(ព្រះសីហនុ)៖ បន្ទាប់ពីសួរនាំ រយៈពេលប៉ុន្មានម៉ោង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ នៅល្ងាចថ្ងៃដដែលនេះ បានសម្រេចបញ្ជូន លោក គៀង ហេង អតីតសង្សាររបស់ កញ្ញា ពេជ្រ អាវីហ្សា ទៅកាន់តុលាការខេត្តព្រះសីហនុហើយ ពាក់ព័ន្ធនឹងករណីវាយដំយ៉ាងធ្ងន់ធ្ងរ ទៅលើតារាស្រីរូបនេះ។ នេះបើតាមការបញ្ជាក់ពី លោក ជួន ណារិន្ទ ។
ចំពោះករណីនេះ គេសង្កេតឃើញថា កញ្ញា ពេជ្រ អាវីហ្សា ក៏បានទៅតុលាការខេត្តព្រះសីហនុ ជាមួយនឹង លោក គៀង ហេង ផងដែរ ខណៈដែលសមត្ថកិច្ចបញ្ជូនតែសំណុំរឿង និងជនសង្ស័យតែម្នាក់ ប៉ុណ្ណោះ។
លោក គៀង ហេង ដែលជាជនបង្ក និង កញ្ញា ពេជ្រ អាវីហ្សា ដែលជាជនរងគ្រោះ ត្រូវបានស្នងការនគរបាលខេត្តព្រះសីហនុ កោះហៅទៅសួរនាំនៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជុំវិញរឿងអំពើហិង្សា ដែលបណ្តាលឲ្យផ្អើលពេញបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយនានា ទោះបីជា លោក គៀង ហេង បានអះអាងថា គ្រួសារអ្នកទាំងពីរបានសម្រួលគ្នា ហើយកញ្ញា ពេជ្រ អាវីហ្សា មិនប្តឹងក៏ដោយ។
សូមបញ្ជាក់ថា តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា បានរងរបួសផ្ទៃមុខ ដោយដាច់រយៈនិងមានស្លាកស្នាមជាំលើដងខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយការប្រើអំពើហិង្សា ពីសំណាក់អតីតសង្សាររបស់នាង នាពីយប់ថ្ងៃទី១៣ខែវិច្ឆិកា នៅក្លិបកម្សាន្ត LV ក្នុងខេត្តព្រះសីហនុ ខណៈដែលនាងបានធ្វើដំណើរទៅកម្សាន្ត ក្នុងឱកាសបុណ្យអំទូកថ្ងៃទី១ជាមួយមិត្តភក្តិរបស់នាង។
ស្រីស្រស់ ពេជ្រ អាវីហ្សា បានលើកឡើងថា ស្នាមរបួសនេះបានកើតឡើង ដោយលោក គៀង ហេង ដែលជាអតីតសង្សារ បានមកស្ទាក់វាយនាងបណ្តាលឲ្យរបួស ហើយនាងក៏សម្រេចចិត្ត ទម្លាយរឿងនេះ មកឲ្យប្រិយមិត្តបានដឹង ដោយសារលោក គៀង ហេង បានវាយធ្វើបាបនាងជាច្រើនដងមកហើយ និងបានគំរាមកំហែងទៀត ព្រោះលោក ហេង មានកាំភ្លើងជាប់ខ្លួន។ អាវីហ្សា ក៏បានបញ្ជាក់ថា លោកគៀង ហេង គឺជាប្អូនថ្លៃរបស់លោកឧកញ៉ា ទ្រី ភាព ដែលជាឈ្មួញឈើដ៏ល្បី នៅស្រុកខ្មែរ។
កញ្ញា ពេជ្រ អាវីហ្សា បានអះអាងថា កាលពីនៅទាក់ទងគ្នា លោកគៀង ហេង ក៏ធ្លាប់វាយធ្វើបាបនាងផងដែរ ដល់ថ្នាក់មានរបួស ប៉ុន្តែនាងចេះតែទ្រាំ ដើម្បីកុំឲ្យខ្មាសគេ តែពេលនេះនាងទ្រាំលែងបានហើយ ព្រោះឈប់ទាក់ទងគ្នាហើយ នៅតែលោក គៀង ហេង មកលបស្ទាក់វាយដដែល និងនៅពេលជួបនាងម្តងៗ នៅទីកន្លែងណាក៏ដោយ ក៏លោក គៀង ហេង តាមរករឿងធ្វើឲ្យនាងខ្មាសគេ ដោយសារតែអាងបងថ្លៃ មានងារជាឧកញ៉ា។
ស្របពេលដែលមជ្ឈដ្ឋានអ្នកសិល្បៈទូទៅ បានសម្ដែងក្ដីអាណិតអាសូរ ចំពោះតារាសម្ដែងសិចស៊ី កញ្ញា ពេជ្រ អាវីហ្សា ដែលត្រូវបានអតីតគូស្នេហ៍ គឺលោក គៀង ហេង ប្រើហិង្សាលើរូបនាង បណ្ដាលឲ្យរងរបួស បែកមុខបែកមាត់ ជាំពេញខ្លួន និងបានទាមទារឲ្យ មានវិធានការតាមផ្លូវច្បាប់លើជនបង្ក ដែលបានប្រើអំណាច លើស្រ្តីទន់ខ្សោយនោះ ស្រាប់តែកញ្ញា ពេជ្រ អាវីហ្សា ដែលជាសាមីខ្លួនផ្ទាល់ បែរជាបញ្ជាក់ជំហរបស់ខ្លួនថា មិនបាច់ដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ ចំពោះខ្លួនឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង