CamNews

តារា 

ងួន ចាន់ដេវិដ អ្នក​និពន្ធ​បទ​ភ្លេង​វ័យ​ក្មេង ធ្វើ​ឲ្យ​បទ​ចម្រៀង​ហង្ស​មាស កក្រើក​ពេល​ចូល​ឆ្នាំ

ភ្នំពេញ៖ ហាក់ខុសប្លែកពីបណ្ដាឆ្នាំមុន បទចម្រៀងអបអរសាទរបុណ្យ ចូលឆ្នាំប្រពៃណីជាតិ របស់ផលិតកម្មហង្សមាស ត្រូវបានគេចាក់ព្រោងព្រាត តាមខេត្តឆ្ងាយៗ ក៏ឮតែបទចម្រៀងរបស់ហង្សមាស ពិសេសបទចម្រៀង «ប៉ាដឹងប៉ាវ៉ៃ» បទ«ម៉ាក់ដឹងម៉ាក់វ៉ៃ» និងបទ «ពូកូមែន» ដែលត្រូវបានយុវវ័យចាក់រាំពេញភូមិ។ គ្រប់គ្នាសុទ្ធតែដឹងថា នេះជាស្នាដៃនិពន្ធទំនុកច្រៀងដោយ នាង ពេជ្រ សោភា តារាចម្រៀងស្រីចាស់វស្សាជាងគេ ក្នុងផលិតកម្មមួយនេះ ថ្វីត្បិតតែនាងជាអ្នកបញ្ចូលពាក្យពេចន៍ ក្នុងបទចម្រៀង តែអ្នកដែលធ្វើឲ្យផលិតកម្មនេះ កាន់តែឡើងកូដ គឺអ្នកនិពន្ធភ្លេងឯណោះទេ ព្រោះការនិពន្ធចម្រៀងពេលខ្លះ ត្រូវយកភ្លេងបូកជាមួយទំនុក ទើបសរសេរចេញ។
 
ស្ថិតក្នុងវ័យ២១ឆ្នាំ លោក ងួន ចាន់ដេវិដ ត្រូវបានគេស្គាល់ថា ជាតារារ៉េប ជំនាន់ថ្មី របស់ផលិតកម្ម ហង្សមាស តែលោកក៏ជាអ្នកនិពន្ធភ្លេង ដ៏អស្ចារ្យម្នាក់ផងដែរ ទោះលោកបញ្ចប់ការសិក្សា ត្រឹមតែថ្នាក់ទី១២មិនបានចូលមហាវិទ្យាល័យ ដូចយុវជនដទៃក្ដី ។ ដោយសារតែលោកមានចិត្ត ស្រឡាញ់វិស័យចម្រៀង ក៏ធ្វើគ្រប់បែបយ៉ាង ដើម្បីក្លាយជាអ្នកនិពន្ធម្នាក់។ លោកបានរសាត់អណ្ដែត ជាច្រើនកន្លែង មុនពេលបានមកដល់ ហង្សមាស ។
 
លោក ងួន ចាន់ដេវិដ បាននិយាយប្រាប់គេហទំព័រកំសាន្ត LookingTODAY ឲ្យដឹងថា សម្រាប់ការនិពន្ធបទចម្រៀងនេះមិនបានចូលរៀន នៅសាលាតន្ត្រីណាទេ លោករៀនតែតាម យូធូប ប៉ុណ្ណោះ ដោយសារតែចិត្តស្រឡាញ់តន្ត្រីពេកលោកមិនបានបន្តការសិក្សា នៅមហាវិទ្យាល័យ ព្រោះលោកមានក្ដីស្រមៃដ៏ធំនេះ ។ លោកព្យាយាមដើរទៅរកវា ទីបំផុត លោកធ្វើវាបាន សម្រាប់អាជីពអ្នកនិពន្ធបទភ្លេងនេះ ក៏មានឧបសគ្គខ្លះដែរ ដូចជា ត្រូវបានគេថា បទលោកស្រដៀងបទនេះ ស្រដៀងបទនោះ តែអ្វីគ្រប់យ៉ាងលោកធ្វើមិនត្រឹមតែបំពេញក្ដីស្រមៃរបស់ខ្លួនទេ តែលោកធ្វើដើម្បីមុខមាត់ខ្មែរ លើឆាកអន្តរជាតិ ។

លោក ងួន ចាន់ដេវិដ ត្រូវបានទស្សនិកជន ឲ្យតម្លៃថា ជាមនុស្សមានទេពកោសល្យមិនធម្មតាមែន ព្រោះអាយុស្របាក់ស្របាលគ្នា អ្នកខ្លះមិនទាន់អាចសម្រេច ភាពជោគជ័យបាននៅឡើយទេ តែលោកបានធ្វើដោយភាពអត់ធ្មត់ បំផុត បើទោះជាកន្លងមក ធ្លាប់មានអ្នកខ្លះ បោះពាក្យសម្ដីដាក់លោកថា លោកឆ្កួតជាមួយតន្ត្រីក៏ដោយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh