CamNews

តារា 

មានដឹងទេថា ​​ម្ចាស់បទ «បុណ្យភូមិ» តារាចម្រៀង​ ពន្លឺ និងសុជាតិ​ ​មានប្រវត្តិជីវិតបែបណា?

(ភ្នំពេញ)៖ ភាពល្បីល្បាញនៃបទចម្រៀងរបស់ ក្មេងខ្មែរ បានធ្វើឲ្យមនុស្សជាច្រើន ចាប់ផ្តើមចង់ដឹង នូវខ្សែជីវិតតស៊ូរបស់ពួកគាត់ ដែលមានទេពកោសល្យ អាចនិពន្ធ និងច្រៀងរួមជាមួយគ្នាបានយ៉ាងល្អនោះ មានឈ្មោះពិត ប្រវត្តិពិត របស់អ្នកទាំងពីរ តើគាត់រៀនបានកម្រិតណា ស្រុកកំណើតនៅខេត្តណា ចេះនិពន្ធ និងច្រៀងតាំងពីពេលណា បានជួបឧបសគ្គ និងឆ្លងកាត់នូវភាពលំបាកបែបណាខ្លះ ទើបអាចក្លាយខ្លួន ជាតារាចម្រៀងវ័យក្មេងដូចសព្វថ្ងៃនេះ?

ខាងក្រោមនេះ ជាការលើកឡើង តាមរយៈបទសម្ភាសន៍តាមទូរស័ព្ទរវាង ក្រុមក្មេងខ្មែរ (កៅ ពន្លឺ,ជា សុជាតិ) និងក្រុមការងារ ម៉េកណូលា គីងកុ ភ្លឹស រយៈពេល១៥នាទី។

ពន្លឺ មានជំនាញខាងរ៉េប និពន្ធ និងមានអាយុ២៤ឆ្នាំ ស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រអក្សរសាស្ត្រអង់គ្លេស ឯកទេសគ្រូបង្រៀន នៅសកលវិទ្យាល័យ IFL ជាក្មេងដែលយកចិត្តទុកដាក់នឹងការរៀនសូត្រ ទំនេរពីការសិក្សាច្រៀងលេងកម្សាន្ត និងស្រម៉ៃថា ខ្លួននឹងក្លាយជាអ្នកចម្រៀងយុវវ័យម្នាក់។ សម្រាប់សិល្បៈវិញ «ខ្ញុំចូលចិត្តច្រៀងបែបរ៉េបខ្លាំងណាស់ តាំងពីតូចដល់ធំ ដើរទៅណាមកណា ខ្ញុំតែងតែរ៉េបរហូត ហើយឥឡូវនេះ ក្រៅពីច្រៀងរ៉េប ខ្ញុំក៏ខិតខំហ្វឹកហាត់ច្រៀងឲ្យកាន់តែល្អបន្ថែមទៀត។

រីឯ សុជាតិ ដែលមានជំនាញខាងច្រៀង និពន្ធ លេងហ្គីតា មានអាយុ២១ឆ្នាំ ស្រុកកំណើតនៅខេត្ត កំពង់ស្ពឺ ជាយុវជន យកចិត្តទុកដាក់នឹងការសិក្សា ស្វះស្វែងរៀនសូត្រ រហូតបានទទួលស្គាល់ជាសិស្សពូកែ ហើយគេមានចំណូលចិត្តហាត់រៀនលេងហ្គីតា តាំងពីអាយុ៨ឆ្នាំ ហើយសព្វថ្ងៃនេះ គេបានពង្រឹងបន្ថែម លើជំនាញច្រៀង និងរាំ ជាបន្តបន្ទាប់ ដូចនេះភាពជឿជាក់ និងឆន្ទៈដ៏មោះមុតរបស់អ្នកទាំងពីរ បានធ្វើឲ្យក្តីស្រម៉ៃរបស់ពួកគេ បានក្លាយជាការពិត។

សម្រាក់ការងារសិល្បៈសព្វថ្ងៃ ពួកគេបានឲ្យដឹងថា ពួកគេប្រឹងប្រែងខ្លាំងណាស់ ក្នុងការធ្វើការងារឲ្យស៊ីសង្វាក់គ្នា ពេលខ្លះក៏មានបញ្ហាទាស់យោបល់គ្នា តែមិនបានបោះបង់ចោលឆន្ទៈរួមនោះឡើយ ពួកគេព្យាយាមស្វែងយល់ពីគ្នា យោគយល់គ្នា និងគោរពស្រលាញ់គ្នា ព្រោះការសាមគ្គីជាធ្លុងមួយ ពិតជាកម្លាំងសំខាន់ ដើម្បីក្តីស្រម៉ៃរួម របស់គេទាំងពីរ។ ហើយអ្វីដែលអស្ចារ្យ នៅពីក្រោយបទចម្រៀងបុណ្យភូមិនេះ គឺពួកយើងបាននិពន្ធចម្រៀងនេះឡើង ដោយមានការចូលរួមពីមិត្តភ័ក្តិ យើងធ្វើចម្រៀងនេះឡើងទាំងអស់គ្នា ដើម្បីកែលម្អបទចម្រៀង «បុណ្យភូមិ» ។

អ្នកទាំងពីរ បានឲ្យដឹងផងដែរថា នៅឆ្នាំថ្មី២០១៧ខាងមុខនេះ ពួកគេ នឹងចេញបទចម្រៀងថ្មីៗ ហើយសង្ឃឹមថាបងប្អូន មិត្តយុវវ័យទាំងអស់នឹងចូលចិត្ត ហើយគាំទ្រពួកគេ ដូចបទបុណ្យភូមិ ផងដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីការសិក្សា និងសិល្បៈអ្នកទាំងពីរ ចូលចិត្តលេងកីឡា គេងឲ្យបានគ្រប់គ្រាន់ និងញ៉ាំ ទឹកដោះគោ គីងកុ ព្រោះដើម្បីថែទាំសុខភាព និងខួរក្បាលឲ្យបានល្អ ដើម្បីខិតខំរៀនសូត្រនិងធ្វើការ៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី