CamNews

តារា 

ទិត្យ វិច្ឆិកា ប្តឹងសារ ព័ត៌មាន​ក្នុង​ស្រុក​មួយ ទាម​ទារ​ជំងឺ​ចិត្ត ១​លាន​ដុល្លារ បើ​ចាញ់​ក្ដី​ដុត

ភ្នំពេញ៖ បន្ទាប់ពីមានបណ្តាញសារព័ត៌មានក្នុងស្រុកមួយបានធ្វើការចុះផ្សាយ ជាសាធារណៈកាលពីពេលថ្មីៗនេះ ស្ដែងពីជាឈុតឆាកដែលលោក ទិត្យ វិច្ឆិកា និងកញ្ញា ទឹម រដ្ឋា រួមជាមួយតារាផ្សេងទៀត បានសម្តែងឈុតកំប្លែងមួយ ប៉ុន្តែមិនទាន់បានមួយសប្តាហ៍ស្រួលបួលផង ស្រាប់តែតារាចម្រៀងបុរសមាឌធំ ទិត្យ វិច្ឆិកា បានចេញមុខប្រតិកម្មយ៉ាងខ្លាំង ទៅលើការចុះផ្សាយនោះថា ជាការមើលងាយ និងជាន់ឈ្លី កិត្តិយសរបស់លោក និងស្នើឲ្យមានការកែសម្រួល ជាប្រញាប់ បើមិនដូច្នេះទេ លោកនឹងដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីទាមទារសំណងជំងឺចិត្ត១លានដុល្លារ ជាក់ជាមិនខានឡើយ ។

នៅពេលថ្មីៗនេះ តារាចម្រៀងបុរសមាឌធំលោក ទិត្យ វិច្ឆិកា បានបង្ហាញឃ្លីបវីដេអូមួយ មានរយៈពេលជិត៧នាទី រៀបរាប់ពីអារម្មណ៍ ឈឺចាប់ក្នុងចិត្តរបស់លោក ដោយបើកចំហរថា ប៉ុន្មានថ្ងៃមុននេះ មានវេបសាយមួយបានធ្វើការ ចុះផ្សាយមើលងាយ កិត្តិយសរបស់លោក ដោយសរសេរថា «ប្អូនស្រី ទឹម រដ្ឋា មានសង្សារជាជនពាល ត្រូវខូចចិត្ត ជាលើកទី២» លោកចង់និយាយថា ពេលដែលលោកចូលរួម ក្នុងកម្មវិធីទូរទស្សន៍នោះ លោកមិនបានដឹងទេថា គេតម្រូវឲ្យលោកសម្តែង ជាតួបែបនោះ បើសិនជាដឹង លោកដាច់ខាត មិនសម្តែងឡើយ ព្រោះថា វាធ្វើឲ្យប៉ះពាល់ កិត្តិយស របស់លោកខ្លាំងណាស់ ។

លោក ទិត្យ វិច្ឆិកា បានរៀបរាប់ទាំងអារម្មណ៍ ឈឺចាប់ទៀតថា «ខ្ញុំនៅចាំថា កាលពីឆ្នាំ២០០៤ ខ្ញុំធ្លាប់ក្លាយជាតារា មួយដួង ដែលមានពន្លករះ លើវិថីសិល្បៈ តែដោយសារតែមានអ្នកឈ្នានីស ចង់ជាន់ឈ្លីខ្ញុំ កប់នឹងដី ក៏បានវាយប្រហារបំផ្លាញខ្ញុំ ដោយគេបានរិះគន់ថា ខ្ញុំបំផ្លាញបេតិកភណ្ឌជាតិគឺបទ សូរិយាអស្តង្គត ចុះផ្សាយវាយប្រហារខ្ញុំ ដោយមិនសំចៃដៃ ឆាកជីវិតខ្ញុំ នៅលើវិថីសិល្បៈ ត្រូវបានឆារចោល ខ្ញុំត្រូវរស់នៅប្រៀបដូចជា មនុស្សសំរាមសម្ងំ នៅក្នុងព្រៃភ្នំវេទនា ជាមួយកងទ័ព អស់ពេល១០ឆ្នាំ ។ តែដល់ឆ្នាំ២០១៥នេះ គ្រាន់តែខ្ញុំចេញមុខក្នុងកម្មវិធីទូរទស្សន៍បន្តិច ក៏ស្រាប់តែមានការរិះគន់ថា ខ្ញុំជាក្មេងពាលទៀត» ។

ម្ចាស់បទ «សូរិយាអស្តង្គត» រូបនេះបានរៀបរាប់ ដោយចោទជាសំណួរទៀតថា លោកចង់ចូលរួមលុបបំបាត់ការ យកបទចម្រៀងពីបរទេស មកច្រៀង ឈប់ចម្លងពីគេ ហើយពេលនោះ លោកក៏បានស្នើទៅខាងម្ចាស់ ផលិតកម្ម យកបទដូនតា (សូរិយាអស្តង្គត) មកច្រៀង តែគេបែរជាវាយប្រហារ លោកមិនសំចៃដៃ ជាន់ឈ្លី លោករហូតមិន អាចងើបឈរបាន ។ តែអ្វីដែលលោកឆ្ងល់ គឺពេលដែល តារាជំនាន់ក្រោយ គេចម្លងបទបរទេស មកច្រៀងរងការរិះគន់ប្រមាថ មើលងាយ ពីប្រទេសជិតខាង តែគេបែរជាក្លាយជាតារាល្បីហេតុអីទៅ?...។

លោក ទិត្យ វិច្ឆិកា បាននិយាយដោយកំហឹងបូករួម ជាមួយអារម្មណ៍ឈឺចាប់ទៀតថា «ខ្ញុំពិតជាឈឺចាប់ណាស់ ហេតុអីគេ នៅតែចាំបំផ្លាញខ្ញុំ គ្រប់ដង្ហើមបែបនេះ តែខ្ញុំសុំប្រកាសថា ខ្ញុំឈប់ទន់ជ្រាយទៀតហើយ ដូច្នេះខ្ញុំចង់ ផ្តាំទៅសារព័ត៌មាននោះថា គេត្រូវចាំបាច់ធ្វើការ កែសម្រួលអត្ថបទ និងចំណងជើងគេ ឲ្យបានកាន់តែឆាប់ ខ្ញុំទុកពេលឲ្យរហូត ដល់ចូលឆ្នាំខ្មែររួច បើមិនកែទេ ខ្ញុំនឹងដាក់ពាក្យបណ្តឹង ទៅតុលាការពីបទ "បរិហារកេរ្តិ៍ខ្ញុំ ធ្វើឲ្យខ្ញុំខូចកិត្តិយស" ហើយខ្ញុំនឹងទាមទារសំណងជំងឺ ចិត្ត១លានដុល្លារ ហើយបើសិនជា ខ្ញុំចាញ់ក្តីនេះ រងភាពអយុតិ្តធម៌ ខ្ញុំនឹងចាក់សាំងដុតខ្លួនឯង ខ្ញុំនិយាយមែនទែន ព្រោះថា ខ្ញុំពិតជាមានអារម្មណ៍ឈឺ ចាប់ខ្លាំងណាស់» ៕

* បញ្ជាក់ ៖ ទីនេះ មានវីដេអូ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh