CamNews

តារា 

ដួង សុខគា ទម្លាយ​កំហឹង​ក្នុង​ចិ​ត្ត និង​បោះ​សំដី​ថា កម្ម​វិធី​សំណើច​តាម​ភូមិ និង​ផ្ទះ​លោក​តា លែង​មាន

(ភ្នំពេញ)៖ ដោយសារតែទ្រាំ និងពាក្យមាក់ងាយឈឺចាប់ លែងបាន ធ្វើឲ្យតារាពហុជំនាញ លោក ដួង សុខគា បញ្ចេញកំហឹងផ្ញើសារជះទៅលើ មនុស្សមួយចំនួន ដែលបានមើលងាយរូបលោក ព្រមទាំងបោះសំដីថា កម្មវិធី ផ្ទះលោកតា និងកម្មវិធី សំណើចតាមភូមិ លែងមានរូបលោកធ្វើជា ពិធីករទៀតហើយ ពោលទុកឲ្យអ្នកដែលមានសមត្ថភាព ពូកែជាងលោកធ្វើចុះ។

ពិធីករល្បីឈ្មោះ ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN លោក ដួង សុខគា ថ្មីៗនេះ បានបញ្ចេញ​សារ​គួឲ្យភ្ញាកផ្អើល ខណៈដែលលេចឮដំណឹងថា ត្រូវបានចាកចេញពីកម្មវិធី «ផ្ទះ​លោកតា»និង​«សំ​ណើចតាមភូមិ» របស់ទូរទស្សន៍ CTN ដោយត្រូវបានគេសន្និដ្ឋានថា អាចមានជម្លោះផ្ទៃក្នុងកើតឡើង។

បើផ្អែកតាមការសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ពិធីករប្រុសសម្បូរវោហាស័ព្ទ លោក ដួង សុខគា បានលើកឡើងថា «ខឹងណាស់គេមើលងាយ! មនុស្សដែលខ្ញុំធ្លាប់អប់រំ បែរជាមកមើលងាយខ្ញុំ ហើយមើលងាយទាំងពិធីហោមរោង សំពះគ្រូទៅទៀត ។ យើងអស់និ​ស្ស័​​យនឹងគ្នា​ត្រឹមហ្នឹងហើយ ប្អូន! ពីថ្ងៃនេះទៅកម្មវិធី ផ្ទះលោកតា និង កម្មវិធី សំណើចតាមភូមិ លែងមានខ្ញុំហើយ! នៅសល់តែស្តុកចាស់ ប៉ុណ្ណឹង! ទុកឲ្យជើងខ្លាំងគេធ្វើចុះ!»។

ទន្ទឹមគ្នានឹងការបង្ហោះយ៉ាងដូច្នេះ លោក ដួង សុខគា ក៏បានបញ្ជាក់បន្ថែម នៅលើបណ្តា​ញ​ស​ង្គមហ្វេសប៊ុករបស់ខ្លួន ឆ្លើយតបនឹងការជជីកសួរនាំពីមហាជនទៀតថា «ចង់បានយកចុះ ខ្ញុំឲ្យហើយ !»។

ការទម្លាយកំហឹងគួរឲ្យភ្ញាក់ផ្អើល ពុំធ្លាប់មាននេះ ត្រូវបានគេសន្និដ្ឋានបានយ៉ាងច្បាស់ថា លោក ដួង សុខគា កំពុងតែមានកំហឹងជាមួយនឹង ក្រុមការងារណា​ម្នាក់ ក្នុងកម្មវិធីទាំងពីរ​ខាងលើ ខណៈដែលកម្មវិធីទាំងអស់នេះ មានពិធីករ និងពិធីការិនី ដូចជា កញ្ញា ថន លក្ខិណា, កញ្ញា កែវ នីសា, លោក ប៊ីអាយជី,កញ្ញា លីឡា និងរូបលោកផ្ទាល់។ ប៉ុន្តែការបញ្ចេញកំ​ហឹងនេះ លោក ដួង សុខគា មិនបានសំដៅចំឈ្មោះ ដល់សមាជិករួមក្រុម ណាម្នាក់ឡើយ។

យ៉ាងណាមិញ​ Khmertalking នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាន​ព្យា​យាមទំនាក់ទំនង ដើម្បីសុំការសួរនាំបន្ថែម ពីពិធីករលោក ដួង សុខគា ​ប៉ុន្តែ​លេខ​​ទូរស័ព្ទ ដែលលោកធ្លាប់ប្រើមិនអាចភ្ជាប់ ទំនាក់ទំនងបានទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង