តាមផ្លូវច្បាប់ ដោយបើកចំហរក៏បាន លោកមិនខ្លាចទេ ។

លោក វ៉ាត លីម៉េង បានរៀបរាប់ឲ្យដឹងទៀតថា «គាត់(វណ្ណ ម៉ូនីកា) វាយប្រហារចោទ ប្រកាន់ខ្ញុំ គ្រប់បែបយ៉ាងនាពេលកន្លងមក តែខ្ញុំព្យាយាមខាំមាត់សង្កត់ចិត្ត មិនតបតទេ តែដល់យូរៗទៅគាត់កាន់តែចោទ ប្រកាន់ខ្ញុំខ្លាំង ឡើងៗរហូតដល់ថ្មីៗនេះ ហ៊ានចុះផ្សាយថា ខ្ញុំត្រូវបានសមត្ថកិច្ចកោះហៅ ទៅសួរនាំរហូតដល់ទៅ២ដងទៀត ដោយគ្រប់យ៉ាងចេញពីមាត់គាត់តែម្ខាង ។ ខ្ញុំមិនបានទទួលការកោះហៅ ណាមួយពីសមត្ថកិច្ច ទាល់តែសោះ ហើយបើសិនជាគាត់ (ម៉ូនីកា) មានលិខិតកោះហៅខ្ញុំ ណាមួយជួយបង្ហាញខ្ញុំផង ….» ។

អ្នកដឹកនាំការសម្តែងល្បីឈ្មោះរូបនេះ បានប្រាប់ឲ្យដឹងទៀតថា សម្រាប់លោកមិនដែល មានបំណងគេចវេសអីទេ គឺលោកអង្គុយ រង់ចាំតែដោះស្រាយ ជាមួយ ម៉ូនីកា ឲ្យដាច់ស្រឡះ ឆាប់ចប់ ដើម្បីកុំឲ្យគេយកឈ្មោះលោក ធ្វើជាឈ្នាន់ ជាន់ទៅរកភាពល្បីល្បាញ ព្រោះថាការចុះផ្សាយបែបនេះ គឺធ្វើឲ្យលោកខូចខាតកេរ្តិ៍ឈ្មោះ ។ ចំណែកខាងគេ (ម៉ូនីកា) គឺបែរជាត្រូវបានទស្សនិកជនស្គាល់ កាន់តែច្រើន និងល្បីតាមផ្លូវកាត់ទៀតផង ។

វ៉ាត លីម៉េង បានប្រាប់ឲ្យដឹងទៀតថា «សម្រាប់ការចុះផ្សាយលើកនេះ គាត់ធ្វើជ្រុលពេកហើយ ហេតុដូច្នេះ ខ្ញុំមិនអាចទ្រាំបានទេ ខ្ញុំត្រូវតែចេញមុខ រកយុត្តិធម៌ខ្លួនឯងខ្លះ ។ ម្យ៉ាងទៀត ខ្ញុំក៏ចង់ជួបនិយាយ ស្វែងរកដំណោះស្រាយជាមួយគាត់ តាមផ្លូវច្បាប់ និងជាសាធារណៈ ដោយមានអ្នកសារព័ត៌មាន ចូលរួមក៏បានដែរ ខ្ញុំមិនខ្លាច និងលាតត្រដាងការពិតនោះទេ ។ មួយទៀតខ្ញុំចង់ផ្តាំផ្ញើរថា ប្រសិនបើម៉ូនីកា នៅតែបន្តចុះផ្សាយ បង្ខូចកិត្តិយសរបស់ខ្ញុំទៀត ខ្ញុំនិងឲ្យមេធាវីខ្ញុំ ធ្វើតាមផ្លូវច្បាប់ហើយ ដោយមិនចាំបាច់ ឲ្យគាត់មកកោះហៅខ្ញុំទេ ។ ស្រួលមិនស្រួលខ្ញុំអាចហៅគាត់ មកដោះស្រាយមុនផង ក៏មិនដឹង ខ្ញុំមិនចង់អូសបន្លាយ ពេលវេលាយូរ ឬបន្តឲ្យកេរ្តិ៍ឈ្មោះ ខូចខាតទៀតទេ ព្រោះខ្ញុំមានឈ្មោះ និងមុខមាត់លេចធ្លោ គួរសមក្នុងពិភពសិល្បៈដែរ…» ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh