CamNews

តារា 

ប៉ែន ចំរ៉ុង ប៉ះ ភិន សុដាលីស លើកទី២

ភ្នំពេញៈ បន្ទាប់ពីតារាសម្តែងប្រុសស្រី លោក ប៉ែន ចំរ៉ុង និងកញ្ញា ភិន សុដាលីស បានទទួលការគាំទ្រ យ៉ាងច្រើនក្នុង ការរួមដៃគ្នាថតរឿង «អាព្រឿងងាប់ហើយ» នោះ ខាងផលិតកម្ម មហាហង្ស ក៏បានសម្រេចចិត្តថតរឿងថ្មីមួយទៀត ដោយជ្រើសរើសយក តារាសម្តែងទាំងពីរដួងនេះ មកសម្តែងក្នុងរឿងមួយទៀតមានចំណងជើងថា «ខ្មោចថតកុន» ដែលបានធ្វើពិធីក្រុងពាលី កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០១៥នេះ ដោយផលិតកម្មមានក្តីសង្ឃឹមខ្លាំងថា អាចនឹង ទទួលបានជោគជ័យ ក៏ដូចជាការគាំទ្រកាន់ តែច្រើនជាងរឿងមុនៗ ។

ការចាប់ដៃគ្នា សម្តែងរឿងថ្មីជាលើកទី២ រវាងតារាសម្តែង លោក ប៉ែន ចំរ៉ុង និងតារាស្រីរូបស្រស់ កញ្ញា ភិន សុដាលីស វបានម្ចាស់សាម៉ីខ្លួនបុរសសង្ហា លោក ចំរ៉ុង បានលើកឡើងថា «សម្រាប់ការសម្តែងរឿងនេះ គឺគ្មានអ្វីពិបាកឡើយព្រោះ ថាកន្លងមកខ្ញុំធ្លាប់ មានបទពិសោធន៍រួមការងារ ជាមួយតួស្រី និងក្រុមការងារម្តងរួចមកហើយ ហេតុដូច្នេះ ខ្ញុំរំពឹងថាការ ថតរឿងថ្មីលើកនេះ នឹងអាចទទួលបាន ការគាំទ្រច្រើនមិនចាញ់រឿងមុនទេ ពោលខ្ញុំមានសង្ឃឹមថាអាចទទួលបានជោគ ជ័យកាន់តែខ្លាំង ជាងមុនទៅទៀត…» ។

ដោយឡែក តារាស្រីវ័យក្មេងរូបស្រស់ កញ្ញា ភិន សុដាលីស បានប្រាប់ស្រដៀងគ្នាទៀតថា « ខ្ញុំមានបទពិសោធន៍ សម្តែងរឿងច្រើនមកហើយ។ ម្យ៉ាងវិញទៀតខ្ញុំក៏ធ្លាប់ បានសម្តែងរឿងជាមួយ បង ចំរ៉ុង ម្តងមកហើយ ក្នុងនោះសូម្បី តែអ្នកដឹកនាំរឿង និងតួសម្តែងក៏សុទ្ធសឹង ជាអ្នកមានបទពិសោធន៍ ហេតុដូច្នេះខ្ញុំគិតថា វាគ្មានការលំបាកទេ …» ។

សូមបញ្ជាក់ថា តាមការអះអាង ពីចាងហ្វាងផលិតកម្ម បានឲ្យដឹងថា រឿងនេះត្រូវចំណាយទុន ចន្លោះប្រមាណ ពី៤ទៅ ៦ ម៉ឺនដុល្លារ ដោយគុណភាពនៃរឿង ត្រូវបានសម្រិតសម្រាំង ឡើងយ៉ាងល្អ ព្រោះជាប្រភេទរឿងខ្នាតធំ ។ «ខ្មោចថត កុន» គ្រោងដាក់បញ្ចាំង នៅអំឡុងខែកក្កដា ឆ្នាំ២០១៥ ខាងមុខ តាមបណ្ដារោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ រឿង «ខ្មោចថតកុន» មានការចូលរួម សម្ដែងដោយ តារាល្បីៗ រូបមាន លោក ប៉ែន ចំរ៉ុង កញ្ញា ភិន សុដាលីស លោក សុវណ្ណគិរី លោក វណ្ណ មករា លោក ជីវ័ន្ត កញ្ញា លី ច័ន្ទសីហា លោក អូន ឧស្សាហ៍ លោក លឹម រដ្ឋា និងតារាល្បីៗជាច្រើន ដួងទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh