CamNews

តារា 

នាយ យ៉ាន ផ្អាកកំប្លែងលើឆាក ងាកមកកំប្លែង​​ ក្នុង​ខ្សែភាពយន្ត

ភ្នំពេញ៖ តារាកំប្លែង ធ្លាប់មានឈ្មោះ បោះសំឡេងគួរសម នៅក្នុងក្រុមកំប្លែង នាយ គ្រឿន គឺនាយ យ៉ាន ដែលជាជនជាតិបារាំង ប៉ុន្តែមកចូលរួម យ៉ាងសកម្មក្នុងវិស័យសិល្បៈខ្មែរ និងស្រឡាញ់ប្រជាពលរដ្ឋខ្មែរ រហូតដក់ចិត្តលែងចង់វិញទៅរស់នៅ ឯស្រុកកំណើតវិញ គួរឲ្យសរសើរ ពីវីរភាពនេះ បានបង្ហើបឲ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ លោកហាក់មានការឃ្លាតឆ្ងាយ ពីការសម្តែងកំប្លែង នៅលើឆាកក៏ពិតមែន តែមិនមែនមានន័យថា លោកបោះបង់សិល្បៈ ចោលទាំងស្រុងទេ ព្រោះពេលនេះ លោកបានងាកមក ស្រវាការងារ និងវាយលុកទីផ្សារ ថតភាពយន្តបែបកំប្លែងជំនួសវិញ។

នៅក្នុងកិច្ចសម្ភាសន៍ ដោយផ្ទាល់ជាមួយគេហទំព័រ LookingTODAY កាលពីរាត្រី យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤នេះ ក្នុងកម្មវិធី សម្ពោធខ្សែភាពយន្តរឿង “អាចារ្យ៣សាសន៍” តារាកំប្លែងជនជាតិបរទេស ប៉ុន្តែចេះនិយាយភាសាខ្មែរ បានយ៉ាងល្អ នាយ យ៉ាន បានប្រាប់ឲ្យដឹងថា ការកំប្លែង គឺជាការងារសិល្បៈ មួយ ដែលលោកស្រឡាញ់ពេញចិត្ត តាំងពីយូរណាស់មកហើយ ដោយការងារនេះ ក៏បាន ជួយជ្រោងកេរ្តិ៍ឈ្មោះរបស់លោក ឲ្យមានប្រជាប្រិយភាព រហូតដល់សព្វថ្ងៃនេះ ។ ដូច្នេះបើទោះជា លោកមិនបាន បង្ហាញវត្តមាននៅលើឆាក តែទស្សនិកជន អាចងាកមកទស្សនា ការសម្តែង នៅក្នុងរឿងជំនួសវិញ ។

នាយ យ៉ាន ដែលមានឈ្មោះពិតថា Yann Defond បានប្រាប់ឲ្យដឹងទៀតថា "ក្រៅពីការថតរឿង “អាចារ្យ៣សាសន៍” នេះ គឺខ្ញុំបានទទួលថតរឿង មួយចំនួនទៀត ដូចជារឿង “លង៧ថ្ងៃ” , “ព្រាយភ្នែក៤” និងរឿងមួយចំនួន ទៀត ដែលត្រៀមដាក់បញ្ចាំង នៅក្នុងពេលឆាប់ៗនេះ ដូចគ្នា ។ ក្រៅពីរឿងទាំងអស់នេះ ខ្ញុំក៏មានគម្រោងទទួលថតរឿង បន្តទៀត ដោយរឿងភាគច្រើន របស់ខ្ញុំ គឺសុទ្ធសឹងតែជាប្រភេទ រឿងកំប្លែងដូចគ្នា ទោះអត់បានឡើងឆាក ក៏ខ្ញុំនៅតែសម្ដែងកំប្លែង គ្រាន់តែមួយនៅលើ ទូរទស្សន៍ និងមួយទៀតនៅក្នុងរឿង គឺដូចជានៅដដែលទេ"។

ជាមួយគ្នានោះ តារាកំប្លែង មានវ័យជាង៣០ឆ្នាំរូបនេះ ក៏បានប្រាប់បន្ថែមទៀតថា សម្រាប់រឿង គឺលោកមិនមានការប្រកាន់ទេ ប្រភេទសាច់រឿងអ្វី ក៏លោកទទួលសម្តែងដែរ ឲ្យតែអ្នកដឹកនាំរឿង គិតថា លោកអាចធ្វើទៅបានហើយ ជាពិសេសប្រភេទរឿង បែបកំប្លែងៗ គឺត្រូវនឹងចំណូលចិត្ត និងជំនាញរបស់លោកខ្លាំងតែម្ដង ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh