CamNews

តារា 

អ្នក​គ្រប់​គ្រង​កម្ម​វិធី «I ​am a Singer Cambodia» ពន្យល់​ពី​មូល​ហេតុ តា​រា​ចម្រៀង​ធ្លាក់​ហើយ នៅ​តែ

(ភ្នំពេញ)៖​ កម្មវិធី «I ​am a Singer Cambodia» នៅតែបន្តធ្វើ​ និងមានទស្សនិកជនចូលទស្សនា ឡើងពេញណែន ក្នុងស្ទូឌីយូ ជារៀងរាល់សប្ដាហ៍ ​ស្ថិតនៅលើផ្សារទំនើប អេអន ម៉លភ្នំពេញ ហើយកាន់តែធ្វើឲ្យទស្សនិកជន ប្លែកភ្នែកទៀតផង។ ប៉ុន្តែអ្វីដែលទស្សនិកជន​មានចម្ងល់ ហើយគិតមិនយល់នោះ គឺវត្តមានតារាចម្រៀង ដែលបានធ្លាក់រួចទៅហើយ នៅតែបន្តមានវត្តមាន ឡើងមកច្រៀងក្នុងកម្មវិធីវិញដដែល ធ្វើឲ្យមានការយល់ច្រឡំថា កម្មវិធីនេះ អាចនឹងរកអ្នកទទួលជ័យលាភីមិនឃើញ។ 

ដើម្បីបកស្រាយចម្ងល់ថា ហេតុអ្វីបានជាតម្រូវឲ្យតារាចម្រៀង ដែលបានប្រឡងធ្លាក់រួចទៅហើយនោះ ត្រឡប់មកប្រឡងម្ដងទៀត លោក គង់ រចនា ផលិតករវ័យក្មេងរូប​ស្រស់សង្ហា​ ដែលកាន់កម្មវិធីធំៗ លំដាប់ថ្នាក់អន្តរជាតិជាច្រើន រួមមាន «The Voice Cambodia , Cambodian idol និង I am a singer Cambodia» ផងដែរនោះ ​បានថ្លែងមកកាន់ Khmertalking ថា មូលហេតុដែលតារាចម្រៀង ប្រឡងធ្លាក់ទាំង៧នាក់ នាំគ្នាមកប្រឡងម្ដងទៀត ក៏ព្រោះតែនេះ​ជាលក្ខខណ្ឌ​ នៃកម្មវិធីមកពីប្រទេស​កូរ៉េ ដែលបានផ្ដល់សិទ្ធិ​មកដល់ប្រទេសកម្ពុជា ខណៈកម្មវិធីតម្រូវឲ្យ តារាចម្រៀងដែលធ្លាក់ទាំងអស់ មកបញ្ចេញសមត្ថភាពម្ដងទៀត ដើម្បីឲ្យទស្សនិជនបានឃើញ និងបោះឆ្នោតឲ្យបន្ត​ទៅមុខទៀត។

លោកបន្តថា បេក្ខជន-បេក្ខនារី ​ជាតារាចម្រៀងអាជីពទាំង៧រូប ដែលធ្លាក់ពីជុំទី២ រហូតដល់ជុំទី៥ បាននាំគ្នាមកប្រកួតគ្នា ជាថ្មីក្នុងវិញ្ញាសារចង្វាក់កន្ទ្រឹម ហើយបេក្ខជន-បេក្ខនារី ដែលជាប់រួមមាន ផន ស្រីខួច, ឈិត សុវណ្ណបញ្ញ, និង នៅ ស៊ីនឿន។ សម្រាប់ថ្ងៃទី៨តែតុលាខាងមុខនេះ តារាចម្រៀងទាំង៧រូប រួមមាន លោក ដួង វីរៈសិទ្ធ, កញ្ញា សួស វីហ្សា,កញ្ញា វី ឌីណែត, លោក យក់ ដួងតារា, កញ្ញា ផន ស្រីខួច, កញ្ញា ឈិតសុវណ្ណបញ្ញា, លោក នៅ ស៊ីនឿន នឹងត្រៀមខ្លួនដើម្បីប្រកួតគ្នាយកពាន «I am a singer Cambodia» ក្នុងវិញ្ញាសារថ្មី ដែលលោកសុំលាក់សិន ព្រោះជាលក្ខខណ្ឌនៃកម្មវិធី។

កម្មវិធីប្រឡងតារាចម្រៀងអាជីព «I am a singer Cambodia» មានចំណុចវិជ្ជមាន និងអវិជ្ជមានជាច្រើន សម្រាប់អ្នកចូលរួម។ ចំណុចវិជ្ជមាន ធ្វើឲ្យតារាចម្រៀង​កាន់តែដឹងពីខ្លួនឯង​កាន់តែច្រើនថា ខ្លួនមានសមត្ថភាពច្រៀង​ បានប្រភេទបទចម្រៀងអ្វីខ្លះ នឹងធ្វើឲ្យពួកគេមានអ្នកគាំទ្រកាន់តែច្រើន ជាងមុនផងដែរ ពិសេស ផន ស្រីខួច នាងហាក់កាន់តែល្បី ព្រោះនាងមានសមត្ថភាពខ្លាំង។ ប៉ុន្តែចំណុចអវិជ្ជមាន គឺតារាចម្រៀងខ្លះ មានសមត្ថត្តភាពខ្លាំង តែខ្វះអ្នកបោះឆ្នោតធ្វើឲ្យ ទើបចាកចេញពីកម្មវិធី​ដូចជា លោក ហ្សូណូ ដែលលោកហាក់បាក់ទឹកចិត្តយ៉ាងខ្លាំង ក្រោយពីធ្លាក់ចេញពីកម្មវិធីនេះ រហូតបង្ហាញសារខូចចិត្ត ទៅកាន់ទស្សនិកជនជាសាធារណៈផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Iam singer Cambodia