CamNews

តារា 

ស្ថាន​ភាព​ជំងឺ​កូន​ប្រុស តារា​កំប្លែង​​នាយ ក្រឹម នៅ​មិន​ទាន់​​ធូរ​ស្បើយ

(ភ្នំពេញ)៖ ពិតជាគួរឲ្យអាណិតអាសូរជាខ្លាំង ខណៈដែលកូនប្រុសរបស់តារាកំប្លែងល្បីឈ្មោះ នៅក្នុងប្រទេសកម្ពុជា លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយក្រឹម នៅមិនទាន់បានធូរស្បើយនៅឡើយ ស្របពេលកំពុងទទួលបានការព្យាបាល អស់រយៈពេលជាច្រើនថ្ងៃ និងបន្តចេញទៅព្យាបាល នៅឯក្រៅប្រទេសបន្ថែមទៀត។

តាមរយៈ Account Facebook របស់តារាកំប្លែង ស្រីលាភ មានឈ្មោះថា «Oun Leap Good Luck» ដែលត្រូវបានគេស្គាល់ថា ជាភរិយាក្រោយរបស់នាយ ក្រឹម បានសរសេរបង្ហោះសារ នៅប៉ុន្មាននាទីមុននេះថា « សូមជំរាបជូនដំណឹង ដល់បងប្អូនជាបន្តទៀត មកដល់ថ្ងៃនេះជិត១សប្តាហ៍ហើយ ស្ថានភាពជំងឺរបស់កូនប្រុស នាយក្រឹម គឺមិនទាន់ជាសះស្បើយនៅឡើយទេ គឺអាការៈជំងឺ ដែលមានគីសនៅឆ្អឹងខ្នងនោះ ដុកទរ័បានធ្វើការបូមខ្ទុះរាល់ថៃ្ង ហើយបានពិនិត្យឃើញមានមេរោគរបេង ក្នុងនោះទៀត»

ក្នុង Account Facebook ដដែលបានសរសេរបន្តទៀតថា «មេរោគនិង(ហ្នឹង)វាធ្វើឲ្យរាតត្បាតដល់ក្រពះ ដែលមិនអាចញ៉ាំអីបាន ធ្វើឲ្យពេលញ៉ាំអីចូលទៅរាគផងក្អួតផង និងរាលដាលដល់សាច់ដុំឆ្អឹងខ្នង និងសួត តាមបញ្ជាពេទ្យ ត្រូវនៅតាមដានរយៈពេល១ខែបន្តទៀត រង់ចាំការព្យាបាលឲ្យជាសះស្បើយ!»

សូមបញ្ជាក់ថា កូនប្រុសរបស់តារាកំប្លែង នាយក្រឹម កំពុងតែសម្រាកព្យាបាល នៅក្នុងប្រទេសថៃ ខណៈដែលការចំណាយមានរហូតដល់ទៅ ជាង១ម៉ឺនដុល្លារឯណោះ ស្របពេលដែល នាយ ក្រឹម បានប្រមែប្រមូលលុយ ដែលមានទាំងប៉ុន្មាននៅក្នុងគ្រួសារ ដើម្បីទូទាត់ជូនដល់មន្ទីរពេទ្យ លើសេវាព្យាបាល ទម្រាំជាសះស្បើយ៕


ផ្តល់សិទ្ធិដោយ ៖​ ខ្មែរថកឃីង


Tags: Mr Kremlin