CamNews

តារា 

អ៊ីណូ ប្រកាសផ្តល់កាដូ លើកទឹកចិត្តដល់សិស្ស​ ប្រឡងជាប់និទ្ទេស A នៅក្នុងខេត្តបាត់ដំបង

ភ្នំពេញ៖ ខណៈដែលថ្ងៃនេះ ជាថ្ងៃដែលសិស្សប្រមាណ ជាង៥ម៉ឺននាក់ កំពុងតែចូលរួមប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) លើកទី២នោះ តារាចម្រៀង និងជាអ្នកនិពន្ធ ប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ដល់ សិស្ស ដែលមានឈ្មោះប្រឡងទាំងអស់ ដោយការផ្តល់ជាកាដូពិសេស ដល់បេក្ខជនប្រឡង ជាប់និទ្ទេស A សម្រាប់អ្នកនៅក្នុងខេត្តបាត់ដំបង ថែមទៀតផង ។

កាលពីពេលថ្មីៗនេះ តារាចម្រៀងលោក អ៊ីណូ មានឈ្មោះក្នុង Account Facebook ថា“Klar Sor” បានរំលេចសារមួយ ដែល សរសេរជាភាសាខ្មែរថា “ការប្រលងបាក់ឌុបលើកទី២ នឹងឈានមកដល់ហើយ ហើយក្នុងខណៈនេះ ក្នុងនាមខ្ញុំបាទ Eno ជាតារាចំរៀង និងជាអ្នកនិពន្ធប្រចាំ ផលិតកម្មសាន់ដេ ផងដែរនោះ ក៏ចង់ជំរាបជូន និងលើកទឹកចិត្តឱ្យប្អូនៗ ទាំងអស់គ្នា ប្រឹងប្រែងនិងត្រៀមខ្លួន ឱ្យបានជោគជ័យ នាសមរភូមិចុងក្រោយនេះ ! ជាមួយគ្នា នេះផងដែរ Eno មានកាដូស្តួចស្តើងសន្យានឹងផ្តល់ជូនទឹកចិត្តផ្ទាល់ ខ្លួនបន្តិចបន្តួច ជាកាតកោសទូរស័ព្ទ ចំនួន ២០$ ដល់ប្អូនៗណា ដែលរស់នៅខេត្តបាត់ដំបង ជាស្រុកកំណើត របស់ខ្ញុំបាទ ដែលសំរាប់ប្អូនៗណា ដែលទទួលជោគជ័យបាន និទ្ទេស A ”។
ក្នុងនោះលោក ក៏បានពន្យល់ ដល់បេក្ខជន ដែលបានប្រឡង ជាប់និទ្ទេស A ក្នុងការទាក់ទង មកលោក ដើម្បីយករង្វាន់ផងដែរ ថា “ ប្រសិនជាប្អូនៗ ដែលជាបេក្ខជនដឹងថា ខ្លួនប្រឡង ជាប់ហើយ បាននិទ្ទេស A ប្អូនអាចទទួលរង្វាន់នេះបាន ដោយគ្រាន់តែ ផ្ញើសារមកកាន់ Page ផ្ទាល់ខ្លួនរបស់ខ្ញុំបាទ ដោយ បញ្ជាក់ឈ្មោះ និងលេខរៀងប្រឡង លេខបន្ទប់ មណ្ឌលប្រឡង និងលេខទូរស័ព្ទផ្ទាល់ខ្លួន ខ្ញុំបាទនឹងទាក់ទងជូន រង្វាន់ភ្លាមៗ បន្ទាប់ពីបញ្ជាក់ថា ប្អូនជោគជ័យប្រាកដមែន”។

តារាប្រុសរូបនេះ ក៏បានបញ្ជាក់ប្រាប់ពីមូលហេតុ ក្នុងការផ្តល់រង្វាន់ សម្រាប់តែអ្នក ខេត្តបាត់ដំបង និងលើកទឹកចិត្ត ដល់សិស្ស ដែលប្រឡង នៅគ្រប់ខេត្តក្រុងផងដែរថា អធ្យាស្រ័យចំពោះទឹកចិត្តនេះ តែវាជាសន្តានចិត្ត របស់លោក ចំពោះប្អូនៗ ដែលរស់នៅ ក្នុងខេត្តបាត់ដំបង ដែលជាស្រុកកំណើត របស់លោក ហើយក៏សូមអធ្យាស្រ័យ ចំពោះប្អូនៗ មិត្តគាំទ្រ នៅខេត្តផ្សេងៗផងដែរ តែ Eno សូមលើកទឹកចិត្តប្អូនៗ ទាំងអស់គ្នា និងជូនពរឱ្យប្អូនៗ ទាំងអស់គ្នា ប្រឡងជាប់ ដោយជោគជ័យណា៎!!! Eno” ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh